ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាដែលធ្វើការលើការប្រយុទ្ធប្រឆាំងនឹងការធ្វើអាជីវកម្មកុមារព្រមានថា កុមារក្រីក្រនៅកម្ពុជាជាពិសេសក្មេងស្រីទំនងជានឹងប្រឈមនឹងបញ្ហាអាជីវកម្មផ្លូវភេទឬការបំពានផ្សេងៗកាន់តែច្រើននៅពេលដែលប្រទេសក្នុងតំបន់អាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅឆ្នាំ២០១៥។
ការលើកឡើងបែបនេះស្របពេលដែលរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិស្ដីអំពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(United Nations on Drugs and Crime)ដែលចេញផ្សាយកាលពីពេលថ្មីៗនេះរកឃើញថាស្ថានភាពនៃការជួញដូរផ្លូវភេទលើកុមារអាចនឹងកាន់តែអាក្រក់នៅពេលប្រទេសទាំង១០របស់អាស៊ានធ្វើសមាហរណកម្មនៅចុងឆ្នាំក្រោយនេះហើយក្រុមឧក្រិដ្ឋជននឹងឆ្លៀតឱកាសប្រព្រឹត្តបទល្មើសលើកុមារនៅពេលនោះដែរ។
ការទស្សទាយនេះដោយសំអាងលើសមត្ថភាពរបស់អាជ្ញាធរ ឬសមត្ថកិច្ចក្នុងប្រទេសនីមួយៗនៅមានកម្រិតនៅឡើយ។
លោកស្រីលឹម មុន្នី អនុប្រធានកម្មវិធីស្ត្រីនិងកុមារប្រចាំសមាគមការពារសិទ្ធិមនុស្សអាហុក(Adhoc)យល់ស្របនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិ UNODCនេះ។
«ដោយសារប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាវានៅមានកម្រិតខ្សោយនៅឡើយដើម្បីការការពារកុមារ អីចឹងនៅពេលអនាគតបើមានគម្រោងសមាហរកម្មខ្ញុំគិតថាចំនួនរឹតតែកើន»។
អនុប្រធានកម្មវិធីរូបនេះលើកឡើងថាកម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយដែលកុមារជាពិសេសក្មេងស្រីអាចប្រឈមនឹងការរំលោភបំពាន ជួញដូរដោយសារកម្រិតនៃការអនុវត្តច្បាប់នៅទន់ខ្សោយ។
ម្យ៉ាងវិញទៀតមន្ត្រីអ្នកអនុវត្តច្បាប់មួយចំនួនធំខ្វះខាតជំនាញ និងថវិកាសម្រាប់ការចុះអនុវត្តន៍កិច្ចការដើម្បីតាមដាន និងទប់ស្កាត់បទល្មើសនៃការជួញដូរផ្លូវភេទលើកុមារ។
លោកមាស សំណាង អគ្គលេខាធិការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ
(NGOCRC)ព្រួយបារម្ភថាកុមារកម្ពុជាអាចក្លាយជាចំណុចស៊ីបនៃការរងគ្រោះដោយសារការជួញដូរ។
«យើងមានក្ដីបារម្ភថាប្រទេសយើងនឹងក្លាយជាប្រទេសរងគ្រោះក្នុងក្របខណ្ឌដែលច្បាប់មានតែការអនុវត្តគ្មានប្រសិទ្ធភាព។ មានយន្តការតែការប្រើប្រាស់ដើម្បីដល់ក្មួយៗមិនបានដើរឡើយ»។
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាននឹងអនុញ្ញាតឲ្យប្រទេសទាំង១០រួមមានកម្ពុជាវៀតណាម ឡាវ ថៃ ហ្វ៊ីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ សិង្ហបុរី និងភូមាអាចធ្វើពាណិជ្ជកម្ម ដោយសេរីដោយគ្មានរនាំងផ្នែកសេដ្ឋកិច្ច។ អ្នកធ្វើជំនួញ ក្រុមកម្មករជំនាញអាចចេញចូលដោយងាយស្រួលជាងមុនក្នុងការស្វែងរកការងារធ្វើនៅក្នុងតំបន់ឬប្រទេសដែលត្រូវការកម្លាំងពលកម្ម។
លោកស្រី Margaret Akulloគឺជាអ្នកនិពន្ធសៀវភៅស្ដីអំពីការពារអនាគត និងការអភិវឌ្ឍន៍ដើម្បីទប់ស្កាត់ការរំលោភបំពានការជួញដូរផ្លូវភេទលើកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីព្រមានដែរថាការស្ទុះឡើងនៃវិស័យទេសចរណ៍នោះមិនមែនសុទ្ធតែផ្ដល់ប្រយោជន៍ដល់ក្រុមពលរដ្ឋទេ។ជាពិសេសក្មេងៗដែលភាគច្រើនតែងត្រូវបានគេយកទៅបម្រើការក្នុងវិស័យនានា។ជាហេតុធ្វើឲ្យកុមារទាំងនោះប្រឈមកាន់តែខ្ពស់ការជួញដូរ ឬបំពាន។
លោកស្រីAkullo បន្ថែមថាអង្គការសហប្រជាជាតិស្ដីអំពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(United Nations on Drugs and Crime)បានធ្វើការសិក្សាមួយដោយបានចុះសាកសួរជាមួយក្រុមមន្ត្រីអនុវត្តច្បាប់នៅតាមបណ្ដាប្រទេសក្នុងតំបន់និងបានរកឃើញថាមានករណីតិចតួចប៉ុណ្ណោះដែលក្រុមជនល្មើសត្រូវបានគេចាប់យកមកកាត់ទោស។
ជាងនេះទៅទៀតប៉ូលិសនិងក្រុមអ្នកអនុវត្តច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើននៅខ្វះជំនាញ និងធនធានឲ្យបានគ្រប់គ្រាន់ក្នុងការតាមដាន ស៊ើបអង្កេត នឹងដោះស្រាយរឿងក្ដីដែលទាក់ទងនឹងការរំលោភបំពានលើកុមារ។
របាយការណ៍ដដែលក៏បានលើកយកឧទាហរណ៍នៅក្នុងប្រទេសហ្វីលីពីនដែលរកឃើញថាមានការប្រើប្រាស់កុមារឲ្យសម្ដែងតួដែលមានភាពស្រើបស្រាល និងករណីខ្លះទៀតក្នុងប្រទេសថៃដែលក្រុមអាជ្ញាធរបានប្រព្រឹត្តអំពើពុករលួយដើម្បីបិទភ្នែកនៅពេលមានករណីការជួញដូរលើកុមារ។
លោក យ៉ាណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា(CARAM Cambodia)ជឿជាក់ដែរថានៅពេលដែលមានលំហូរចរាចរណ៍មនុស្សកាន់តែសេរីជាងមុនមកកាន់កម្ពុជានៅពេលអាស៊ានធ្វើសមាហរណកម្មកុមារក្រីក្រនៅកម្ពុជាដែលភាគច្រើនតែត្រូវបានឪពុកម្ដាយ ឬសាច់ញាតិតម្រូវឲ្យប្រឡូកក្នុងវិស័យការងារដូច្នេះពួកគេអាចនឹងប្រឈមកាន់តែខ្លាំងក្នុងការជួញដូរ ឬរំលោភបំពានផ្សេងៗ។
«អីចឹងទម្រាំតែធ្វើសមាហរណកម្មអាស៊ានលំហូរមនុស្សចេញចូលដោយសេរីហ្នឹងខ្ញុំគិតថាការជួញដូរមនុស្សអាចនឹងកើនឡើង»។
លោកស្រីជូ ប៊ុនអេងគឺជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរនិងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្ត្រីនិងកុមារ។
លោកស្រីមានប្រសាសន៍ប្រាប់វីអូអេថាប្រទេសទាំងអស់ក្នុងសមាគមអាស៊ានរួមទាំងកម្ពុជាបានត្រៀមផែនការ និងយុទ្ធសាស្ត្រគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានផ្សេងៗទៅលើកុមារ។
«រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំជាយន្តការជាតិហើយដែលឲ្យក្រសួងស្ថាប័នចំនួន២២ ក៏ដូចជាអង្គភាពសំខាន់ៗចំនួន៤ចូលរួមជាគណៈកម្មាធិការជាតិហើយយើងនឹងប្រមើលមើលជាបណ្ដើរៗទៅលើនីតិវិធីដោយមិនបណ្តែតបណ្ដោយឲ្យស្ថានភាពអាក្រក់វាអាចកើតឡើងមិនបានគ្រោងទុកជាមុន»។
យ៉ាងណាក៏ដោយរបាយការណ៍របស់អង្គការសហប្រជាជាតិស្ដីអំពីគ្រឿងញៀន និងឧក្រិដ្ឋកម្មដដែលក៏បានលើកសរសើរប្រទេសកម្ពុជា វៀតណាម ថៃ និងឡាវសម្រាប់ការចូលរួមសហការជាលក្ខណៈតំបន់ដើម្បីឃ្លាំមើល នឹងទប់ស្កាត់ជនបរទេសដែលធ្លាប់មានប្រវត្តិឧក្រិដ្ឋបំពានលើកុមារមិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន។
របាយការណ៍បានបញ្ជាក់បន្ថែមថាប្រទេសទាំងបួនក៏បានចូលរួមក្នុងការបង្កើតជាប្រព័ន្ធរក្សាទុកឯកសារដើម្បីកំណត់មុខសញ្ញានិងរូបភាពមុខជនដែលធ្លាប់ប្រព្រឹត្តល្មើសផងដែរ៕