បាងកក៖ តុលាការមួយនៅប្រទេសកម្ពុជា បានទុកចោលមិនចាត់ការរឿងក្តីដែលសកម្មជនបរិដ្ឋាន និងជាអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស ត្រូវបានគេសម្លាប់។ ក្រុមអ្នករិះគន់និយាយថា ការទុកចោលមិនចាត់ការរឿងក្តីនេះ ជាបរាជ័យថ្មីចុងក្រោយរបស់ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់ស្លាប់ នៅក្នុងស្ថានការណ៍គួរឲ្យសង្ស័យ ដែលស្ថិតក្នុងចំណោមការវាយប្រហារមួយចំនួនទៅលើសកម្មជន អ្នកយកព័ត៌មាន និងបាតុករ។ ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា ព្រឹត្តិការណ៍នេះ បង្ហាញអំពីនិទណ្ឌភាពសម្រាប់ជនមានអំណាច និងការចូលពាក់ព័ន្ធក្នុងតុលាការ។
សកម្មជន ឈុត វុទ្ធី កំពុងស៊ើបអង្កេតការកាប់ព្រៃឈើខុសច្បាប់ នៅពេលដែលលោកត្រូវគេបញ្ឈប់នៅប៉ុស្ត៍ត្រួតពិនិត្យមួយ លោកត្រូវបានឃាតករបាញ់សម្លាប់ រួមជាមួយនឹងមន្រ្តីប៉េអឹមម្នាក់។
ប៉ូលិស បានដាក់កំហុសមន្រ្តីប៉េអឹមដែលបានស្លាប់នោះ ចំពោះការសម្លាប់កាលពីខែមេសានៅខេត្តកោះកុង ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។
ពីដំបូង មន្រ្តីប៉ូលិសទាំងនេះអះអាងថា មន្រ្តីប៉េអឹមនោះ បានធ្វើអត្តឃាត ក៏ប៉ុន្តែ ក្រោយមកបានផ្លាស់ប្តូរការអះអាងរបស់ពួកគេ ហើយនិយាយថា មន្រ្តីប៉េអឹមនោះ ត្រូវសន្តិសុខម្នាក់ បាញ់ចំនួនពីរគ្រាប់ដោយអចេតនា។
កាលពីថ្ងៃព្រហស្បតិ៍នេះ តុលាការខេត្តកោះកុង បានបើកអង្គជំនុំជម្រះអំពីការសម្លាប់ជនពីររូបនេះ ក៏ប៉ុន្តែភ្លាមៗនោះ បានបញ្ឈប់ទៅវិញ ដោយនិយាយថា ជនដែលគេសង្ស័យថា បានបាញ់សម្លាប់លោក ឈុត វុទ្ធី នោះ បានស្លាប់ទៅហើយ។
លោក អ៊ូ វីរៈ ជានាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកបានថ្លែងថា បរាជ័យរបស់តុលាការក្នុងការស្វែងរកយុត្តិធម៌សម្រាប់រឿងក្តីនេះ បង្ហាញអំពីការចូលពាក់ព័ន្ធផ្នែកនយោបាយនៅក្នុងប្រព័ន្ធតុលាការ។
«មន្រ្តីជាច្រើនរូប ដែលបានទទួលផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មខុសច្បាប់ ពីការកាប់ព្រៃឈើខុសច្បាប់ និងការធ្វើពាណិជ្ជកម្មឈើហ៊ុបខុសច្បាប់ មិនសប្បាយចិត្តនឹងលោក វុទ្ធីទេ។ ហើយដោយសារតែបញ្ហានោះ ខ្ញុំគិតថា រដ្ឋាភិបាល និងអ្នកដែលមានអំណាច គ្មានសន្ទុះចិត្តក្នុងការស៊ើបអង្កេតរឿងក្តីនេះទេ»។
លោក ឈុត វុទ្ធី បានរិះគន់បញ្ហាពុករលួយដោយគ្មានសំចៃមាត់នៅក្នុងរឿងជម្លោះដីធ្លី និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ករណីដទៃទៀតកាលពីពេលថ្មីៗនេះ បានកត់សម្គាល់អំពីឥទ្ធិពលរបស់ក្រុមហ៊ុនរបស់អ្នកមានអំណាច និងអ្នកនយោបាយ ទៅលើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសនេះ។
កាលពីថ្ងៃច័ន្ទ តុលាការមួយ បានកាត់ទោសនាយកស្ថានីយ៍វិទ្យុឯករាជ្យតែមួយគត់នៅប្រទេសកម្ពុជា ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទបង្កើតអបគមន៍ បើទោះជាគ្មានភស្តុតាងច្បាស់លាស់ក៏ដោយ។
ក្រុមសកម្មជនថ្លែងថា លោក ម៉ម សុណង់ដូ ដែលវិទ្យុសំបុកឃ្មុំរបស់លោក ចាក់ផ្សាយកម្មវិធីផ្សាយរបស់វីអូអេសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ត្រូវបានកំណត់ជាមុខសញ្ញា ក្នុងការដែលលោកហ៊ានប្រឈមមុខនឹងអាជ្ញាធរ។
តុលាការ បានចាប់ផ្តើមដំណើរការរឿងក្តីប្រឆាំងនឹងបុរសវ័យ ៧០ឆ្នាំរូបនេះ នៅក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យចាប់ខ្លួនលោក។
អ្នកស្រី ជេននីស ប៊ីនលេនដ៍ (Janice Beanland) ជាអ្នកធ្វើយុទ្ធនាការ នៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International។ អ្នកស្រីថ្លែងថា សាលក្រមនោះ បានធ្វើឲ្យមានការសង្ស័យ ថាតើនៅប្រទេសកម្ពុជា អាចមានការជំនុំជម្រះដោយយុត្តិធម៌បានដែរ ឬទេ?
«ខ្ញុំគិតថា ឆ្នាំនេះ បានកត់សម្គាល់អំពីការធ្លាក់ដុនដាបនៃសេរីភាពនៃការបញ្ចេញមតិ ជាពិសេស សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាដោយសន្តិវិធី។ ពួកគេទាំងនោះ ប្រឈមនឹងការរុកគួន វិធានការច្បាប់តាមរយៈតុលាការដែលត្រួតត្រាដោយរដ្ឋាភិបាល និងអំពើហិង្សាមួយចំនួន ដោយរួមទាំងការសម្លាប់ផងដែរ»។
កាលពីខែកញ្ញាកន្លងទៅនេះ សាកសពអ្នកយកព័ត៌មានស៊ើបអង្កេតអំពីការកាប់ព្រៃឈើខុសច្បាប់ដែលមានការពាក់ព័ន្ធនឹងយោធាកម្ពុជា ត្រូវបានគេរកឃើញនៅក្នុងឃ្លុបរថយន្តមួយគ្រឿង។
នៅក្នុងឆ្នាំនេះ យ៉ាងតិចណាស់មាន៣ករណីទៀត ដែលមានការពាក់ព័ន្ធទៅនឹងកងសន្តិសុខដែលបាញ់ប្រហារទៅលើកម្មករដែលគ្មានអាវុធ និងអ្នកតវ៉ារឿងដីធ្លី។
នៅខែឧសភាឆ្នាំនេះ កុមារីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានបាញ់ស្លាប់ នៅក្នុងការបណ្តេញចេញពីដីធ្លីប្រកបដោយហិង្សាមួយ។
លោក អ៊ូ វីរៈ ថ្លែងថា ការមិនអត់ឱនចំពោះការរិះគន់ ហាក់ដូចជាកើនឡើង នៅមុនការបោះឆ្នោតសាកលឆ្នាំ២០១៣ ជាពិសេសការរិះគន់លើបញ្ហារឹបអូសដីធ្លី។
«គណបក្សគ្រប់គ្រងអំណាច មិនសប្បាយចិត្តនឹងលទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ចុងក្រោយបង្អស់នៅក្នុងឆ្នាំ២០១២នេះទេ ទោះបីជាពួកគេបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីក៏ដោយ ក៏ពួកគេចង់បានច្រើនជាងនេះទៀត។ ដូច្នេះ ពួកគេចាប់ផ្តើមបំបិទមាត់អ្នករិះគន់ ពួកគេចាប់ផ្តើមបញ្ឈប់សារព័ត៌មានខ្លះដែលរាយការណ៍យ៉ាងទូលំទូលាយ អំពីជម្លោះដែលបានកើតឡើងដោយសារដីធ្លី ដីសម្បទានសេដ្ឋកិច្ច និងការដណ្តើមយកដី។ ហើយខ្ញុំគិតថា ការបង្ក្រាបនេះ នឹងមានជាបន្ត រហូតដល់ថ្ងៃបោះឆ្នោត»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះដាច់នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅនេះ ដោយបានទទួលសំឡេងឆ្នោត៧០ភាគរយ។
ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតនៅក្នុងតំបន់ ដែលមានជម្លោះដីធ្លី និងការបណ្តេញចេញដោយបង្ខំពីដីធ្លីដែលជួលឲ្យក្រុមហ៊ុនបរទេស។
ភាពរស៊ើបនៃបញ្ហានេះ បាននាំឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសផ្អាកជាបណ្តោះអាសន្ន និងធ្វើការពិនិត្យលើដីសម្បទានសេដ្ឋកិច្ចឡើងវិញ។
លោកសូរីយ៉ា ស៊ូប៊េឌី (Surya Subedi) ជាអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា។ លោកនិយាយថា គ្រាដែលមានការផ្អាកសកម្មភាពពុករលួយដែលជាជំហានមួយឆ្ពោះទៅគោលដៅដ៏ត្រឹមត្រូវនោះ សេរីភាពនៃការបញ្ចេញមតិនៅតែមានសភាពយ៉ាប់យ៉ឺន។
«ហើយនៅក្នុងពេលឈានទៅដល់ការបោះឆ្នោតនេះ ខ្ញុំបានស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យបន្ធូរបន្ថយស្ថានការណ៍ ហើយខ្ញុំបានផ្តល់យោបល់ថា គួរតែមានបរិយាកាសនយោបាយសេរី និងបើកចំហរ ដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌។ ហើយហេតុការណ៍ និងការតវ៉ាមួយចំនួនក្នុងពេលថ្មីៗនេះ ដែលខ្ញុំបានឃើញ គឺមិនដើរទៅតាមផ្លូវត្រូវទេ»។
នៅក្នុងរបាយការណ៍មួយក្នុងខែកក្កដាទៅអង្គការសហប្រជាជាតិ លោក ស៊ូប៊េឌី បាននិយាយថា ក្នុងពេលឥឡូវនេះ អ្នកការពារសិទ្ធិមនុស្សមានការភ័យខ្លាចអំពីការបាត់បង់ជីវិតរបស់ពួកគេ ហើយការកើនឡើងនូវការមិនអត់ឱនពីសំណាក់អាជ្ញាធរ ទំនងជានឹងប៉ះពាល់ដល់បរិយាកាសនយោបាយសម្រាប់គណបក្សប្រឆាំង៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់