ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​លើកលែង​ទោស​ឱ្យ​កូនប្រុស​ខ្លួនឯង


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​កូនប្រុស​គឺ​លោក Hunter Biden ​នៅ​សន្និបាតជាតិ​គណបក្ស​ប្រជាធិបតេយ្យនៅ​ទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី​១៩ សីហា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​កូនប្រុស​គឺ​លោក Hunter Biden ​នៅ​សន្និបាតជាតិ​គណបក្ស​ប្រជាធិបតេយ្យនៅ​ទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី​១៩ សីហា ឆ្នាំ២០២៤។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា​លោក​បាន​លើកលែង​ទោស​ដល់​កូនប្រុស​របស់​លោក​គឺ​លោក Hunter Biden ដែល​កំពុង​ប្រឈម​ការ​កាត់ទោស​ក្នុង​ខែ​នេះ​ក្នុង​សំណុំរឿង​សហព័ន្ធ​ចំនួន ២។

កន្លងមក លោក Biden បាន​ប្តេជ្ញា​ថា​លោក​នឹង​មិន​ធ្វើ​បែបនេះ​ទេ តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ លោក​ថា​លោក​ធ្វើ​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​ហៅថា​ជា​ការ​កាត់ទោស​បែប​សម្រាំង​និង​អយុត្តិធម៌។

លោក Biden បាន​និយាយ​ថា៖ «បទចោទ​ក្នុង​សំណុំរឿង​ទាំងនេះ​បាន​ធ្វើឡើង​តែ​បន្ទាប់ពី​គូ​បដិបក្ខ​នយោបាយ​របស់​ខ្ញុំ​ជាច្រើន​នៅក្នុង​សភា​បាន​បង្ក​ឱ្យ​មាន​សំណុំរឿង​ទាំងនេះ​កើតឡើង​ដើម្បី​វាយ​ប្រហារ​ខ្ញុំ​និង​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​រូប​ខ្ញុំ​តែ​ប៉ុណ្ណោះ»។

លោក Hunter ត្រូវបាន​កាត់ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ចំនួន ៣ កាលពី​ខែ​មិថុនា​ចំពោះ​ការ​ទិញ​កាំភ្លើង​មួយ​ដើម​នៅ​ឆ្នាំ ២០១៨។ រដ្ឋអាជ្ញា​ថា​លោក Hunter បាន​អះអាង​មិន​ត្រឹមត្រូវ​លើ​ឯកសារ​សហព័ន្ធ​ថា​មិន​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​ឬ​ញៀនថ្នាំ​នោះទេ។ លោក Hunter ក៏​បាន​ទទួលស្គាល់​កំហុស​ផងដែរ​ក្នុង​សំណុំរឿង​មួយ​ដែល​លោក​ត្រូវបាន​ចោទ​ប្រកាន់​ថា​មិន​បាន​បង់​ពន្ធ​យ៉ាងតិច ១ លាន ៤ សែន​ដុល្លារ។

កាលពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី Biden បាន​លើកលែង​ទោស​ដល់​លោក Hunter ក្នុង​សំណុំរឿង​ទាំងពីរ ព្រមទាំង​បទល្មើស​ណា​ក៏ដោយ​ដែល​លោក Hunter «បាន​ប្រព្រឹត្ត​ឬ​ប្រហែល​ជា​បាន​ប្រព្រឹត្ត​ឬ​ចូលរួម» ចន្លោះ​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៤ ដល់​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៤។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​លោក​សង្ឃឹម​ថា «ពលរដ្ឋ​អាមេរិក​នឹង​យល់​ពី​មូលហេតុ​ដែល​ឪពុក​និង​ប្រធានាធិបតី​ម្នាក់​សម្រេចចិត្ត​ធ្វើ​បែបនេះ»។

លោក Biden បាន​និយាយ​ថា៖ «ក្នុង​អាជីព​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ធ្វើតាម​គោលការណ៍​សាមញ្ញ​មួយ​ដែល​នោះ​គឺ​ប្រាប់​ការណ៍ពិត​ដល់​ពលរដ្ឋ​អាមេរិក។ ពួកគេ​នឹង​យល់​ដោយ​មិន​លំអៀង។ ការណ៍ពិត​នោះ​គឺ​ថា ខ្ញុំ​ជឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ តែ​ពេល​ខ្ញុំ​ត្រូវ​ជួប​រឿង​នេះ​ខ្លួនឯង ខ្ញុំ​ក៏​ជឿ​ផងដែរ​ថា​នយោបាយ​សុទ្ធសាធ​បាន​ប៉ះពាល់​ដល់​ដំណើរការ​នេះ ហើយ​វា​បាន​នាំ​ឲ្យ​មាន​ការ​អនុវត្ត​យុត្តិធម៌​មិន​ត្រឹមត្រូវ។ ពេល​ខ្ញុំ​សម្រេចចិត្ត​បែបនេះ​កាលពី​ចុង​សប្តាហ៍ ខ្ញុំ​គិត​ថា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ពន្យារ​ពេល​ទៀត​ទេ»៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG