សហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងក្លាជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមលោកសាស្ត្រាចារ្យ David Shambaugh ដែលទើបបោះពុម្ភសៀវភៅស្រាវជ្រាវថ្មីមួយក្បាលស្តីពីឥទ្ធិពលរបស់អាមេរិកនិងចិនក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Shambaugh គឺជាសាស្ត្រាចារ្យផ្នែកសិក្សាអំពីតំបន់អាស៊ី វិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ និងជានាយកកម្មវិធីគោលនយោបាយចិននៃសាលាកិច្ចការអន្តរជាតិ Elliott នៃសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
សៀវភៅថ្មីរបស់លោក Shambaughដែលមានចំណងជើងថា “Where Great Powers Meet: America and China in Southeast Asia” ឬជាភាសាខ្មែរ «ទីដែលប្រទេសមហាអំណាចជួបគ្នា៖ សហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ត្រូវបានបោះពុម្ពផ្សាយកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
លោក Shambaugh បានលើកឡើងថា មានទស្សនៈកាន់តែច្រើនយល់ឃើញថា «ចិនគឺជាប្រទេសដែលមានអំណាចកាន់តែខ្លាំងក្លា ហើយថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអំណាចចុះខ្សោយ» ប៉ុន្តែលោកមិនយល់ឃើញដូច្នេះនោះទេ តាមរយៈបទពិសោធន៍របស់លោកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលោកបានចំណាយពេលវេលាដើម្បីចងក្រងសៀវភៅរបស់លោក។ លោក Shambaugh បានលើកឡើងយ៉ាងដូច្នេះនៅក្នុងកម្មវិធីពិភាក្សាតាមអនឡាញមួយអំពីសៀវភៅថ្មីរបស់លោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Stimson នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Shambaugh បានអះអាងក្នុងសម្ដីដើមយ៉ាងដូច្នេះថា៖
«ខ្ញុំបានរកឃើញផ្ទុយពីនេះ។ ខ្ញុំបានរកឃើញថា មានភាពអន្ទះអន្ទែង ការប្រទាញប្រទង់ និងភាពមន្ទិលសង្ស័យអំពីប្រទេសចិននៅគ្រប់ទីកន្លែង»។
លោក Shambaugh បានថ្លែងទៀតថា៖
«ការមិនពេញចិត្តកើតមានឡើងនៅរាល់ប្រទេសទាំងអស់ដែលខ្ញុំបានធ្វើដំណើរទៅនៅក្នុងតំបន់នោះ [អាស៊ីអាគ្នេយ៍]។ ពួកគេទាំងអស់មានអារម្មណ៍ប្រទាញប្រទង់ក្នុងចិត្តនឹងប្រទេសចិន។ ខ្ញុំមិនបានឃើញថា ប្រទេសណាមួយដែលឱបក្រសោបប្រទេសចិននោះទេ»។
ប្រទេសចិនបានពង្រីកដែនឥទ្ធិពលខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt and Road Initiative ដែលហៅកាត់ថា BRI ដែលមានទឹកប្រាក់ ១ លានលានដុល្លារអាមេរិក និងតាមរយៈការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank ដែលហៅកាត់ថា AIIB កាលពីឆ្នាំ ២០១៣។
លោក Shambaugh បានមានប្រសាសន៍ថា៖
«អ្វីដែលខ្ញុំបានរកឃើញទាក់ទិននឹងប្រទេសចិន នឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) គឺថា ចិនងាកទៅរករដ្ឋជាសមាជិកតំបន់អាស៊ីអាគ្នេយ៍មួយចំនួនខ្លាំងហួសហេតុពេក ហើយទុកចោលរដ្ឋជាសមាជិកមួយចំនួនទៀត»។
លោកបានលើកឡើងពីប្រទេសកម្ពុជាយ៉ាងដូច្នេះថា៖
«សូម្បីតែនៅក្នុងប្រទេសកម្ពុជា ដែលជារដ្ឋមួយទទួលជំនួយយ៉ាងច្រើនពីប្រទេសចិន មានការមិនសប្បាយចិត្តនឹងកាស៊ីណូ និងការទិញដីនៅពាសពេញខេត្តព្រះសីហនុ ដែលជាការបោះទុនវិនិយោគយ៉ាងខ្លាំងក្លាទៅក្នុងប្រទេសកម្ពុជា។ ដូច្នេះរឿងនេះមានប្រតិកម្មចម្រុះគ្នា»។
លោកបានថ្លែងអំពីឥទ្ធិពលរបស់ចិនក្នុងប្រទេសមីយ៉ាន់ម៉ាដូច្នេះថា៖
«អ្វីដែលខ្ញុំបានហៅនៅក្នុងសៀវភៅរបស់ខ្ញុំគឺថា ជ័យជម្នះរបស់មីយ៉ាន់ម៉ា ដែលសំដៅទៅដល់ការព្យួរកិច្ចសន្យាសាងសង់ទំនប់វារីអគ្គិសនី Myistone ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា និងដកខ្លួនចេញពីប្រទេសចិន»។
លោក Shambaugh បាននិយាយអំពីប្រទេសម៉ាឡេស៊ីយ៉ាងដូច្នេះថា៖
«ខ្ញុំហៅ ជ័យជម្នះរបស់ម៉ាឡេស៊ី គឺសំដៅដល់អ្វីដែលលោក Mahathir [អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី] បានធ្វើ ក្រោយពីយកឈ្នះលើលោក Nagib នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី។ លោកបានដកម៉ាឡេស៊ីចេញ បង្កករាល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មទាំងអស់ និងបានចាប់ផ្ដើមចរចាឡើងវិញលើគម្រោងជាច្រើន [ជាមួយចិន»]។
នៅឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានបង្កើតធនាគារអភិវឌ្ឍថ្មីមួយឈ្មោះថា US International Development Finance Corporation ឬ (DFC) ដែលមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយចិននៅជុំវិញពិភពលោក។
លោក Shambaugh បាននិយាយអំពីសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងដូច្នេះថា៖
«បណ្ដាញផ្សព្វផ្សាយព័ត៌មាន ឬបណ្ដាញសង្គមក្នុងតំបន់ មិនបានចុះផ្សាយឬមួយក៏បានចុះផ្សាយអំពីសកម្មភាពរបស់ប្រទេសអាមេរិក តែបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំបានរកឃើញភស្តុតាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការលំបាកខាងវិស័យការទូតសាធារណៈយ៉ាងធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យដឹងពីអ្វីដែលសហរដ្ឋអាមេរិកធ្វើនៅក្នុងតំបន់នេះ»។
លោកសាស្ត្រាចារ្យ Shambaugh ក៏បានលើកឡើងពីទំនាក់ទំនងខ្លាំងក្លាផ្នែកយោធារវាងសហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ លើកលែងតែប្រទេសកម្ពុជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា។
លោកបានថ្លែងយ៉ាងដូច្នេះថា៖
«មិនមានសេចក្ដីរាយការណ៍អំពីប្រទេសទាំងនេះទេ ជាពិសេសអំពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ប្រទេសទាំងនេះមិនចង់និយាយពីអ្វីដែលពួកគេធ្វើជាមួយនឹងយោធាសហរដ្ឋអាមេរិកទេ។ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានថា ពួកគេធ្វើរឿងច្រើនណាស់ជាមួយនឹងយោធាសហរដ្ឋអាមេរិក ហើយប្រទេសហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងសូម្បីតែប៊្រុយណេ ដែលជាប្រទេសតូចមួយដែលខ្ញុំបានទៅ ក៏ដូច្នេះដែរ។ ដូច្នេះជំនួយផ្នែកសន្ដិសុខ អំណាចទន់ និងការទាក់ទាញរបស់សហរដ្ឋអាមេរិក នៅតែខ្លាំងក្លាណាស់នៅក្នុងតំបន់នេះ...»។
ចំណែកឯផ្នែកពាណិជ្ជកម្មវិញ លោក Shambaugh បានលើកឡើងថា សហរដ្ឋអាមេរិកបានវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
«ក្រុមហ៊ុនអាមេរិកចំនួន ៤.២០០ កំពុងវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៨ មានទឹកប្រាក់វិនិយោគចំនួន ៣៥០ ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៅទៀត ការវិនិយោគបរទេសដោយផ្ទាល់របស់សហរដ្ឋអាមេរិកមានទឹកប្រាក់ច្រើនជាងចិនចំនួនពីរដង ដោយសហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន ២៤,៩ ពាន់លានដុល្លារ ចំណែកឯចិនវិញមានត្រឹមតែ ១២,៩ ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងតំបន់នេះកាលពីឆ្នាំ២០២១៨»។
លោក Shambaugh បានថ្លែងថា៖
«ទំហំពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមានវិសាលភាពធំធេងណាស់នៅក្នុងតំបន់នេះ[អាស៊ីអាគ្នេយ៍] ប៉ុន្តែមិនត្រូវបានគេរាយការណ៍នោះទេ។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា សហរដ្ឋអាមេរិកគឺជាមហាអំណាចដែលត្រូវបានគេមើលរំលង»៕