ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ប្រុងប្រយ័ត្ន​ចំពោះ​មហិច្ឆតា​ផ្នែក​សន្តិសុខ​របស់​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក


រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​និង​មន្ត្រី​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​និង​ប៉ាស៊ីហ្វិក​លោក Pat Conroy ចូល​រួម​ការ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​អាស៊ីអាគ្នេយ៍​នៅ​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​និង​មន្ត្រី​សម្រាប់ការអភិវឌ្ឍអន្តរជាតិ​និង​ប៉ាស៊ីហ្វិក​លោក Pat Conroy ចូល​រួម​ការ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​អាស៊ីអាគ្នេយ៍​នៅ​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០២៣។

ប្រទេស​អូស្ត្រាលី​ចាត់ទុក​ខ្លួនឯង​ថាជា​អ្នក​ការពារ​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក។

ប៉ុន្តែ ប្រទេស​ចិន​កំពុង​មាន​មហិច្ឆតា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​បន្ត​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។

កាលពី​ពេល​ថ្មីៗ​នេះ លោក Pat Conroy ដែល​ជា​រដ្ឋមន្ត្រី​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី និង​ដែល​ជា​រដ្ឋមន្ត្រី​ផ្នែក​ឧស្សាហកម្ម​ការពារ​ជាតិ​ផងដែរ​នោះ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ទីម័រ​ខាងកើត​និង​ប្រទេស​ណូរូ។

លោក​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ដើម្បី «ពង្រឹង​ភាព​ជាដៃគូ​ដ៏​ជ្រាលជ្រៅ​និង​យូរ​អង្វែង​ជាមួយ​ដៃគូ​ដ៏​ជិតស្និទ្ធ​ទាំងពីរ​ក្នុង​ចំណោម​ដៃគូ​ដ៏​ជិតស្និទ្ធ​ផ្សេង​ទៀត​របស់​អូស្ត្រាលី»។

កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ លោក Conroy បាន​សន្យា​ផ្ដល់​ជំនួយ ២៣ លាន​ដុល្លារ​ដើម្បី​ជួយ​ពង្រឹង​ផ្នែក​អនុវត្ត​ច្បាប់​នៅ​ទីម័រ​ខាងកើត​ដែល​ធ្លាប់ជា​ផ្នែក​មួយ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​មុន​ពេល​ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ឯករាជ្យ។ ជំនួយ​នេះ​នឹង​ជួយ​ដល់​ប៉ូលិស​ក្នុង​ប្រទេស​នេះ​ឆ្លើយតប​ទៅនឹង​គ្រោះ​ធម្មជាតិ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន។

កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា លោក Conroy បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​ណូរូ​ឆ្នាំ ២០២៤ និង​បាន​កោត​សរសើរ​ជាថ្មី​ដល់​ទំនាក់ទំនង​ដ៏ «ជ្រាលជ្រៅ» រវាង​ប្រទេស​អូស្ត្រាលី​និង​ណូរូ។

លោក Dirk van der Kley ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មហាវិទ្យាល័យ​សន្តិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National Univesity) បាន​ប្រាប់ VOA ថា អូស្ត្រាលី​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អូស្ត្រាលី​ធ្លាប់ជា​ប្រទេស​មហា​អំណាច​នាំមុខ​ផ្នែក​សេដ្ឋកិច្ច​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ហើយ​ឥឡូវនេះ​ក៏​អាច​នៅតែ​ដូច្នេះ​ដដែល។ ប៉ុន្តែ ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​មួយ​ទៀត​កំពុង​ចូល​មក​ក្នុង​តំបន់​នេះ​ដែរ ដែល​ជា​រឿយៗ​មាន​ចំណាប់​អារម្មណ៍​ផ្សេង​ពី​ចំណាប់​អារម្មណ៍​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​នេះ។ ដូច្នេះ វា​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​អូស្ត្រាលី​បារម្ភ​អំពី​បញ្ហា​នេះ ជាពិសេស​នៅ​ពេល​និយាយ​អំពី​កិច្ច​ព្រមព្រៀង​នានា​ពាក់ព័ន្ធ​នឹង​សន្តិសុខ»។

កាលពី​ដើម​ខែ​មករា កោះ​ណូរូ ដែលជា​សាធារណរដ្ឋ​តូច​មួយ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក បាន​ចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ឡើងវិញ​ជាមួយ​ចិន បន្ទាប់ពី​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​មក។

ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជា​ប្រទេស​ស្ថិត​នៅ​ជិត​ប្រទេស​អូស្ត្រាលី​ជាងគេ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ចិន​អំពី​កិច្ចព្រមព្រៀង​ផ្នែក​សន្តិសុខ​និង​ការ​អនុវត្ត​ច្បាប់។ កាលពី​ឆ្នាំ ២០២១ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស Solomon Islands ដែល​ជា​ប្រទេស​ប្រជុំ​កោះ​មាន​ទីតាំង​ជា​យុទ្ធសាស្ត្រ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អូស្ត្រាលី។

លោក Van der Kley បាន​និយាយ​ថា ចិន​មាន​មហិច្ឆកា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «យើង​កំពុង​និយាយ​អំពី​ប្រទេស​មួយ​ចំនួន​តូច​ដែល​នៅ​រាយប៉ាយ​ពី​គ្នា ដែល​មាន​ចំនួន​ប្រជាជន​តិច​និង​ជា​ប្រទេស​ក្រីក្រ។ ចិន​កំពុង​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​បង្កើត​នូវ​របៀប​រៀបរយ​ពិភពលោក ហើយ​ប្រហែល​ជា​មាន​រឿង ៣ ពាក់ព័ន្ធ​នឹង​ករណី​នេះ។ ទីមួយ​គឺ​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់។ នៅ​ពេល​យើង​និយាយ​អំពី​តំបន់ តំបន់​ប៉ាស៊ីហ្វិក​គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ពីរ​បី​នៅ​លើ​ពិភពលោក​ដែល​នៅ​មាន​ប្រទេស​ខ្លះ​ទទួលស្គាល់​តៃវ៉ាន់​ជាជាង​ចិន​នៅ​អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នានា»។

លោក Van der Kley បាន​បន្ថែម​ថា ប្រទេស​ដីកោះ​នានា​នៅ​តំបន់​ប៉ាស៊ីហ្វិក​ក៏អាច​គាំទ្រ​ចិន​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ផ្សេងៗ រួម​ទាំង​នៅ​អង្គការ​សហប្រជាជាតិ ក៏​ដូចជា​គាំទ្រ​ចិន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ជះ​ឥទ្ធិពល​នៅលើ​ពិភពលោក​ផងដែរ។

អូស្ត្រាលី​បាន​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ទំនាក់ទំនង​ជាមួយ​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​មាន​ទំនោរ​ឆ្វេង​និយម​បាន​ឡើង​កាន់​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ ២០២២ មក។

ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន​បាន​ធ្លាក់ចុះ​ដោយសារ​ជម្លោះ​ទាក់ទិន​នឹង​ប្រភពដើម​នៃ​ជំងឺ​កូវីដ១៩ ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​ជម្លោះ​ពាណិជ្ជកម្ម។

ទោះជា​យ៉ាងណា​ក៏ដោយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​សង្ក់តធ្ងន់​ថា ប្រទេស​ទាំង​ពីរ​នឹង​នៅតែ​មិន​ចុះ​សម្រុង​ជាមួយ​គ្នា​លើ​បញ្ហា​ជាក់លាក់​មួយ​ចំនួន។

អ្នកវិភាគ​នានា​បាន​ព្យាករ​ថា ការ​ប្រកួតប្រជែង​ដើម្បី​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​រវាង​ចិន​និង​អូស្ត្រាលី​នឹង​កាន់តែ​ខ្លាំង​ជាងមុន៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG