លោកស្រីអង់សាន ស៊ូជី មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមា កំពុងអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិដល់ការបោះឆ្នោតទូទៅនៅខែវិច្ឆិកា ដែលនឹងក្លាយជាការបោះឆ្នោតលើកទីមួយចាប់តាំងពីការគ្រប់គ្រងរបស់ពួកយោធាអស់រាប់ទសវត្សរ៍ដែលបានបញ្ចប់នៅឆ្នាំ២០១១។
នៅក្នុងកាសែតវីដេអូដែលបានចុះផ្សាយនៅថ្ងៃអង្គារនេះនៅគេហទំព័របណ្តាញទំនាក់ទំនងសង្គមហេ្វសប៊ុក (Facebook) របស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យជាយូរយារណាស់មកហើយបាននិយាយថា ការបោះឆ្នោតគឺជា លើកទីមួយនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ដែលប្រជាពលរដ្ឋរបស់យើងនឹងមានឱកាសធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។
លោកស្រីអង់សាន ស៊ូជីបានមានប្រសាសន៍ជាភាសាអង់គ្លេសនៅក្នុងកាសែតវីដេអូនេះថា «នេះជាឱកាសដែលយើងមិនអាចធ្វើឲ្យបាត់បង់បាន។ យើងសង្ឃឹមថា ពិភពលោកទាំងមូលនឹងយល់ពីសារៈសំខាន់សម្រាប់យើងក្នុងការសម្រេចឲ្យបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានគោរពដោយគណបក្សទាំងអស់ដែលទាក់ទិនក្នុងការបោះឆ្នោតនេះ»។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា «សូមជួយយើងដោយធ្វើការសង្កេតពីអ្វីដែលកើតមានឡើង មុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត ហើយពេលបន្ទាប់ពីការបោះឆ្នោត ដែលជាពេលដ៏សំខាន់មួយ។ នេះជាការរួមវិភាគទានដ៏ល្អបំផុតដែលលោកអ្នកអាចធ្វើដើម្បីសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសនេះ ដោយការធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋរបស់យើងមានអារម្មណ៍ថា ឆន្ទៈរបស់ពួកគេបានត្រូវគេគោរព។
ថ្ងៃអង្គារនេះកំណត់ការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលនឹងកំណត់សភា ហើយបន្ទាប់មកនឹងជ្រើសរើសប្រធានាធិបតី៕