កាលពីថ្ងៃទី៧ ខែមេសា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានប្តេជ្ញាបន្តគោលនយោបាយសង្រ្គាមពាណិជ្ជកម្មដ៏គំហុករបស់រដ្ឋបាលលោក Donald Trump ប្រឆាំងនឹងចិន ដោយលើកឡើងថា លោកស្រី«នឹងធ្វើការយ៉ាងមុតមាំតាមតែអាចធ្វើបានដើម្បីការពារអ្នកធ្វើការ និងធុរកិច្ចអាមេរិកាំងប្រឆាំងការអនុវត្តមិនស្មើភាពដោយប្រទេសចិន»។
ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាននៅសេតវិមាន លោកស្រី Raimondo បាននិយាយថា ពន្ធដារដែលត្រូវបានដាក់ឡើងក្រោមអាណត្តិលោកប្រធានាធិបតី Donald Trump ហើយដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យកាលពីគ្រានោះ «តាមពិតទៅ បានជួយការពារការងារពលរដ្ឋអាមេរិកាំងនៅក្នុងវិស័យផលិតកម្មដែក និងអាលុយមីញ៉ូម»។
ជារួម សហរដ្ឋអាមេរិកនៅតែរក្សាការដាក់ពន្ធដារចំនួន៦៦ភាគរយលើការនាំទំនិញពីចិនមកស.រ.អា.។
លោកស្រី Raimondo បានបន្តថា ពន្ធលើការនាំចូលគឺត្រូវការដើម្បីធ្វើឲ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងផ្នែកពាណិជ្ជកម្មអន្តរជាតិ។
លោកស្រីបានថ្លែងថា៖ «ទង្វើរបស់ចិនគឺមិនមានលក្ខណៈប្រកួតប្រជែង បែបបង្ខិតបង្ខំ និងលេងខ្សែលើ។ ពួកគេបានបង្ហាញថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចទៅរួច។ ដូច្នេះហើយ ខ្ញុំគ្រោងនឹងប្រើប្រាស់មធ្យោបាយទាំងអស់ ដែលខ្ញុំមានក្នុងដៃ ឲ្យបានយ៉ាងគំហុកតាមតែអាចទៅរួច ដើម្បីការពារអ្នកធ្វើការ និងធុរកិច្ចអាមេរិកាំងប្រឆាំងការអនុវត្តមិនស្មើភាពដោយប្រទេសចិន»។
កាលពីបីឆ្នាំមុន លោក Trump បានកំណត់យកពន្ធ២៥ភាគរយលើផលិតផលដែក និង១០ភាគរយលើផលិតផលអាលុយមីញ៉ូមនាំចូលពីប្រទេសភាគច្រើន ដោយអះអាងថា រឿងនេះពាក់ព័ន្ធនឹងសន្តិសុខជាតិ ដើម្បីធានាថា ផលិតកម្មលោហធាតុក្នុងស្រុកអាចបន្តដំណើរការទៅមុខ។
ឱនភាពទំនិញរបស់សហរដ្ឋអាមេរិកប្រៀបនឹងចិនបានកើន១១,៤ភាគរយពីខែមករាមកដល់៣០,៣ពាន់លានដុល្លារនៅខែកុម្ភៈ។ នេះបើយោងទៅតាមស្ថិតិបញ្ចេញដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធទី៧ ខែមេសា។
ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research ធ្វើឡើងកាលពីឆ្នាំមុន បានរកឃើញថា មនុស្សពេញវ័យ៩នាក់ក្នុងចំណោម១០នាក់នៅសហរដ្ឋអាមេរិកចាត់ទុកចិនជាគូប្រជែង ឬសត្រូវជាជាងដៃគូ។
យោងទៅតាមការស្ទង់មតិនេះ ពលរដ្ឋអាមេរិកាំងកាន់តែមានការព្រួយបារម្ភពីអំណាចផ្នែកបច្ចេកវិទ្យារបស់ចិន ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតពីចិនមកលើបស្ចិមលោក ការមិនគោរពសិទ្ធិមនុស្ស និងការបាត់បង់ការងារនៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ថា បង្កឡើងដោយសារការនាំចូលពីប្រទេសចិន។
រដ្ឋបាលលោក Biden បានចាត់ថា ការបង្កើតការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពសម្រាប់រដ្ឋបាលរបស់លោក ដែលនេះជាប្រធានបទដែលលោកប្រធានាធិបតីបាននិយាយសង្កត់ធ្ងន់កាលពីរសៀលថ្ងៃពុធ ទី៧ ខែមេសានៅសេតវិមានដោយអះអាងថា ចិននិងបណ្តាប្រទេសដទៃទៀតព្យាយាមនាំមុខសហរដ្ឋអាមេរិក«ដោយព្យាយាមគ្រប់គ្រងអនាគតតាមខ្លួនចង់បាន»។
លោក Biden ចង់ឲ្យសមាជិកសភាអនុម័តនូវផែនការរបស់លោកដើម្បីវិនិយោគប្រាក់ចំនួន២លានលានដុល្លារនៅក្នុងទសវត្សរ៍នេះដើម្បីបង្កើតការងារថ្មីចំនួនរាប់លាន។
សមាជិកគណបក្សសាធារណរដ្ឋនៅសភានិយាយថា ផែនការរបស់លោក Biden មានលក្ខណៈទូលំទូលាយពេក និងភាគច្រើនមិនពាក់ព័ន្ធជាមួយនឹងរចនាសម្ព័ន្ធដែលមានពីមុនមក ដូចជាការលើកកម្ពស់គុណភាពសេវាកម្មរថភ្លើងដឹកអ្នកដំណើរ ការធ្វើទំនើបកម្មប្រលានយន្តហោះ និងការជួសជុលផ្លូវល្បឿនលឿននិងស្ពានជាដើម។ គណបក្សសាធារណរដ្ឋក៏ខ្វែងគំនិតគ្នាជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យចំពោះបែបផែននៅក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ផែនការនេះ ដោយប្រឆាំងនឹងការបង្កើនអត្រាពន្ធដារលើសាជីវកម្ម។
លោក Mitch McConnell មេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភា បាននិយាយថា លោក «សង្ឃឹមថា មិនមែនគ្រប់សមាជិកគណបក្សប្រជាធិបតេយ្យ»នឹងគាំទ្រច្បាប់ស្តីពីផែនការហេដ្ឋារចនាសម្ព័ន្ធរបស់លោក Biden ទេ ហើយក្រុមអ្នកនិយមកណ្តាលក្នុងគណបក្សដឹកនាំនេះ«នឹងមានមន្ទិលខ្លះអំពីការពង្រីកកិច្ចការដ៏ធំរបស់រដ្ឋាភិបាល»។
លោកប្រធានាធិបតីអះអាងថា ដើម្បីប្រកួតឈ្នះចិនប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលត្រួវចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ធ្វើទំនើបកម្មសាលារៀន លុបបំបាត់ចោលជាតិសំណនៅក្នុងទឹកប្រើប្រាស់ សាងសង់បណ្តាញស្ថានីយបញ្ចូលភ្លើងសម្រាប់រថយន្តដើរដោយអគ្គិសនី ពង្រីកសេវាកម្មផ្គត់ផ្គង់អ៊ីនធើណិត និងជំរុញការផលិតបន្ទះអេឡិចត្រូនិកហៅ semiconductor នៅក្នុងស្រុក។
លោក Biden បានថ្លែងថា៖ «តើលោកអ្នកគិតថា ចិននឹងនៅបង្អង់យូរចំពោះការវិនិយោគផ្នែកឌីជីថលលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍឬ? ខ្ញុំអាចអះអាងចំពោះមុខលោកអ្នកថា ពួកគេមិនរង់ចាំនោះទេ។ ប៉ុន្តែពួកគេកំពុងតែកេងចំណេញពីលទ្ធិប្រជាធិបតេយ្យបែបយឺតយ៉ាវ មានកម្រិត និងមានការបែងចែកខ្លាំងនៅសហរដ្ឋអាមេរិកដើម្បីតាមយើងឲ្យទាន់»។
ចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោក ប៉ុន្តែត្រូវបានព្យាករណ៍ថា នឹងនាំមុខសហរដ្ឋអាមេរិកនៅចុងទសវត្សរ៍នេះ ឬនៅដើមទសវត្សរ៍២០៣០៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា