ការជជែកដេញដោលគ្នាលើកទី ២ រវាងលោកប្រធានាធិបតី Donald Trump និងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden គួរតែធ្វើឡើងទល់មុខគ្នា ក៏ប៉ុន្តែក្រោយពីលោក Trump បានប្រកាសកាលពីថ្ងៃទី ២ ខែតុលាថា លោកបានឆ្លងជំងឺកូវីដ១៩ មក អ្នករៀបចំកម្មវិធីជជែកដេញដោលនេះបានស្នើឱ្យមានការជជែកដេញដោលតាមអនឡាញ ប៉ុន្តែលោក Trump បានបដិសេធមិនព្រមចូលរួម។
ជំនួសមកវិញ បេក្ខជនទាំងពីរបានចូលរួមនៅក្នុងវេទិកាសាធារណៈប្រជែងគ្នា ដែលធ្វើឡើងដាច់ដោយឡែកពីគ្នានិងក្នុងពេលតែមួយនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង គឹរដ្ឋ Pennsylvania និងរដ្ឋ Florida។
លោក Trump ដែលស្ថិតនៅពីក្រោយលោក Biden នៅក្នុងការស្ទង់មតិ ប្រឹងប្រែងទាក់ទាញការគាំទ្រ។
វេទិកាសាធារណៈរបស់លោក Trump ត្រូវបានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ NBC News។
លោក Trump និយាយដូច្នេះថា៖ « ថ្ងៃនេះខ្ញុំបានទៅរដ្ឋ North Carolina និងបានជួបជុំដ៏ធំមួយដោយមានមនុស្សជាច្រើនបានចូលរួម ហើយខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់។ យើងមានអ្នកគាំទ្រនៅគ្រប់កន្លែងទាំងអស់នៅក្នុងរដ្ឋ Florida និងរដ្ឋ Pennsylvania»។
លោក Trump បានការពារវិធានការរបស់លោកចំពោះវិបត្តិជំងឺកូវីដ១៩ ថាលោកបានរារាំងការហោះហើរនៃជើងយន្តហោះមកពីប្រទេសចិនកាលពីចុងខែមករា។
លោក Biden ដែលបានចូលរួមនៅក្នុងវេទិកាសាធារណៈដែលសម្របសម្រួលដោយលោក George Stephanopoulos នៃទូរទស្សន៍ ABC News បានបញ្ជាក់ថា វិធានការរបស់លោក Trump នោះ មិនត្រឹមត្រូវទេ។
លោក Biden និយាយដូច្នេះថា៖ «វាជាការទទួលខុសត្រូវរបស់ប្រធានាធិបតីដែលត្រូវដឹកនាំវិធានការទប់ទល់នឹងជំងឺនេះ ប៉ុន្តែលោក Trump មិនបានធ្វើដូច្នេះទេ។ លោក Trump មិនបាននិយាយអំពីអ្វីដែលត្រូវធ្វើទេ ដោយសារតែតាមការយល់ឃើញរបស់ខ្ញុំ លោកព្រួយបារម្ភអំពីទីផ្សារភាគហ៊ុន»។
លោក Biden បានលើកឡើងថា នៅពេលនោះ លោក Trump គួរជំរុញអភិបាលរដ្ឋ និងអភិបាលក្រុងឱ្យពង្រឹងការរឹតត្បិតដែលលោកបាននិយាយថាអាចជួយស្រោចស្រង់ជីវិតមនុស្សបានច្រើន។
អ្នកស្រី Amy Coney Barrett ដែលលោក Trump បានស្នើតែងតាំងឲ្យធ្វើជាចៅក្រមតុលាការកំពូល កាលពីសប្ដាហ៍មុន បានចូលរួមនៅក្នុងសវនាការចោទសួររបស់ព្រឹទ្ធសភាអំពីបេក្ខភាពរបស់អ្នកស្រី។ ប្រសិនបើអ្នកស្រី Barrett ត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រម អ្នកស្រីអាចជួយសម្រេចនៅក្នុងតុលាការកំពូល ប្រសិនបើមានការតវ៉ាចំពោះលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។
លោក Trump បាននិយាយថា៖ «ករណីនេះគឺអាស្រ័យលើអ្នកស្រីទាំងស្រុង។ ខ្ញុំយល់ថា អ្នកស្រីអាចសម្រេចគាំទ្រខ្ញុំ ឬមួយប្រឆាំងនឹងខ្ញុំ។ ខ្ញុំមិនឃើញថាមានបញ្ហាអ្វីទាំងអស់»។
លោក Biden មិនបានច្រានចោលអំពីការបង្កើនចំនួនចៅក្រមតុលាការកំពូលដើម្បីផ្លាស់ប្ដូរតុល្យភាពនោះទេ។
លោក Biden និយាយដូច្នេះថា៖ «ខ្ញុំមិនគាំទ្ររឿងនេះទេ។ វាអាស្រ័យលើថាតើ [សវនាការតែងតាំងអ្នកស្រី Barrett] នឹងក្លាយទៅជាយ៉ាងម៉េច»។
បេក្ខជនប្រធានាធិបតីទាំងពីរយល់ស្របគ្នាលើចំណុចមួយ។
លោក Trump ថ្លែងថា៖ «យើងមានការបោះឆ្នោតដែលជិតចូលមកដល់។ ខ្ញុំយល់ថា ការបោះឆ្នោតនេះជាការបោះឆ្នោតសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។
លោក Biden បានសន្យាថានឹងធ្វើការជាមួយអ្នកសាធារណរដ្ឋ ប្រសិនបើលោកជាប់ឆ្នោត ដោយលោកបានថ្លែងដូច្នេះថា៖ «ពីព្រោះមានបញ្ហាជាច្រើនដែលយើងពិតជាយល់ស្របគ្នា»។
ក៏ប៉ុន្តែ មានបញ្ហាជាច្រើនដែលគណបក្សទាំងពីរនេះនៅខ្វែងគំនិតគ្នា។ ការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្តើមធ្វើនៅតាមបណ្ដារដ្ឋជាច្រើន ហើយលោក Trump បានព្រមានថា អាចមានការបន្លំសន្លឹកឆ្នោតច្រើន។ អ្នកជំនាញខាងការបោះឆ្នោតភាគច្រើនបាននិយាយថា ករណីបែបនេះមិនបានកើតឡើងនោះទេ។
លោក Trump ត្រូវបានអ្នកសម្របសម្រួលសួរនៅក្នុងវេទិកាសាធារណៈក្នុងរដ្ឋ Florida ថា តើលោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតឬក៏អត់ ហើយលោក Trump បានឆ្លើយថា៖ «ចម្លើយគឺ ខ្ញុំនឹងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ ក៏ប៉ុន្តែខ្ញុំ ក៏ដូចជាអ្នកដទៃទៀតគ្រប់គ្នាដែរ គឺចង់ឱ្យការបោះឆ្នោតនេះមានលក្ខណៈត្រឹមត្រូវទៀងត្រង់»។
លោក Trump និងលោក Biden គ្រោងនឹងចូលរួមនៅក្នុងការជជែកដេញដោលទល់មុខគ្នាលើកចុងក្រោយនៅថ្ងៃទី ២២ ខែតុលាខាងមុខ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ