កាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកាលោក ដេឡាវ៉ា ហ៊ូសេន សាយ៉េឌី (Delawar Hossain Sayedee) មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងចាម៉ាត អ៊ី អ៊ីស្លាម (Jammat-e-Islami) បានក្លាយទៅជាជនទីមួយដែលត្រូវកាត់ក្តីអំពីឧក្រិដ្ឋកម្មកាលពីឆ្នាំ១៩៧១។រដ្ឋអាជ្ញាម្នាក់បានចោទប្រកាន់លោកពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដូចជាការសម្លាប់ប្រល័យពូជសាសន៍ ការធ្វើឃាតនិងការរំលោភសេពសន្ធវៈ។
លោក Sayedee ស្ថិតនៅក្នុងចំណោមពួកអ្នកនយោបាយ បង់ក្លាដេស ជាន់ខ្ពស់៨នាក់ដែលបានត្រូវចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងការតស៊ូដ៏ឃោរឃៅ៩ខែដែលបាននាំទៅកាន់ឯករាជ្យរបស់ប្រទេសពីប្រទេសប៉ាគីស្ថាន។
បន្ថែមពីលើលោក Sayedee មានជនជាប់សង្ស័យបួននាក់ទៀតដែលជាពួកមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំង Jamaat-e-Islami ដែលជាគណបក្សអ៊ីស្លាមធំបំផុតរបស់ប្រទេស បង់ក្លាដេស។ ជនជាប់សង្ស័យ២នាក់ជាសមាជិកនៃគណបក្សជាតិនិយម បង់ក្លាដេស ដែលជាគណបក្សប្រឆាំងធំជាងគេ។ពួកជនទាំងនេះបានត្រូវចោទប្រកាន់ថាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងប៉ាគីស្ថាននិងបានប្រព្រឹត្តអំពើឃោរឃៅក្នុងជម្លោះនោះដែលបានបណ្តាលឱ្យមនុស្សប្រមាណបីលាននាក់ស្លាប់។
ជនជាប់ចោទទាំងនេះបាននិយាយថាពួកគេស្លូតត្រង់គ្មានទោសពៃរ៍អ្វីទេហើយបានចោទប្រកាន់រដ្ឋាភិបាលលោកស្រីស្ហេក ហាស៊ីណា (Sheikh Hasina) ថាបានធ្វើការសងសឹកខាងនយោបាយប្រឆាំងនឹងពួកគេ។
លោក អាទួរ រ៉ាម៉ាន់ (Ataur Rahman)សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Dhaka បានមានប្រសាសន៍ថាមានការទទួលយកដោយទូលំទូលាយថាពួកជនដែលមានទោសពៃរ៍ដោយសារឧក្រិដ្ឋកម្មសង្គ្រាមគួរត្រូវនាំខ្លួនទ្បើងតុលាការ។ក៏ប៉ុន្តែលោកបាននិយាយថាមានកង្វល់កើនទ្បើងច្រើនអំពីថាតើការកាត់ក្តីទាំងនេះត្រូវធ្វើបែបណានិងអំពីភាពគួរឱ្យជឿទុកចិត្តបាននៃពួកជនដែលមានទាក់ទិននិងក្នុងការកំណត់យុត្តិធម៌។
«ពួកគេមានពិភាល់ខ្លះអំពីភាពយុត្តិធម៌នៃការកាត់ក្តីនេះ អំពីដំណើរការនិងថាតើដំណើរការនេះត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិឬទេ...ខ្ញុំយល់ថារដ្ឋាភិបាលគួរប្រុងប្រយ័ត្នជាងការដែលពួកគេព្រាងច្បាប់ខ្លះ ក្នុងការជ្រើសរើសពួករដ្ឋអាជ្ញាខ្លះ ហើយជាពិសេសក្នុងការជ្រើសរើសពួកចៅក្រមនិងប្រធានតុលាការនេះ»។
តុលាការនេះត្រូវបានបង្កើតទ្បើងកាលពីឆ្នាំមុនដោយមិនមានការចូលរួមរបស់អ.ស.ប.។អង្គការ Human Rights Watch បាននិយាយថានីតិវិធីតុលាការមិនបានតាមស្តង់ដាអន្តរជាតិ។មានសេចក្តីរាយការណ៍ថាសាក្សីនិងមេធាវីការពារក្តីត្រូវបានគេយាយីរំខាន។ក្រុមអ្នករិះគន់ក៏និយាយដែរថាច្បាប់កំណត់ថាភស្តុតាងអ្វីត្រូវអនុញ្ញាតឱ្យយកមកប្រើក៏ផ្ទុយគ្នានឹងច្បាប់អន្តរជាតិដែរ។
លោក ចន ខែមម៉េ (John Cammegh) មេធាវីអង់គ្លេសដែលពួកមេធាវីរបស់លោក Sayedee សុំជំនួយបាននិយាយថាអាជ្ញាធរ បង់ក្លាដេស មិនឱ្យលោកចូលរួមក្នុងការកាត់ក្តីនេះទេឬមិនឱ្យចូលក្នុងប្រទេស បង់ក្លាដេសទេនៅពេលមានការកាត់ក្តីនេះ។
រដ្ឋអាជ្ញាបាននិយាយថាការកាត់ក្តីទាំងនេះនឹងមានភាពយុត្តិធម៌ហើយមិនមែនមានគោលដៅជាការបំភិតបំភ័យខាងនយោបាយទេ។ រដ្ឋាភិបាលក៏បាននិយាយដែរថាទម្រង់ច្បាប់របស់ផងខ្លួនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការកាត់ក្តីទាំងនេះ។
ពួកអ្នកធ្វើវិភាគនយោបាយបាននិយាយថាលុះត្រាណាតែគេឃើញថាការកាត់ក្តីទាំងនេះមានភាពយុត្តិធម៌ដាច់ខាតទើបវាមិនអាចបង្កើនភាពតានតឹងថែមទៀតនៅក្នុងប្រទេសមួយដែលមានទម្លាប់នៃការបែកបាក់គ្នាខាងនយោបាយរួចស្រេចហើយ។
ប្រែសម្រួលដោយ ឈឹម សុមេធ