ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​​ជន​រងគ្រោះ​នៅ​ស្ពាន​កោះ​ពេជ្រ​​បាន​​ទទួល​​អំណោយ


ទូរទស្សន៍​បាយ័ន​និង CTN បាន​រៃ​អង្គាស​ប្រាក់​សរុប​គ្នា​ចំនួន​ជាង​៣​លាន​ដុល្លារ​ហើយ។
ទូរទស្សន៍​បាយ័ន​និង CTN បាន​រៃ​អង្គាស​ប្រាក់​សរុប​គ្នា​ចំនួន​ជាង​៣​លាន​ដុល្លារ​ហើយ។

ក្រុមគ្រួសារជន​រងគ្រោះ​ដែលបានស្លាប់បាត់បង់ជីវិតចំនួន៨៣​នាក់នៅ​ក្នុងទី​ក្រុងភ្នំពេញ​ ​ដោយ​សារឧបទ្ទវ​ហេតុនៅមណ្ឌលកម្សាន្តកោះពេជ្រ​ ​បានទទួលអំណោយលើកដំបូងពីស្ថានីយ៍​ទូរទស្សន៍បាយ័ន។​ ស្ថានីយ៍​នេះបានធ្វើយុទ្ធនាការរៃ​អង្គាសប្រាក់ពី​សប្បុរស​ជនដើម្បីជួយដល់​ជន​រងគ្រោះ។​ ​ក៏​ប៉ុន្តែ​កន្លង​មកបាន​ទទួល​ការ​រិះគន់​ថា​ ការ​រៃអង្គាស​ប្រាក់​នេះ​មិន​បាន​ផ្ដល់​ដល់​ជន​រងគ្រោះ​ទេ។

ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​របស់​លោក​ស្រី​ហ៊ុន ម៉ាណា​ ​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅថ្ងៃ​ពុធនេះ​ ​បាន​ចាប់ផ្តើម​ចែក​ថវិកា​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ​កាល​ពី​ថ្ងៃទី​២២​ខែ​វិច្ឆិកា ​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ប្រមាណ​ជិត​១.០០០​នាក់។

ការ​ផ្តល់​ថវិកា​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​សា្ថនីយ៍​ទូរទស្សន៍​នេះ​បាន​ធ្វើ​យុទ្ធ​នាការ​រៃអង្គាស​ប្រាក់​ពី​សប្បុរស​ជន​ ដែល​មាន​ចំនួន​ជាង​ពីរ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

កាល​ពី​សប្តាហ៍​មុន​ ​គណបក្ស​ប្រឆាំង ​និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ធ្វើ​ការ​បរិហារ​រិះគន់​ថា​ ​មូលនិធិ​ដែល​បង្កើត​ឡើង​ដោយ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ និង​ស្ថានីយ៍​ទូរទស្សន៍​ CTN ​កំពុង​តែ​ធ្វើ​អាជីវ​កម្ម​លើ​ជន​រងគ្រោះ​ និង​បាន​សង្ស័យ​ថា​ ​ថវិកា​ដែលប្រមូល​បាន​នេះ​មិន​បាន​ដល់​ដៃ​ជន​រងគ្រោះ​ទេ។

នៅក្នុ​ង​ពិធី​ផ្តល់​អំណោយ​ដែល​ធ្វើ​ឡើង​ដោយ​ស្ថានីយ៍​ទូរ​ទស្សន៍​បាយ័ន​ ​លោក​ទិត្យ ថាវរិទ្ធ ​អគ្គ​នាយក​រង​នៃ​ស្ថានីយ៍​វិទ្យុ​ ​និង​ទូរទស្សន៍បាន​ថ្លែង​ថា​ ​ការ​ផ្តល់​អំណោយ​មូលនិធិ​នេះ​គឺ​បញ្ជប់​នូវ​ការ​សង្ស័យ​ទាំង​ឡាយ​អំពី​ការ​រិះគន់​ថា​ ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​បាន​ប្រើបា្រស់​ថវិកា​ ដែល​បាន​មក​ពី​សប្បុរស​ជន​មិន​ត្រឹម​ត្រូវ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ថវិកា​ដែល​ត្រូវ​ចែក​ជន​រងគ្រោះសរុប​ចំនួន​៣៥១​នាក់។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​បាន​ប្រាក់រៀល​ចំនួន​ប្រមាណ​ជិត​៧លាន​រៀល​និង​ប្រមាណ​ជាង​៣៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

លោក​កែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​ ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្តល់​អំណោយ​នោះ​ ​បាន​ថ្លែង​កោត​សរសើរ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ​ដែល​បាន​ជួយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ដែល​រង​គ្រោះ​នៅលើ​ស្ពាន​ពេជ្រ​នោះ។

«អំណោយ​ និង​ថវិកា​នេះ​ពុំ​ត្រឹម​តែ​បាន​ជួយ​សម្រាល​ដល់​គ្រួសារ​សពប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ស្នេហា​ជាតិ​ ​ការ​រួម​សាមគ្គី​ជា​ធ្លុង​មួយ​របស់​ប្រជាជន​កម្ពុជា​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន»។

ប្រជា​ពលរដ្ឋ ​ដែល​បាន​ទទួល​ថវិកា​ពី​មូល​និធិ​ទូរទស្សន៍​បាយ័ន​ ​ភាគ​ច្រើន​បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ ​ហើយមួយ​ចំនួន​ទៀតបាន​យំ​ក្តុកក្តួល​ ​ដោយសារ​តែ​ទឹក​ប្រាក់​ទាំងនេះ​មិន​អាច​លុប​ស្នាម​ដ៏​សោកសៅ​នៃ​ការ​បាត់បង់​ជីវិត​សាច់ញាត្តិ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ទេ។

«ខ្ញុំ​ចាំ​នៅ​ពេទ្យ​រុស្ស៊ី​ ​ឃើញ​ឡាន​ទី​មួយ ​ឡាន​ទី២​ ​ឡាន​ទី៣។​ ខ្ញុំ​ឃើញ​កូន​ខ្ញុំ​ទន់​ជង្គង់។ ​ខ្ញុំ​អាណោច​អធ័ម​កូន​ខ្ញុំ​ណាស់»។

លោក​ចាន់ សេរី ​អាយុ​៣៧​ឆ្នាំ​ ​ជា​មន្រ្តី​យោធា​មួយ​រូប​ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ចំនួន​បួននាក់​ ​រួម​មាន​ប្រពន្ធ ​និង​កូន​ជាទី​ស្រឡាញ់​ចំនួន​បីនាក់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពានពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​នោះ​ ​បាន​និយាយ​ថា​ ​ថវិកា​ទាំងនេះ​នឹង​អាច​ជួយ​ឲ្យ​លោក​កសាង​ជីវភាព​ឲ្យ​បាន​សមរម្យ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​លោក​នៅតែ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ភរិយា ​និង​កូន​ជា​ទីស្រឡាញ់​ទាំងបីដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្ងៃ​នោះ។

«បាទ​ មាន​ការ​សោកស្តាយ​ខ្លាំង​មែន​ទែន។ ​សោក​ស្តាយ​ជីវិត​ប្រពន្ធ​ ​កូន ​ដែល​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត។ ​ពេល​បែកបាក់​គ្នា​អញ្ចឹង​ ​ដូចដឹង​ស្រាប់​ហើយ​ ​អ្នក​ណា​ក៏​ដូច​អ្នកណា​ ​មាន​ការ​សោក​ស្តាយ​ដូច​គ្នា»។

លោក​ ភា ចាន់ណារ៉ា ​អាយុ​៤៣​ឆ្នាំ​ ដែល​ត្រូវ​ជា​បង​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ​ភារី​ អាយុ​២៤​ឆ្នាំ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​ស្ពាន​ពេជ្រ​នោះ​ ​បាន​រៀបរាប់​ថា​ លោក​នឹង​យក​ទឹក​ប្រាក់​ទាំង​នេះ​ទៅ​ធ្វើបុណ្យ​ និង​ជួយ​ដល់​ម្តាយ​ដែល​មាន​វ័យ​ចាស់​ជរា។

«ទីមួយ​យក​សម្រាប់​ធ្វើ​បុណ្យ​១០០ថ្ងៃ ​ឬ​ក៏​មួយ​ឆ្នាំ​ ​បន្ត​ទៅ​ទៀត​ហើយ​ ​និង​ជួយ​ដល់​ម្តាយ​ខ្ញុំ​ ​ដែល​គាត់​ចាស់​ជរា​ ​គ្មាន​អ្វី​ទីពឹង​ ​ហើយ​និង​កូនអ្នកស្លាប់។​ ស្លាប់​ម្នាក់​ទៀត​ ​សព​ប្អូន​ស្រី»។

ឧបទ្ទវ​ហេតុ​ ​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ​កាល​ពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រមាណ​៣៥១​នាក់ ​និង​៣៩៥​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស។

ស្ថានីយ៍​ធំៗ​ចំនួន​ពីរ​គឺ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ​និង​ស្ថានីយ៍​ទូរទស្សន៍​ CTN​ ​បាន​បង្កើត​មូលនិធិ​នេះ​ឡើង​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ។

ស្ថានីយ៍​ទូរទស្សន៍​ CTN ​បាន​ប្រមូល​ថវិកា​ប្រមាណ​ជាង​៨៥​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ និង​ស្ថានីយ៍​ទូរទស្សន៍​បាយ័នបាន​ប្រមូល​ទឹកប្រាក់​ប្រមាណ​ជាង​ពីរ​លាន​ប្រាំសែន​ ដុល្លារ​សហ​រដ្ឋ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​ថា​ ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​អាច​ទទួល​ថវិកា​ចំនួន​ជាង​១២០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ៕

XS
SM
MD
LG