អតីតមន្ត្រីការទូតជើងចាស់ម្នាក់របស់ប្រទេសសិង្ហបុរី បានលើកឡើងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន គួរណាស់តែពិចារណាដកចេញនូវរដ្ឋសមាជិកចំនួនពីរ គឺកម្ពុជា និងលាវ។
នេះជាការលើកឡើងរបស់លោក Bilahari Kausikan ដែលធ្លាប់ជាលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរីពីឆ្នាំ២០១០ដល់ឆ្នាំ២០១៣ អំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ ដែលកាលនោះកម្ពុជារងការចោទថាលម្អៀងទៅរកប្រទេសចិន។
ក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រ លោក Bilahari Kausikan បានលើកឡើងថាទាំងលាវទាំងកម្ពុជា សុទ្ធតែបានត្រាប់តាមម្ដងទៀតនូវ«កំហុសនយោបាយ»ដែលមានមេរៀនរួចមកហើយកាលពីអំឡុងសង្គ្រាមវៀតណាម។
លោក Bilahari Kausikan បានថ្លែងថា៖ «កំហុសនោះគឺថា[កម្ពុជានិងលាវ] ទុកចិត្តបណ្ដែតបណ្ដោយអំណាចអន្តរាគមន៍ដែលខ្លួនមានទៅឱ្យមហាអំណាចខាងក្រៅ«មួយ» ឬពួកគេប្រកាន់អព្យាក្រឹតភាពតាមបែបអកម្ម»។ លោកពន្យល់ថាប្រទេសទាំងពីរសម្ងំយករួចខ្លួនលើបញ្ហាដែលកើតឡើងក្នុងតំបន់។
VOAមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក Bilahari Kausikan បាននៅឡើយ ដើម្បីបញ្ជាក់ថាលោកសំដៅទៅលើប្រទេសណាមួយដែលប្រើពាក្យ«មហាអំណាចខាងក្រៅមួយ»នោះ មកពន្យល់បរិបទនៃឥទ្ធិពលរដ្ឋបរទេសមកលើប្រទេសលាវនិងកម្ពុជា។
អតីតអ្នកការទូតរបស់រដ្ឋដ៏តូចជាងគេនៃតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានបន្ថែមថា កម្ពុជានិងលាវមិនសូវជាយកចិត្តទុកដាក់អ្វីពេកទេទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង តែខ្នះខ្នែងខ្លាំងពីបញ្ហាមេគង្គដ្បិតប៉ះពាល់ផ្ទាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនដែលមានជាប់ពាក់ព័ន្ធប្រទាក់ក្រឡាជាមួយកត្តាស្លាប់រស់នៃរបបដឹកនាំនៅភ្នំពេញនិងវៀងចន្ទន៍។
លោកបញ្ជាក់ថា៖«យើងរង់ចាំមើលតទៅទៀត។ [លាវនិងកម្ពុជា] មានជម្រើសដ៏លំបាកដែលត្រូវសម្រេចជ្រើសយក ហើយបើប្រទេសទាំងពីរជ្រើសខុស ពួកគេនឹងត្រូវតទល់នឹងអាស៊ានទាំងមូលជាមួយនឹងជម្រើសលំបាកដែរ។ យើងប្រហែលជាត្រូវកាត់បន្ធូរចេញប្រទេសទាំងពីរ ដើម្បីសង្គ្រោះប្រទេសទាំងប្រាំបីផ្សេងទៀតដែលនៅសេសសល់»។
លោក Bilahari Kausikan ដែលបច្ចុប្បន្នជាប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យជាតិសិង្ហបុរី(NUS) បន្ថែមថាអាស៊ានគួរទុកសេណារីយោនៃការយកកម្ពុជានិងលាវចេញជាជម្រើសលើតុ។
«នេះផងដែរជាការអនុវត្តអន្តរាគមន៍[របស់អាស៊ាន]។ បើសិនជាកើតឡើងមែន គេគួរណាស់ទុកវាសម្រាប់ថ្ងៃអនាគត។ តែយ៉ាងណាវាមានគុណតម្លៃសម្រាប់យកទៅពិចារណា ទោះការគិតនេះស្ថិតតែក្នុងកាលៈទេសៈអាសន្នក៏ដោយ»។
ទាំងប្រទេសលាវ ទាំងកម្ពុជា សុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន និងជាទីតាំងដែលចិនពន្លាតឥទ្ធិពលសេដ្ឋកិច្ចយ៉ាងជោគជាំតាមរយៈកម្ចីឥណទាន ការវិនិយោគ និងលំហូរភ្ញៀវទេសចរ។
ប្រទេសលាវ ត្រូវបានទីភ្នាក់ងារវាយតម្លៃឥណទានធំៗដូចជា Moody’s និង Fitch Ratings ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដកពិន្ទុអំឡុងពេលថ្មីៗនេះ ដោយថាលទ្ធភាពរបស់លាវក្នុងការសងបំណុលបរទេស មានសភាពកាន់តែលំបាក។
លាវខ្លួនឯងមានទំហំបំណុលដែលជំពាក់ចិនដល់ទៅអត្រា៤៥%នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើយោងតាមការស្រាវជ្រាវកាលពីឆ្នាំ២០១៩របស់វិទ្យាស្ថាន Lowy ប្រទេសអូស្ត្រាលី។
បកមកប្រទេសកម្ពុជាវិញ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបរិយាយទំនាក់ទំនងខ្លួនជាមួយចិនថាជា«មិត្តដែកថែប» ខណៈចិនឈរនៅលើគេផ្នែកវិនិយោគ ជំនួយសេដ្ឋកិច្ចនិងជំនួយយោធា។
ខណៈដែលប្រទេសចិននិងកម្ពុជាទើបបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទីក្រុងប៉េកាំងគ្រប់គ្រងដល់ទៅទំហំ៤៦%នៃបំណុលសរុប៧,៩ពាន់លានដុល្លារដែលទីក្រុងភ្នំពេញជំពាក់បរទេស។
VOA មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមន្ត្រីការទូតសិង្ហបុរីបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាកម្ពុជាមិនដែលបានបណ្ដោយបើកឱ្យចិនប្រើប្រាស់ ដើម្បីជ្រៀតចូលអាស៊ានឡើយ។ លោកថា មតិលោក Bilahari Kausikan ជាជំហរបុគ្គលមួយរូបប៉ុណ្ណោះ។
«គាត់ក្នុងនាមជាជនបរទេសម្នាក់ មិនអាចក្ដាប់សភាពការណ៍នៅកម្ពុជា ក៏ដូចជានៅលាវបានទាំងស្រុងទេ។ អ៊ីចឹងនិយាយតាមការយល់ឃើញរបស់បុគ្គល និងក៏ដូចជាទៅតាមនិន្នាការនយោបាយ ឬមួយជានិន្នាការមនោគមវិជ្ជាទេ»។
លោក សុខ ឥសាន បន្ថែមថា៖ «ប្រទេសទាំង១០ជាសមាជិកសមាគមអាស៊ានហើយ ដូច្នេះមិនមែនតាមចិត្តបុគ្គលចង់កាត់អ្នកនេះចេញ កាត់អ្នកនោះចូលឱ្យអ្នកណាចូលនោះទេព្រោះគេធ្វើសុទ្ធតែមានសន្និសីទកំពូលអាស៊ាន មិនមែនយកបុគ្គលម្នាក់យកជាបានការទេ»។
យ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនបានមើលឃើញថា ចិនបានប្រើប្រាស់កម្ពុជា និងលាវ ជា«ដាវ»ដើម្បី«ពុះចែក»និងលូកលាន់កិច្ចការអាស៊ាន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា។
«ម្ល៉ោះហើយប្រទេសពីរហ្នឹង ប្រហែលជាគេឃើញថា ជាឧបករណ៍របស់ចិនទៅវិញ មិនអាចធ្វើការគិតគូររកគំនិតធ្វើសេចក្ដីសម្រេចអីក្នុងជួរអាស៊ានហ្នឹង ក៏ដូចជាមិនគិតដល់សាមគ្គីភាព និងឯកភាពក្នុងជួរអាស៊ាន»។
អ្នកវិភាគរូបនេះបន្ថែមថា ក្នុងនាមលោក Bilahari Kausikan ជាអតីតលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរី នាំឱ្យសំឡេងលោកមានទម្ងន់ និងឥទ្ធិពលទៅលើសហគមន៍អ្នកសិក្សាធិការ និងអ្នកតាក់តែងគោលនយោបាយក្នុងតំបន់។
ក្រសួងការបរទេសលាវ និងក្រសួងការបរទេសសិង្ហបុរី មិនបានឆ្លើយតបនឹងសំណើសុំសេចក្ដីអធិប្បាយទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
លិខិតចំហមួយដែលផ្សព្វផ្សាយលើសារព័ត៌មាន Freshnews របស់រដ្ឋាភិបាល នៅរសៀលថ្ងៃអង្គារនេះ បានលើកឡើងថា ក្រុមអតីតអ្នកការទូតដែលបានចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នបានហៅលោក Bilahari Kausikan ជា«អ្នកចម្បាំងចចកសិង្ហបុរីម្នាក់កំពុងបំផ្លាញសាមគ្គីភាពនិងមជ្ឈភាពអាស៊ាន»។
លិខិតចំហនោះឲ្យដឹងទៀតថាកុងសង់ស៊ីសដែលគ្មានប្រទេសលាវ និងកម្ពុជា ជា«កុងសង់ស៊ីសទន់ជ្រាយ»។
លិខិតបញ្ជាក់ថា៖ «សមាជិកអាស៊ានទាំងអស់កំពុងតែមានការប្រុងប្រយ័ត្នចំពោះការប្រកួតប្រជែងរបស់មហាអំណាចដែលកំពុងកើតមាននៅក្នុងតំបន់»។
អាស៊ានអនុវត្តការងារផ្អែកលើគោលការណ៍កុងសង់ស៊ីស ដែលទាល់តែប្រទេសជាសមាជិកទាំង១០យល់ព្រម ទើបអាចធ្វើសេចក្ដីថ្លែងការណ៍ឬសេចក្ដីសម្រេចរួមបាន។ នេះបើយោងតាមធម្មនុញ្ញអាស៊ាន។
កាលពីចុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថាកត្តាសំខាន់បំផុតដែលនាំឲ្យកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ានគឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងស្មារតីសហគមន៍ដែលធ្វើការងារតាមរបៀបកុងសុងស៊ីស គឺសម្រេចចិត្តដោយឯកច្ឆន្ទ។ ត្រង់ន័យនេះ លោក ហ៊ុន សែន បញ្ជាក់ថា«អាស៊ានគ្មានបងតូចបងធំ»នោះទេ។
លោក ហ៊ុន សែន បានលើកឡើងនាគ្រានោះថា៖ «សូមផ្តាំផ្ញើទៅអ្នកជំនាន់ក្រោយ បន្ទាប់ពីខ្ញុំទៅដែលទៅក្លាយជាមេដឹកនាំកម្ពុជា បន្តការងារនៅក្នុងក្របខណ្ឌអាស៊ាន ត្រូវរក្សាខ្ជាប់នូវគោលការណ៍ធ្វើការតាមកុងសុងស៊ីស ជាជាងធ្វើការតាមការបោះឆ្នោត ដែលនឹងក្លាយទៅជាការបែកបាក់នៅក្នុងក្របខណ្ឌសហគមន៍របស់យើង»។
កម្ពុជាត្រូវដល់វេនធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ ហើយនៅគ្រានោះកម្ពុជាក៏ត្រូវបញ្ជូនបេក្ខភាពទៅធ្វើជាអគ្គលេខាធិការអាស៊ានផងដែរ។ កម្ពុជាជារដ្ឋសមាជិកកូនពៅដែលត្រូវបានបញ្ចូលក្នុងអាស៊ាននៅឆ្នាំ១៩៩៩៕