រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្អាកសមរភូមិដណ្តើមយកទីក្រុងមូស៊ុលពីក្រុមរដ្ឋឥស្លាមមួយរយៈសិន បន្ទាប់ពីមានសេចក្តីរាយការណ៍នានាចេញផ្សាយពីជនស៊ីវិលដែលបានស្លាប់មានចំនួនច្រើន។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យម្នាក់របស់កងកម្លាំងសន្តិសុខ។
ការផ្អាកការប្រយុទ្ធគ្នានេះត្រូវបានប្រកាស ខណៈដែលក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតមួយទៅលើការវាយប្រហារផ្លូវអាកាសរបស់ក្រុមសម្ព័ន្ធមិត្តដែលសេចក្តីរាយការណ៍មួយចំនួនបានចេញផ្សាយថា ថ្មីៗនេះខ្លួនបានសម្លាប់ជនស៊ីវិលអស់ជាង១០០នាក់នៅក្នុងតំបន់ Jidideh ដែលស្ថិតនៅក្បែរទីក្រុង មូស៊ុលនោះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមសម្ព័ន្ធមិត្តបានឲ្យដឹងថា ខ្លួនបានបើកការវាយតម្លៃជាផ្លូវការទៅលើតួលេខជនស៊ីវិលដែលបានស្លាប់នៅក្នុងករណីចោទប្រកាន់នេះ។
សេចក្តីថ្លែងការណ៍នេះក៏បានឲ្យដឹងថា យន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តតែងតែបើកការវាយប្រហារផ្លូវអាកាសទៅលើក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់នេះ ហើយកងកម្លាំងរបស់ក្រុមសម្ព័ន្ធមិត្តប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការរៀបចំផែនការនិងការប្រតិបត្តិការវាយប្រហារផ្លូវអាកាស ដើម្បីកាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់ជនស៊ីវិល៕