ក្រុមអន្តរកាលរបស់លោក Joe Biden ដែលគេសន្មតថា ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី២៣ ខែវិច្ឆិកាថា លោកបានជ្រើសតាំងអ្នកការទូតជើងចាស់របស់ស.រ.អ គឺអ្នកស្រី Linda Thomas-Greenfield ឱ្យចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ក្នុងឋានៈជាឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំ អង្គការសហប្រជាជាតិ (អ.ស.ប.)។ តំណែងនេះ តម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភា។
អ្នកស្រី Linda Thomas-Greenfield បានធ្វើការនៅក្នុងរដ្ឋបាលប្រជាធិបតេយ្យ និងរដ្ឋបាលសាធារណរដ្ឋក្នុងរយៈពេល៣៥ឆ្នាំនៃអាជីពរបស់អ្នកស្រីនៅក្រសួងការបរទេសស.រ.អ។ ក្នុងឋានៈជាអ្នកជំនាញខាងកិច្ចការទ្វីបអាហ្រិ្វក អ្នកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំប្រទេសលីបេរីយ៉ា (Liberia) ហើយអ្នកស្រីបានកាន់មុខតំណែងក្នុងប្រទេសកេនយ៉ា (Kenya) ប្រទេសហ្គំប៊ី (Gambia) និងប្រទេស នីហ្សេរីយ៉ា (Nigeria)។ នៅពេលលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតី អ្នកស្រីបានបម្រើការជាឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការិយាល័យកិច្ចការអាហ្រិ្វក ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដោយអភិវឌ្ឍ និងចាត់ចែងគោលនយោបាយរបស់រដ្ឋាភិបាលក្រុង Washington ចំពោះតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្រិ្វក។ អ្នកស្រី ក៏បានធ្វើការក្នុងនៅទីក្រុង Geneve ដែរ នៅឯស្ថានបេសកកម្មស.រ.អ ប្រចាំអ.ស.ប។
អ្នកស្រី Linda Thomas-Greenfield ជាអ្នកចាត់ចែងកិច្ចការជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសស.រ.អ ដែលនៅទីនោះអ្នកស្រី បានបម្រើការជាអគ្គនាយិកានៃសេវាការបរទេសនិងជានាយិកានៃការិយាល័យបុគ្គលិកពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ដោយចាត់ចែងកិច្ចការទាក់ទិននឹងបុគ្គលិក៧ម៉ឺននាក់របស់ក្រសួងនេះ។
អ្នកស្រី បានសរសេរលើបណ្តាញសង្គម Tweeter កាលពីថ្ងៃអង្គារថា អ្នកស្រី«មានសំណាងសម្រាប់ឱកាសនេះ»។
អ្នកការទូតយូរយាររូបនេះ បានសរសេរលើបណ្តាញសង្គម Tweeter ទៀតថា «ខ្ញុំមានបុព្វសិទ្ធិក្នុងការកសាងទំនាក់ទំនងជាមួយពួកមេដឹកនាំនៅទូទាំងពិភពលោកក្នុងពេល៣៥ឆ្នាំ កន្លងទៅនេះ។ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំអ.ស.ប ខ្ញុំនឹងធ្វើការដើម្បីធ្វើឱ្យមានឡើងវិញនូវគោលជំហររបស់ប្រទេសអាមេរិកក្នុងពិភពលោកនិងរៀបចំឱ្យមានទំនាក់ទំនងជាថ្មីជាមួយពួកសម្ព័ន្ធមិត្តរបស់យើង»។
កាលពីពេលមុននោះ អ្នកស្រី Linda Thomas-Greenfield បានសរសេរលើបណ្តាញសង្គម Tweeter ថា «ម្តាយអ្នកស្រី បង្រៀនអ្នកស្រីឱ្យធ្វើការដឹកនាំដោយចិត្តសប្បុរសនិងចិត្តមេត្តាករុណា ហើយអ្នកស្រី នឹងយកស្មារតីនេះទៅកាន់បេសកកម្មអ្នកស្រីនៅអ.ស.ប. ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា»។
ពួកអតីតសហសេវិក ក៏បានឆ្លើយតបនឹងការជ្រើសរើសអ្នកស្រីជាមួយការជ្រើសតាំងលោក Anthony Blinken ជំនួយការខាងគោលនយោបាយការបរទេសយូរយារមកហើយរបស់លោក Biden ជាជម្រើសរបស់លោកសម្រាប់ឱ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។
លោកអតីតឯកអគ្គរដ្ឋទូតស.រ.អ Jeffrey Feltman បាននិយាយប្រាប់វីអូអេថា ការជ្រើសរើសអ្នកស្រី Thomas-Greenfield ដែលមានគេ«គោរពច្រើន»ជាជម្រើស«ល្អត្រចះត្រចង់»ហើយក៏អាចជាការលើកទឹកចិត្តធំមួយដល់ពួកមន្ត្រីទូតប្រចាំអាជីព។ លោក Jeffrey Feltman ដែលជាប្រធានខាងនយោបាយនៅអ.ស.ប ពីឆ្នាំ២០១២ដល់២០១៨ បានថ្លែងថា លោកបានឃើញអ្នកស្រី Thomas-Greenfield ធ្វើសកម្មភាពច្រើនដងមកហើយ។
លោកបាននិយាយថា «ខ្ញុំបានឃើញ Linda និយាយជាមួយពួកមនុស្សនៅក្នុងសន្និសីទកំពូលសហភាពអាហ្រ្វិក។ អ្នកស្រីមានសមត្ថភាពនិងប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការជំរុញរបៀបវារៈអ្នកស្រីជាមួយពួកមេដឹកនាំអាហ្រ្វិក៥៤នាក់។ អ្នកស្រី បានបង្កើនរបៀបដោះស្រាយខាងការទូតរបស់អ្នកស្រីជាមួយការយល់ចិត្ត និងភាពកក់ក្តៅ។ ខ្ញុំយល់ថា អ្នកស្រីប្រាកដជាប៉ិនប្រសប់ក្នុងការស្តារឡើងវិញនូវភាពជាមេដឹកនាំរបស់ស.រ.អ នៅអ.ស.ប និងលើកកម្លាំងអ.ស.ប និងសម្ព័ន្ធភាពពហុសាសន៍របស់យើងសម្រាប់ពុះពារឧបសគ្គនៅពេលសព្វថ្ងៃនេះ»។
លោក Biden ដែលជាប្រធានាធិបតីដែលគេសន្មតថាជាប់ឆ្នោត បានលើកតម្កើងតំណែងឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប ជាតំណែងស្មើនឹងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី។ លោកប្រធានាធិបតី Trump បានធ្វើការជ្រើសរើសអ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូតទីមួយរបស់លោកប្រចាំអ.ស.ប ឱ្យក្លាយជាសមាជិកាម្នាក់នៃគណៈរដ្ឋមន្ត្រី តែលោកមិនបានបង្កើនឋានៈអ្នកស្រី Kelly Craft ជាប្រេសិតបច្ចុប្បន្នរបស់លោកទេ។
ដំណើរជីវិតដំបូងៗ
អ្នកស្រី Linda Thomas-Greenfield បានកើតនៅឆ្នាំ១៩៥២ ក្នុងរដ្ឋ Louisiana នាប៉ែកខាងត្បូងស.រ.អ។ អ្នកស្រី ជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ហើយអ្នកស្រីមានបងប្អូន៨នាក់។ អ្នកស្រីបាននិយាយថា ឳពុកអ្នកស្រី បានឈប់រៀននៅថ្នាក់ទីបី ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី បាននិយាយអំពីឳពុកអ្នកស្រីនៅក្នុងកម្មវិធី TED Talk កាលពីឆ្នាំទៅថា «ឳពុកខ្ញុំមិនចេះអាននិងសរសេរទេ តែលោកជាមនុស្សឆ្លាតបំផុតដែលខ្ញុំបានស្គាល់»។
អ្នកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា ម្តាយអ្នកស្រី ក៏មានការសិក្សាអប់រំមានកម្រិតដែរ តែចិត្តល្អ។ បន្ថែមលើការចិញ្ចឹមពួកកួនរបស់អ្នកស្រីផ្ទាល់ អ្នកស្រី បានយកបងប្អូន៨នាក់ ដែលបាត់បង់ម្តាយឱ្យមកនៅជាមួយគ្នាដើម្បីកុំឱ្យបែកខ្ញែកគ្នា។
អ្នកស្រី Thomas-Greenfield បានពោលថា «ខ្ញុំគ្មានមនុស្សជាគម្រូពីជោគជ័យនិងមានការសិក្សាខ្ពស់ក្នុងជីវិតខ្ញុំទេ តែអ្វីដែលខ្ញុំមាន គឺខ្ញុំមានសេចក្តីសង្ឃឹម និងការប៉ងប្រាថ្នារបស់ម្តាយខ្ញុំ ដែលបានបង្រៀនខ្ញុំកាលពីក្មេងថា ខ្ញុំអាចប្រឈមនឹងឧបសគ្គ ឬភាពមិនអនុគ្រោះនៅក្នុងមាគ៌ារបស់ខ្ញុំដោយមានចិត្តមេត្តាករុណានិងមានចិត្តល្អ»។
អតីតឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អរូបនេះ បានធំដឹងក្តីនៅក្នុងសម័យទាមទារសិទ្ធិពលរដ្ឋ ហើយអ្នកស្រី បានទទួលសញ្ញាបត្រពីវិទ្យាល័យមួយដែលមានការបែងចែកជាតិសាសន៍។ អ្នកស្រី បានបន្តការសិក្សាក្នងសាកលវិទ្យាល័យរដ្ឋ Louisiana ដែលបានត្រូវបង្ខំឱ្យទទួលពួកនិស្សិតស្បែកខ្មៅដោយបញ្ជាតុលាការ។
អ្នកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា អ្នកស្ រីបានប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ហើយបានកត់សម្គាល់ថា លោក David Duke អតីតមេដឹកនាំនៃពួកឧត្តមភាពជនស្បែកស Ku Klux Klan ក៏ជានិស្សិតម្នាក់ក្នុងសាកលវិទ្យាល័យរដ្ឋ Louisiana ដែរ នៅពេលអ្នកស្រីរៀននៅទីនោះ ហើយបានចាប់ផ្តើមផ្សព្វផ្សាយសម្អប់រួចទៅហើយ។
កាលពីឆ្នាំ២០១២ សាកលវិទ្យាល័យរដ្ឋ Louisiana បានសុំឱ្យអ្នកស្រីថ្លែងសុន្ទរកថានៅពេលប្រគល់សញ្ញាប័ត្រឱ្យក្រុមនិស្សិត។
អ្នកស្រីបាននិយាយថា «ខ្ញុំអរគុណសាកលវិទ្យាល័យនេះ ដែលបានផ្តល់ឲ្យខ្ញុំនូវបទពិសោធន៍ ដែលបានធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សមានជោគជ័យ។ ភាពមិនអនុគ្រោះជាប្រភពមួយនៃភាពរឹងប៉ឹង»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ