ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅឯ​អង្គការ​សហប្រជាជាតិ ​សហ​រដ្ឋ​អាមេរិក​និង​ដៃគូ​​អំពាវនាវ​ឲ្យ​ពង្រឹង​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ មនុស្ស​ម្នា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​កម្មវិធី​ព័ត៌មាន​រាយការណ៍​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ មនុស្ស​ម្នា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​កម្មវិធី​ព័ត៌មាន​រាយការណ៍​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (AP)

សហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ជាច្រើន​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ការ​ថ្កោលទោស​រួម​គ្នា​ប្រឆាំងការបាញ់​បង្ហោះ​មីស៊ីល​ផ្លោង​នៅ​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាងជើង​ហើយ​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ទាំងស្រុង​របស់​អង្គការ​សហ​ប្រជាជាតិ។​

ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​លោក​ស្រី ​Linda Thomas-Greenfield​ បាន​មាន​ប្រសាសន៍​ថា​«សំខាន់​បំផុត​ដែល​រដ្ឋ​ជា​សមាជិក​ចាត់​វិធានការ​ចាំបាច់​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​យុត្តាធិការ​របស់​ខ្លួន​បើ​ពុំ​ដូច្នេះ​ទេ​មានតែ​ប្រថុយ​បើក​ដៃ​ឱ្យ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ឬ​កូរ៉េ​ខាង​ជើង​ធ្វើ​កម្ម​វិធី​អាវុធ​តាម​ចិត្ត»។

លោក​ស្រី​បាន​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​អម​ដោយ​សមភាគី​របស់​លោក​ស្រី​មក​ពី​ប្រទេស​អាល់បានី​ប្រេស៊ីល​ចក្រភព​អង់គ្លេស​បារាំង​អៀរឡង់​ជប៉ុន​និង​អេមីរ៉ាតអារ៉ាប់​រួម។​ជប៉ុន​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​

នេះ​ជា​លើក​ទី២​នៅ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន​ជួប​ប្រជុំ​សម្ងាត់​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង។

ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បង​២​ដង​នូវ​អ្វី​ដែល​កូរ៉េ​ខាង​ជើង​ពណ៌នា​ថា​ មីស៊ីល​លឿន​ជាង​សំឡេង​បាន​បាញ់​មីស៊ីល​ផ្លោង​២​ចេញ​ពី​រទេះ​ភ្លើង​ហើយ​បាន​បាញ់​មីស៊ីល​កលយុទ្ធ​២​ចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​ព្យុងយ៉ាង។​

កូរ៉េ​ខាងជើង​បាន​មិន​អើពើ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​សំណើ​របស់​សហ​រដ្ឋ​អាមេរិក​ឲ្យ​ចាប់​ផ្តើម​ចរចា​ឡើង​វិញ​ ដោយ​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​បញ្ឈប់​«គោល​នយោបាយ​អរិភាព»​ជា​មុន៕

XS
SM
MD
LG