ការលាលែង និងការធ្វើពហិការរបស់សមាជិកសភាគណបក្សប្រឆាំង សំដៅរាំងស្ទះដល់ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១២ និងច្បាប់ដទៃទៀតនោះ ត្រូវក្រុមអ្នកវិភាគនិយាយនៅថ្ងៃច័ន្ទនេះថា ការណ៍នេះមិនអាចធ្វើឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញតាមផ្លូវច្បាប់បានទេ ប៉ុន្តែវាធ្វើឱ្យខ្សោយដល់អានុភាព នៃសេចក្តីសម្រេចរបស់រដ្ឋសភា។
ក្នុងមាត្រា៧៦នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវមានសមាជិកយ៉ាងតិច១២០រូប។ លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានបកស្រាយថា តំណាងរាស្ត្រគណបក្សសម រង្ស៊ីបីរូបបានលាលែងដើម្បីឱ្យចំនួនសមាជិកសភាក្រោម១២០រូបគឺតិចជាងការកំណត់របស់រដ្ឋធម្មនុញ្ញដែលធ្វើឱ្យរដ្ឋសភាសព្វថ្ងៃបាត់បង់ធម្មនុញ្ញភាព ហើយសេចក្តីសម្រេចរបស់រដ្ឋសភានិងរដ្ឋាភិបាលមិនអាចមានលក្ខណៈពេញលេញតាមផ្លូវច្បាប់បានទេ។
លោកជាម យៀប សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានបកស្រាយថា មាត្រា៧៦បានតម្រូវឱ្យរដ្ឋសភាមានសមាជិកយ៉ាងតិច១២០រូបដើម្បីបង្កើតរដ្ឋសភាមួយពេញលក្ខណៈច្បាប់ ហើយរដ្ឋសភាត្រូវបានបង្កើតពេញលក្ខណៈច្បាប់ ហើយ។
លោកឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថ្លែងថា មានការបកស្រាយភាន់ច្រឡំលើមាត្រា៧៦នៃរដ្ឋធម្មនុញ្ញដែលចែងថា រដ្ឋសភាត្រូវមានសមាជិកយ៉ាងតិច១២០រូប។
លោកឡាវ ម៉ុងហៃបានបន្តថា បើចំនួនសមាជិកសភាថយចុះក្រោម១២០រូប សមាជិកម្នាក់លំដាប់បន្ទាប់នៅក្នុងមណ្ឌលបោះឆ្នោតដែលនៅមានអាសនៈក្នុងរដ្ឋសភានោះត្រូវឡើងមកជំនួស ហើយអ្វីដែលគណបក្សសម រង្ស៊ីកំពុងធ្វើមិនសមហេតុផលទេ ដោយយោងតាមមាត្រា៨៨ ដែលចែងថា ការប្រជុំសភាតម្រូវឱ្យមានកូរ៉ុម៧ភាគ១០សម្រាប់ការអនុម័តច្បាប់។
លោកឡាវ ម៉ុងហៃបានបញ្ជាក់ថា ការលាលែង និងការធ្វើពហិការរបស់គណបក្សសម រង្ស៊ីគ្រាន់តែធ្វើឱ្យខ្សោយដល់អានុភាពនៃសេចក្តីសម្រេចនានា ជាពិសេសការអនុម័តច្បាប់ដោយគ្មានការពិភាក្សា ហើយកិច្ចព្រមព្រៀងប្រាក់កម្ចីនឹងប្រឈមនឹងការលំបាកនៅពេលអនាគត។
«បើគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្សប្រឆាំងអាចនឹងមិនសងបំណុល ដែលខ្លួនមិនបានអនុម័ត។ ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១២ និងច្បាប់ត្រួតពិនិត្យគ្រឿងញៀនមានភាពស្របច្បាប់ ប៉ុន្តែវាមានកង្វះធម្មនុញ្ញរូបខាងផ្លូវច្បាប់ផង និងសីលធម៌ផង គឺថា ច្បាប់ហ្នឹងអត់មានទម្ងន់ ដូចច្បាប់មានការចូលរួមអនុម័តឱ្យបានច្រើនគ្នា»។
លោកសុខ សំអឿន នាយកប្រតិបត្តិអង្គការការពារសិទ្ធិកម្ពុជា បានថ្លែងថាការលាលែង និងការធ្វើពហិការនេះមិនធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងការសៅហ្មងផ្នែកការទូត។
«ខ្ញុំថា នេះគ្រាន់តែជារឿងបច្ចេកទេសនយោបាយ និងជាកល់យុទ្ធអ្នកនយោបាយ។ គណបក្សប្រឆាំងគាបសង្កត់ទៅគណបក្សប្រជាជនដើម្បីឲ្យយល់ព្រមនូវចំណុចណាមួយ។ វាជារឿងនយោបាយ និងជារឿងរបស់អ្នកនយោបាយទេ។ វាមិនមែនជារឿងច្បាប់ទេ»។
លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា វាជារឿងគួរឱ្យសោកស្តាយ ដែលយើងជាកម្ពុជាមិនអាចសម្របសម្រួល និងសម្រេចដល់កិច្ចព្រមព្រៀងគ្នាស្តីពីច្បាប់ថវិកាជាតិឆ្នាំ២០១២។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជា និងរដ្ឋាភិបាលត្រូវការធ្វើដំណើរទៅមុខដោយដាក់ផលប្រយោជន៍ជាតិលើអ្វីៗទាំងអស់។
«ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១២ ខ្ញុំគិតថា ជាការសោកស្តាយមួយ ដោយប្រជាពលរដ្ឋកម្ពុជាយើងមានតំណាងរាស្ត្រនៅក្នុងសភាពុំអាចសម្រេចជាឯកច្ឆន្ធ បានន័យថា ចូលរួមទាំងអស់គ្នា ទៅលើថវិកាជាតិនោះ»។
លោកឡាវ ម៉ុងហៃបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ការទាមទាររបស់គណបក្សប្រឆាំងត្រូវតែដោះស្រាយជាបណ្តើរៗ ប៉ុន្តែគណបក្សប្រឆាំងក៏គួរតែលើកឱ្យចំបញ្ហាផងដែរ។
«បើសិនជាគណបក្សកាន់អំណាច ឬរដ្ឋាភិបាលមិនយកចិត្តទុកដាក់នឹងមតិទាំងឡាយ ដែលគេលើកឡើងនូវបញ្ហាសមហេតុផល ហើយមិនយកទៅគិតពិចារណា ដូចជាបញ្ហារឿងដីធ្លីអញ្ចេះ តែដេញគេទីណាត់ទីណែង។ យូរៗទៅ យើងធ្វើបាបតែប្រជាពលរដ្ឋខ្លួនឯង និងក្បត់នឹងសច្ចាប្រណិធាន ដែលអ្នកដឹកនាំបានធ្វើ។ ដល់យូរៗទៅ វាទៅជាកាន់អំណាចផ្តាច់ការ»។
លោកឈាង វណ្ណារិទ្ធបានបន្ថែមថា សេចក្តីទុកចិត្ត និងសេចក្តីជឿជាក់ក្នុងចំណោមគណបក្សនយោបាយផ្សេងគ្នា ត្រូវការពង្រឹងឱ្យខ្លាំងឡើងថែមទៀតតាមរយៈការចរចា និងការពិភាក្សាដោយបើកចំហ ត្រង់ទៅត្រង់មក និងតម្លាភាព។ បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជានឹងក្លាយទៅជាជនរងគ្រោះចំពោះការបង្កើនការប្រេះឆារផ្ទៃក្នុងនៅក្នុងប្រទេសនេះ៕