ក្រុមប្រឹក្សានៃអង្គការអម្រឹតាសិល្បៈនឹងនាំសិល្បៈខ្មែរតាមបែបសហសម័យមានឈ្មោះថា “Khmeropedies I & II” ទៅសម្តែងនៅទីក្រុង New York ពីថ្ងៃទី២៤ទៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១០នៅរោងមហោស្រព Baryshnikov Arts Center។
អ្នកស្រី នុច សារីតាមានសេចក្តីរាយការណ៍អំពីរឿងនេះ៖
ទស្សនីយភាពរបាំសហសម័យខ្មែរមួយទើបបង្កើតថ្មី មានឈ្មោះថា“Khmeropedies I & II” នឹងសម្តែងលើកដំបូងនៅមហោស្រពសិល្បៈនឹងគំនិតហៅ Festival of Arts & Ideas នៅទីក្រុង New Haven រដ្ឋ Connecticut ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៩ ដោយសិល្បករបួននាក់មកពីប្រទេសកម្ពុជា ហើយនឹងបន្តទៅសម្តែងនៅទីក្រុង New York បីថ្ងៃនៅរោងមហោស្រព Baryshnikov ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១០ ។
ក្រុមអ្នកសម្តែងនៅក្នុងទស្សនីយភាពរបាំសហសម័យ “Khmeropedies” នេះ ដែលជាក្រុមសិល្បករនឹងគ្រូរបាំក្បាច់បូរាណខ្មែរ នឹងបង្ហាញឲ្យឃើញអំពីប្រឌិតញាណនៃសិល្បៈខ្មែរជំនាន់ក្រោយ ដល់ទស្សនិកជនអន្តរជាតិ ។
របាំ “Khmeropedies” ជារបាំក្បាច់ខ្មែរលាយក្បាច់បស្ចិមប្រទេស ទើបបង្កើតថ្មីដោយអ្នកស្រី អេម៉ានុយអែល ភួន ( Emmanuele Phuon) នៅឆ្នាំ២០០៧។
អ្នកស្រី អេម៉ានុយអែល ភួនជាជនជាតិបារាំងកាត់ខ្មែរ សព្វថ្ងៃរស់នៅនៅទីក្រុង Brussels, ប្រទេស Belgique ។ កាលនៅអាយុ៥ឆ្នាំ កុមារី អេម៉ានុយអែល បានហាត់រាំរបាំក្បាច់បូរាណខ្មែរនៅប្រទេសកម្ពុជា ។ ឆ្នាំ១៩៧៥ អេម៉ានុយអែលបានទៅរស់នៅទីក្រុងបាងកកជាមួយម្តាយដែលជាជនជាតិបារាំង ។ ក្រោយមក គាត់ក៏ផ្លាស់ទៅនៅទីក្រុង Avignon ប្រទេសបារាំង ។ អ្នកស្រី ភួន បានសិក្សារបាំបាឡេនិងបានទទួលបរិញ្ញាប័ត្រពីសាលា Conservatoire National de Dance នៅឆ្នាំ១៩៨៦ ។ ឆ្នាំ១៩៨៧ អ្នកស្រី ភួន បានទៅទីក្រុង New York សម្តែងរបាំបាឡេជាមួយក្រុម Elisa Monte Dance Company នឹងក្រុម Baryshnikov White Oak Dance Project រហូតដល់ឆ្នាំ២០០១ ។
អ្នកស្រី ភួន ជាអ្នកបង្កើតក្បាច់ នៅក្នុងរបាំសហសម័យ “Khmeropedies” ភាគទីមួយនឹងភាគទីពីរ ។ អ្នកស្រី ភួន បានប្រាប់វីអូអេថា “Khmeropedies” ជាសិល្បៈមួយដែលបង្កើតឡើងដោយយកក្បាច់របាំបូរាណ ពាក្យពេចន៍នឹងភ្លេងខ្មែរ ទៅលាយជាមួយភ្លេង Gymnopedies របស់អ្នកនិពន្ធបទភ្លេងនឹងតន្ត្រីករ Piano ជាតិបារាំង, លោក Erik Satie នៅឆ្នាំ១៨៨៧ ។
“គោលបំណងធំនៃរបាំ “Khmeropedies” គឺ ជាការចែករំលែកនូវការពិសោធន៍របស់ខ្ញុំ ជាអ្នករបាំនៅបស្ចិមប្រទេស ជាមួយអ្នករបាំក្បាច់បូរាណខ្មែរ ដែលរបាំទាំងពីរនេះមានក្បាច់រាំខុសគ្នាស្រឡះ ហើយចង់ឃើញថាតើសិល្បះទាំងពីរនេះអាចរស់ជាមួយគ្នាបានដែរឬទេ” ។
អ្នកស្រី ភួន ថ្លែងថាគំនិតដើមដំបូងនៃសិល្បះសហសម័យនេះ គឺចង់យករបាំក្បាច់បូរាណខ្មែរទៅលាយជាមួយលំនាំភ្លេងនឹងក្បាច់ រាំផ្សេងៗទៀត ប៉ុន្តែនៅរក្សាលក្ខណៈមួយដែលទស្សនិកជនដឹងថាចេញពីរបាំរបស់ខ្មែរ ។
នាង ជ័យ ចាន់កេត្យា អ្នករបាំក្បាច់បូរាណខ្មែរម្នាក់ ដែលបានទទួលអាហារូបករណ៍សំរាប់ចាត់ចែងរៀបចំក្បាច់សិល្បៈ ពីសាកលវិទ្យាល័យ UCLA នៅទីក្រុង Los Angeles រដ្ឋ California ហើយ ថ្មីៗនេះនាងទើបបានបញ្ចប់កម្មវិធីសិក្ខាសាលាអំពីមហោស្រពសិល្បៈនៅ ប្រទេសសឹង្ហបូរី បាននិយាយប្រាប់វីអូអេថា ជាការប្រសើរណាស់ដែលសិល្បករខ្មែរបានរួមចំណែកនៅក្នុង ព្រឹត្តិការណ៍ដូចជាមហោស្រពសិល្បៈ Festival of Arts & Ideas ជាដើមនេះ ពីព្រោះព្រឹត្តិការណ៍ទាំងនេះ ផ្តល់នូវបរិយាកាសសំរាប់ការអភិវឌ្ឍន៍សិល្បៈរបស់ខ្លួន។
“យើងគ្រាន់តែយកក្បាច់បូរាណទៅថែមជាមួយបច្ចេកទេសទំនើបដោយមិនបាន ធ្វើអ្វីឲ្យខូចដល់សិល្បៈដើមរបស់ខ្មែរទេ ។ និស្សិតក្មេងៗនៅក្នុងរបាំបូរាណ មានរបាំល្ខោនខោលជាដើម ចង់អភិវឌ្ឍន៍នូវទម្រង់របាំរបស់ខ្លួន ដូច្នេះទើបពួកគេព្យាយាមចង់ធ្វើឲ្យមានទម្រង់ថ្មី ប៉ុន្តែក្រុមអ្នកគ្រូចាស់ៗមិនបានជួយជ្រោមជ្រែងពួកយើងទេហើយក៏ មិនបានបដិសេធដែរ ។ នៅក្នុងរបាំ“Khmeropedies” នេះ យើងបានយកក្បាច់របាំបូរាណ ក្បាច់ល្ខោនខោល មកលាយជាមួយក្បាច់សហសម័យហៅ Contemporary ឲ្យចេញជាទម្រង់ក្បាច់មួយយ៉ាងថ្មីស្រឡាង” ។
នាង ជុំវ៉ាន់ សុដាជីវី ជាតារាឯកនៅក្នុងរបាំ “Khmeropedies” ភាគទីមួយ បានចូលហាត់រាំរបាំក្បាច់បូរាណខ្មែរនៅឆ្នាំ១៩៩៤ ។ នាងបានហាត់ក្បាច់តួនាយរោងឬរាំតួប្រុស របាំប្រជាប្រីយ៍ នឹងរបាំស្បែកធំ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រុងភ្នំពេញ ។ នាង សុដាជីវី បានចូលរួមក្នុងមហោស្រពរបាំអន្តរជាតិជាច្រើនលើក ព្រមទាំងបានចូលរួមសិក្ខាសាលាជាមួយក្រុមសិល្បករអន្តរជាតិមកពី ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី សរអ នឹង ក្រុមសម្ព័ន្ធរបាំពិភពលោកជាច្រើនលើកផងដែរ ។
“របាំ“Khmeropedies I” សម្តែងដោយសិល្បករម្នាក់ “Khmeropedies II” សម្តែង ដោយសិល្បករបួននាក់ ។ ការសម្តែងរបាំនេះមើលទៅឃើញប្លែក ប៉ុន្តែទ្រង់ទ្រាយសិល្បៈនៅតែមានលក្ខណៈជាខ្មែរ ។ ទស្សនិកជនបរទេសដែលធ្លាប់ស្គាល់របាំក្បាច់បូរាណ មានការភ្ញាក់ផ្អើលខ្លះដែរ ប៉ុន្តែគេបានសរសើរចំពោះកិច្ចការថ្មីរបស់យើង ថាជាផលិតកម្មថ្មីមួយចេញពីសិល្បៈខ្មែរ ដែលមិនលួចចម្លងពីគេ” ។
នៅក្នុងភាគទីពីរនៃរបាំ “Khmeropedies” អ្នកស្រី ភួន និយាយថា ជាការសម្តែងឆាកមួយ ដែលគ្រូរបាំនឹងសិស្សរបាំបីនាក់សន្ទនាគ្នាអំពី ហេតុអ្វីបានជានាំគ្នាចង់បានការពិសោធន៍ជាមួយនឹងក្បាច់របាំដទៃទៀត បើក្បាច់របាំបូរាណខ្មែរមានស្រាប់យ៉ាងល្អឯកមានគេស្គាល់រួចទៅហើយនោះ ។
អ្នករបាំបួននាក់ដែលត្រូវសម្តែងរបាំ “Khmeropedies” នៅទីក្រុង New York គឺអ្នកគ្រូ សំ សត្យា នាង ជុំវ៉ាន់ សុដាជីវី នាង ជ័យ ចាន់កេត្យា នឹងលោក ផុន សុភាព ៕