ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយផ្ទាល់កាលពីថ្ងៃពុធ នៅឯគម្រោងផ្លូវដែកដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិក។ ការណ៍ នេះបង្ហាញការបញ្ចូលគ្នានូវសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនរបស់លោកចំពោះផ្លូវដែក និងបំណងប្រាថ្នារបស់លោកក្នុងការបន្សល់ទុកនូវកេរដំណែលនៅទ្វីបអាហ្វ្រិក ដែលនឹងនៅគង់វង្សហួសពីរដ្ឋបាលរបស់លោក។
Lobito Corridor គឺជាខ្សែរថភ្លើងប្រវែង ១.៣០០គីឡូម៉ែត្រ ដែលលាតសន្ធឹងពីប្រទេសសំប៊ី ដែលសម្បូរទៅដោយទង់ដែង ទៅកាន់កំពង់ផែ Lobito ភាគនិរតីនៃប្រទេសអង់ហ្គោឡា។ ផ្លូវដែកនេះមានបំណងបង្កើតជា «ច្រករបៀងសេដ្ឋកិច្ចយុទ្ធសាស្ត្រ» ក្រោមភាពជាដៃគូរបស់រដ្ឋបាលលោក Biden សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគសាកល ដែលជាគំនិតផ្តួចផ្តើមមួយសំដៅប្រឆាំងនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ដែលបង្កើតឡើងបានយ៉ាងរឹងមាំដោយប្រទេសចិន។ រហូតមកដល់ពេលនេះ រដ្ឋបាលលោក Biden និយាយថា ខ្លួនបានប្តេជ្ញាផ្តល់ថវិកាជិត៤ពាន់លានដុល្លារចំពោះគម្រោងនេះ។
នៅរដ្ឋធានីលូអង់ដានៃប្រទេសអង់ហ្គោឡាកាលពីថ្ងៃអង្គារ លោក Biden បានជំរុញគម្រោងនេះ ដោយសារសេចក្តីស្រឡាញ់របស់លោកចំពោះផ្លូវរថភ្លើងដឹកអ្នកដំណើរ។ លោកបាននិយាយថា ពេលលោកជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកបានធ្វើដំណើរជាញឹកញាប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនពីទីក្រុង Wilmington រដ្ឋ Delaware ដែលមានចម្ងាយជិត៣៤០គីឡូម៉ែត្ររាល់ការធ្វើដំណើរម្តងៗ។
លោក Biden បាននិយាយទៅទស្សនិកជនដែលបានប្រមូលផ្តុំគ្នាដើម្បីស្តាប់លោកនិយាយនៅឯសារមន្ទីរទាសកររបស់ប្រទេសអង់ហ្គោឡាថា៖ «ខ្ញុំសូមប្រាប់ត្រង់ទៅកាន់សារព័ត៌មានអាមេរិកាំងនៅទីនេះ ខ្ញុំប្រហែលជាបុរសដែលគាំទ្រផ្លូវដែកបំផុតនៅអាមេរិក»
លោក Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងវិនិយោគទឹកប្រាក់ចំនួន ៦០០ លានដុល្លារបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងការអភិវឌ្ឍបន្ថែមទៀតនូវខ្សែរថភ្លើង Lobito Corridor។
លោកបាននិយាយថា៖ «សហរដ្ឋអាមេរិកយល់ថារបៀបដែលយើងវិនិយោគនៅអាហ្វ្រិកគឺមានសារៈសំខាន់ដូចគ្នានឹងចំនួនដែលយើងវិនិយោគនៅទ្វីបអាហ្វ្រិក»៕
វេទិកាបញ្ចេញមតិ