ទីភ្នាក់ងារព័ត៌មាន Associated Press បានចាត់វិធានការដែលមិនធ្លាប់មានកាលពីពេលមុនដោយ ការបើកការិយាល័យព័ត៌មានដ៏ពេញលេញមួយនៅក្នុងប្រទេសកូរ៉េខាងជើង។ ប៉ុន្តែ មានសំណួរពាក់ព័ន្ធអំពីថាតើទីភ្នាក់ងារព័ត៌មានប្រទេសលោកខាងលិច ដែលមានបទដ្ឋានកាសែតដ៏តឹងរ៉ឹងនេះ នឹងអាចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមមួយដែលបិទជិតនិងមានការគាបសង្កត់ដ៏ឃោរឃៅដែរឬទេ។ ទីភ្នាក់ងារព័ត៌មាន Associated Press និងរដ្ឋាភិបាលកូរ៉េខាងជើង បានចំណាយពេលជិតមួយឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងដើម្បីបើកការិយាល័យព័ត៌មានពេញម៉ោងធ្វើការនៅក្នុងរដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។
ពិធីបើកសម្ពោធការិយាល័យនោះបានធ្វើឡើងកាលពីថ្ងៃច័ន្ទនៅទីភ្នាក់ងារព័ត៌មានដែលត្រួតត្រាដោយរដ្ឋរបស់កូរ៉េខាងជើង ជាទីកន្លែងការិយាល័យដែលការិយាល័យ AP តាំងនៅទីនោះ។
ទីភ្នាក់ងារព័ត៌មាន APប្រាប់ឲ្យដឹងថាការិយាល័យព័ត៌មាននោះ នឹងមានបុគ្គលិកជាអ្នកយកព័ត៌មានម្នាក់និងអ្នកថតរូបម្នាក់ អ្នកទាំងពីរជាជនជាតិកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការត្រួតត្រាមើលពីជនជាតិអាមេរិកាំង២នាក់ដែលនឹងធ្វើដំណើរជារឿយៗទៅកាន់រដ្ឋធានីព្យុងយ៉ាង។
លោក Kim Pyong Ho នាយកទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ បានត្រូវដកស្រង់សម្តីនៅឯពិធីនោះមកចុះផ្សាយថាទីភ្នាក់ងារព័ត៌មាន AP បានសន្យារាយការណ៍ពីបញ្ហាប្រទេសកូរ៉េខាងជើងដោយត្រឹម ត្រូវ មានតុល្យភាពនិងជាក់លាក់។
លោកគីម ក៏បានកត់សម្គាល់ដែរថាទីភ្នាក់ងារព័ត៌មាន AP បានត្រូវគេអនុញ្ញាតឲ្យពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនោះទោះបីមិនមានទំនាក់ទំនងខាងការទូតរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក ដែលការិយាល័យព័ត៌មានធំនោះតាំងនៅ។
លោកស្រី Kathleen Carroll បណ្ណាធិការប្រតិបត្តិបានថ្លែងពីរដ្ឋធានីព្យុងយ៉ាងថា ទីភ្នាក់ងារព័ត៌មាន AP ក្នុងកូរ៉េខាងជើង នឹងប្រកាន់ខ្ជាប់បទដ្ឋាននិងការអនុវត្តដូចគ្នាដែលខ្លួនបានអនុវត្តនៅការិយាល័យទាំងអស់របស់ខ្លួនទូទាំងពិភពលោក។
«មិនមានរដ្ឋាភិបាលណាដែលយើងរាយការណ៍ដែលបានអានរឿងឬមើលរូបថតឬវីដេអូហើយមិនមានមតិអំពីរឿងនោះទេ ហើយមានការណ៍ខ្លះ ពួកគេអាចមិនចូលចិត្ត។ យើងមានកិច្ចសន្ទនារបៀបនោះគ្រប់ពេលវេលាហើយខ្ញុំមិនរំពឹងថាពួកគេ នឹងខុសពីអ្នកដទៃទៀតទេលើចំណុចនេះនៅពេលបញ្ហានេះកើតឡើង»។
ប៉ុន្តែ សាស្រ្តាចារ្យ B.J. Lee នៅសាលាសេវាកម្មអន្តរជាតិនៃសកលវិទ្យាល័យ Sookmyungសម្រាប់ ស្រ្តីក្នុងរដ្ឋធានីសេអ៊ូល និយាយថាការមិនចុះសម្រុងគ្នារវាងទីភ្នាក់ងារព័ត៌មាន AP និងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលមិនសេពគប់អ្នកណានោះ អាចបង្ហាញនូវបញ្ហា។
«AP តំណាងឲ្យសារព័ត៌មានប្រទេសលោកខាងលិចដែលមិនលម្អៀង។ គេចង់យកព័ត៌មានទៅតាមលទ្ធភាពចេញពីរដ្ឋាភិបាលកូរ៉េខាងជើង។ ប៉ុន្តែ ជាការណ៍ពិត រដ្ឋាភិបាលកូរ៉េខាងជើងមានបញ្ហាជាច្រើនដែលត្រូវលាក់នៅពេលនេះ។ វានឹងមានជម្លោះរវាងទីភ្នាក់ព័ត៌មាន AP និងថ្នាក់ដឹកនាំរបស់កូរ៉េខាងជើង ជាពិសេសអំពីការផ្ទេរអំណាចនេះពី Kim Jong Il ទៅ Kim Jong Un»។
ពិធីបើកការិយាល័យនោះជាផ្លូវការ កើតមានឡើងមួយខែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានស្លាប់។ កូនប្រុសទី៣របស់ Kim Jong Il ដែលមានអាយុខ្ទង់២០ឆ្នាំ ដែលបានចាត់ទុកថាជាអ្នកស្នងតំណែងរបស់លោក ដែលជាការប៉ុនប៉ងមួយផ្ទេរអំណាចក្នុងទីក្រុងព្យុងយ៉ាងទៅឲ្យមនុស្សជំនាន់ទីបីក្នុងគ្រួសារនេះ។
លោកស្រីLeeជាអ្នករាយការណ៍ព័ត៌មានដ៏យូរមកហើយឲ្យទស្សនាវដ្តីNewsweek និយាយថាបណ្តាញផ្សាយព័ត៌មាននិងរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងឃ្លាំមើលយ៉ាងដិតដល់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP មកពីទីក្រុងព្យុងយ៉ាង ដែលជាទីកន្លែងដែលព័ត៌មានមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីរដ្ឋ។
«បណ្តាញផ្សាយព័ត៌មានកូរ៉េខាងត្បូង ក៏បានព្យាយាមបង្កើតការបតិបត្តិការខ្លះនៅក្នុងប្រទេសនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វាជាការណ៍ពិបាកបំផុតសម្រាប់ពួកគេដើម្បីយកព័ត៌មានចេញពីកូរ៉េខាងជើង។ ដូច្នេះ ពួកគេ នឹងយកចិត្តទុកដាក់ទៅនឹងព័ត៌មានអ្វីដែលទីភ្នាក់ងារព័ត៌មាន AP នឹងនាំចេញពីកូរ៉េខាងជើងនោះ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏នឹងយកចិត្តទុកដាក់ខ្លាំងណាស់ដែរ»។
កូរ៉េទាំងពីរមិនមានទំនាក់ទំនងខាងការទូតទេហើយតាមបច្ចេកទេសកូរ៉េទាំងពីរនៅមានសង្គ្រាមចាប់តាំងពីការប្រយុទ្ធដែលនៅទាល់ច្រកនៅដើមទសវត្សរ៍១៩៥០។
ក្រសួងបង្រួបបង្រួមជាតិនិងក្រសួងការបរទេសកូរ៉េខាងត្បូង បានបដិសេធពុំធ្វើអត្ថាធិប្បាយអំពីការិយាល័យព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងព្យុងយ៉ាងទេ។ ទីភ្នាក់ងារព័ត៌មាន AP មានការិយាល័យវីដេអូតូចមួយនៅទីនោះ ដោយមានបុគ្គលិកជាតិកូរ៉េខាងជើងម្នាក់ចាប់តាំងពីឆ្នាំ២០០៦មក។ ទីភ្នាក់ងារព័ត៌មាននោះ មានការិយាល័យក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនទសវត្សរ៍មកហើយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន