ហុងកុង៖ ចាប់តាំងពីបានបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន កាលពី៣០ឆ្នាំមុន ប្រទេសចិនបានដកខ្លួនចេញពីប្រទេសអ្នកជិះកង់ ទៅជាប្រទេសមានផ្សារលក់រថយន្ដធំជាងគេក្នុងពិភពលោក។ តែក្នុងពេលនេះ ទីក្រុងធំៗរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងការស្ទះចរាចរណ៍។
ដើម្បីបើកផ្លូវកុំឲ្យស្ទះ រដ្ឋាភិបាលប៉េកាំងបានប្រើប្រព័ន្ធចាប់ឆ្នោតសម្រាប់ឲ្យបណ្ណស្លាកលេខឡានថ្មី។
រថយន្ដបង្ហាញ ឋានៈថ្មីមូយក្នុងចំណោមអ្នកមានមធ្យមកាន់តែច្រើននៅក្នុង ប្រទេសចិន។ ការលក់រថយន្ដថ្មីនៅក្នុងប្រទេសចិនកើនពី៣៣% ដល់១៣,៨លានគ្រឿង។ តែរថយន្ដទាំងនោះបានបង្កើតបញ្ហាថ្មីដល់ប្រទេសចិន រាប់ទាំងចរាចរគាំងច្រើនសម្បើម។
ទោះបីជាមាន ការវិនិយោគធំធេងដល់ការសង់ផ្លូវថ្មី និងប្រព័ន្ធដឹកជញ្ជូនមនុស្សក៏ដោយ នៅក្នុងរដ្ឋធានីមានមនុស្សកុះករ ផ្លូវថ្នល់នៅក្នុងទីក្រុងបេកាំងមិនអាចទទួលយកបាននូវរថយន្ដដ៏ ច្រើនសន្ធឹកនោះទេ។ ការស្ទង់មតិសកល ធ្វើឡើងដោយក្រុម បច្ចេកទេស IBM កាលពីឆ្នាំទៅ បង្ហាញឲ្យឃើញថា អ្នកធ្វើដំណើរនៅក្នុងទីក្រុងប៉េកាំងចំណាយពេលច្រើនធ្វើដំណើរតាមលើផ្លូវ។
៦៩% នៃ អ្នកឆ្លើយតបនឹងការស្ទង់មតិនិយាយថា ក្នុងអំឡុងពេល៣ឆ្នាំកន្លងទៅនេះ ចរាចរមានសភាពអាក្រក់បំផុត រហូតដល់គេជិនណាយ រួចថយឡានវិលទៅផ្ទះវិញ។
លោកលូ ជី អ្នកបច្ចេកទេសដឹកមុខខាងហេដ្ឋារចនាសម្ព័ន្ធអាស៊ីខាងកើត និងប៉ាស៊ីហ្វីក ហើយលោកធ្វើការឲ្យធនាគារក្នុងទីក្រុងប៉េកាំង។
«រដ្ឋាភិបាលបានប្រមូលធនធានហិរញ្ញវត្ថុច្រើនសន្ធឹកដើម្បីស្ថាបនាហេដ្ឋារចនា សម្ព័ន្ធសម្រាប់ផ្លូវថ្នល់ហៃវ៉េ ផ្លូវក្នុងទីក្រុង និងប្រព័ន្ធផ្លូវដែកដឹកជញ្ជូនសាធារណជនជាច្រើន។ តែការលូតលាស់សមត្ថភាពរបស់ហេដ្ឋារចនាសម្ព័ន្ធនេះមិនបានដើរ ទាន់ចំនួនម្ចាស់រថយន្ដទេ ដោយសារតែមិនមានសល់ដីទំនេរ»។
នៅក្នុង វិធានការចុងក្រោយបង្អស់ដើម្បីបន្ធូរការស្ទះចរាចរ រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងខែនេះ បានកម្រិតចំនួនរថយន្ដត្រឹមតែ២,៤ សែនគ្រឿងប៉ុណ្ណោះ។ បណ្ណស្លាកឡាន គឺស្មើ១ភាគ៣នៃចំនួនរថយន្ដអនុញាតក្នុងឆ្នាំ២០១០ នឹងចេញឲ្យសាធារណជន តាមរយៈការចាប់ឆ្នោត។
លោកលូ និយាយថា ខណៈដែលប៉េកាំងបន្ដវិនិយោគមកលើហេដ្ឋារចនាសម្ព័ន្ធ គេត្រូវ កម្រិតការប្រើប្រាស់រថយន្ដ ជាចាំបាច់។
«ខ្ញុំយល់ថា វាមានសារៈសំខាន់ណាស់សម្រាប់ទីក្រុងដែលកំពុងអភិវឌ្ឍ ដែលនៅពេលនេះត្រូវចាត់វិធានការកាត់បន្ថយការប្រើប្រាស់រថយន្ដ។ ខ្ញុំរីករាយណាស់នឹងឃើញទីក្រុងប៉េកាំងធ្វើចលនាទៅរកវិធានការ នេះ»។
ជនរស់នៅ ក្នុងទីក្រុងប៉េកាំងខ្លះស្វាគមន៍វិធានការថ្មីនេះ។ បុរសអាយុ៥០ឆ្នាំនេះ និយាយថា គាត់ឈប់បើកឡាន ហើយពេលនេះជិះកង់ដើម្បីចៀសវាងការស្ទះចរាចរណ៍។
គាត់និយាយថា គាត់គិតថា រដ្ឋាភិបាលមិនគួរដាក់ច្បាប់តឹងរឹងច្រើនពេកទេ តែនៅពេលនេះដែរ មានមនុស្សច្រើនពេកទិញឡានជិះ។ គាត់និយាយទៀតថា ទីក្រុងលូតលាស់ឆាប់រហ័សពេក។ ផ្លូវថ្នល់រីកធំឆាប់រហ័សពេក ហើយមនុស្សក៏កាន់តែមានច្រើនពេកដែរ។
ទីក្រុងលូត លាស់ជាច្រើននៅក្នុងប្រទេសអាស៊ី មានបញ្ហាចរាចរស្រដៀងគ្នាដែរ នៅអតីតកាល។ ទីក្រុងបាងកក និងរដ្ឋធានីរីកចម្រើនជាច្រើនទៀត ល្បីអំពីចរាចរគាំង នៅទសវត្សរ៍ឆ្នាំ១៩៩០។
ទីក្រុងបាន រៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណ ដែលកាត់បន្ថយចំនួនឡាន បើកចូលក្រុង តែការស្ទះចរាចរច្រើនម៉ោងនៅតែមានជាទូទៅ។ អាជ្ញាធរក្រុងព្រមានដល់អ្នករស់នៅក្នុងទីក្រុងថា ការសាងសង់ផ្លូវដែកថ្មីសម្រាប់សាធារណជន ដែលនឹងចាប់ផ្ដើមនៅឆ្នាំនេះ នឹងធ្វើឲ្យលំបាករឹតតែខ្លាំងឡើងដល់ចរាចរ ក្នុងពេលបីឆ្នាំខាងមុខនេះ។
លោកលូ និយាយថា នៅយូរទៀត ទើបមានការផ្លាស់ប្ដូរ។
«ខណៈ ដែលយើងដើរលើមាគ៌ាត្រូវ ហើយចាត់ចែង រៀបចំចរាចរថយន្ដឯកជននៅក្នុងទីក្រុងហើយនិងមានប្រព័ន្ធដឹក ជញ្ជូនសាធារណជនទៅអនាគត ហើយមានវិធានការកាត់បន្ថយចរាចរដែលសាធារណជនអាចទទួលយកបាន ខ្ញុំដឹងច្បាស់ថា ស្ថានការណ៍ចរាចរនឹងបានត្រូវចាត់ចែងដ៏ល្អ រួចស្ថានការណ៍ធម្មតានឹងវិលត្រឡប់មកវិញជាមិនខាន ក្នុងពេលអនាគតវែងឆ្ងាយ»។
ខណៈដែល រថយន្ដកាន់តែច្រើននៅក្នុងប្រទេសចិន សុវត្ថិភាពក៏ក្លាយទៅជាបញ្ហាមួយដែរ។ អ្នកទិញឡានថ្មី ក៏ជាអ្នកបើកឡានថ្មីដែរ ដែលមិនមានការហាត់ហ្វឹកហ្វឹនច្រើន។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ ចន ហប់គីន (Johns Hopkins) និងសាកលវិទ្យាល័យភាគខាងត្បូងនិងកណ្ដាលប្រទេសចិនផ្នែកខាង សុខភាពសាធារណ ថ្លែងថា មរណភាពពាក់ព័ន្ធនឹងចរាចរនៅក្នុងប្រទេសចិនទាំងមូល អាចមានចំនួនពីរដងលើសពីសេចក្ដីរាយការណ៍របស់ប៉ូលិស។
សេចក្ដីរាយការណ៍នោះនិយាយថា នៅក្នុងឆ្នាំ២០០៧ ជាឧទាហរណ៍ មានមនុស្ស ប្រមាណ២២១១៣៥នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ យោងទៅតាមសំបុត្រមរណភាព រីឯតួលេខប៉ូលិសបង្ហាញតែ៨១៦៤៩ប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក អ៊ូ ធួក