ប្រទេសទីម័រខាងកើត និងអូស្រា្តលីបានឯកភាពលើបញ្ហាព្រំដែនសមុទ្រជាលើកដំបូងបង្អស់។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះបានជួយបញ្ចប់ជម្លោះ ដែលអូសបន្លាយអស់រយៈពេលមួយទសវត្សរ៍រវាងប្រទេសទាំងពីរ ជុំវិញសិទ្ធិប្រើប្រាស់ធនធានប្រេងនិងឧស័ន្មដ៏ច្រើននៅក្នុងសមុទ្រទីម័រ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅក្នុងបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិកបន្ទាប់ពីបានចរចានៅឯតុលាការអាជ្ញាកណ្តាលអន្តរជាតិរួចមក។
សន្ធិសញ្ញាព្រំដែនសមុទ្ររវាងប្រទេសទីម័រខាងកើត និងអូស្រា្តលីនេះនឹងផ្តល់ឱកាសជាច្រើនដល់ប្រទេសទីម័រដែលជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតនៅក្នុងពិភពលោក ឲ្យទទួលបានចំណូលយ៉ាងច្រើនពីការលក់ប្រេងនិងឧស្ម័ននៅក្នុងសមុទ្រទីម័រនៅថ្ងៃអានាគត។
ប្រទេសទីម័រខាងកើតទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០២ ប៉ុន្តែមិនទាន់បានបង្កើតព្រំដែនសមុទ្រជាអចិន្ត្រៃយ៍ជាមួយប្រទេសអូស្ត្រាលីនៅឡើយទេ។
ការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរជុំវិញសិទ្ធិប្រើប្រាស់ប្រេងនិងឧស័ន្មបានកើតឡើងតាំងពីពេលនោះមក។
កិច្ចព្រមព្រៀងថ្មីនេះមានន័យថា ប្រទេសទីម័រខាងកើតនឹងទទួលបានចំណូលយ៉ាងហោចណាស់៧០ភាគរយនៃចំណូលពីការលក់ប្រេងនិងឧស្ម័ននៅក្នុងតំបន់ Greater Sunrise។ តំបន់នេះគឺជាកន្លែងដែលមានប្រេងនិងឧស្ម័នច្រើនជាងគេបំផុតនៅក្នុងសមុទ្រទីម័រ ដែលត្រូវគេប៉ាន់ស្មានថា អាចមានតម្លៃដល់ទៅ៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្របពេលនេះដែល ការចរចានៅតែបន្តទាក់ទិននឹងការចែករំលែកការប្រើប្រាស់តំបន់នេះ។ ប៉ុន្តែតំបន់នេះមិនទាន់ត្រូវបានគេទាញយកប្រេងនិងឧស័្មននៅឡើយទេ។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Julie Bishopបានថ្លែងថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ មិនមែនសម្រាប់តែប្រទេសរបស់យើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ច្បាប់អន្តរជាតិផងដែរ។ រដ្ឋាភិបាលរបស់ប្រទេសយើងទាំងពីរបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាលទ្ធផលដ៏យុត្តិធម៌និងស្មើភាពមួយ»។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅឯអង្គការសហប្រជាជាតិនៅក្នុងបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីបានចរចាគ្នានៅឯតុលាការអាជ្ញាកណ្តាលអន្តរជាតិរួចមក។
នៅក្នុងដំណើរការផ្សះផ្សាដ៏ចាំបាច់ និងមានសារៈសំខាន់មួយ ប្រទេសទីម័រខាងកើតបានប្រជែងជាមួយប្រទេសអូស្តា្រលី ដែលជាប្រទេសក្បែរខាងដ៏ធំ និងមានឥទ្ធិពលជាងខ្លួន។ រដ្ឋមន្រ្តីក្រសួងដែនដីរបស់ទីម័រខាងកើត លោក Agio Pereiraបានថ្លែងថាយុត្តិធម៌ពិតជាឈ្នះ។
លោកAgio Pereiraបានថ្លែងថា៖ «បន្ទាប់ពីនេះទៅ យើងនឹងមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែអ្វីដែលយើងចង់បាននៅពេលដែលយើងបង្កើតដំណើរការផ្សះផ្សានេះឡើងនោះ គឺឥឡូវនេះបានសម្រេចហើយ។ នោះគឺជាការព្រមព្រៀងគ្នាកំណត់ព្រំដែនសមុទ្រជាអចិន្រ្តៃយ៍»។
សន្ធិសញ្ញានេះមានសារៈសំខាន់ណាស់ចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដោយសារតែប្រទេសនេះពឹងផ្អែកជាខ្លាំងទៅលើប្រាក់កំរៃ ដែលមានការថយចុះ បានមកពីគម្រោងធនធានផ្សេងៗ។
រដ្ឋាភិបាលទីក្រុងឌីលីបាននិយាយថា ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជា
«ជាថ្ងៃដ៏សំខាន់»។ អង្គការសហប្រជាជាតិបានកោតសសើរ«ទស្សនៈវិស័យ និងការប្តេជ្ញាចិត្ត»របស់ប្រទេសទាំងពីរនៅក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា