ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ការបោះឆ្នោត​អាមេរិក មិន​ទាន់​ដាច់​ស្រេច ចិន​ចង់​បន្ថយ​ភាពតានតឹង​ជាមួយ​រដ្ឋាភិបាល​ថ្មី


បុរសម្នាក់ អាន​កាសែត​ដែល​រាយការណ៍​អំពី​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​កន្លែង​លក់កាសែត​មួយ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បុរសម្នាក់ អាន​កាសែត​ដែល​រាយការណ៍​អំពី​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​កន្លែង​លក់កាសែត​មួយ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​សប្តាហ៍​នេះ អ្នក​ការទូត​កំពូល​ចិន​ម្នាក់​ បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ទោះ​បី​បេក្ខជន​ណា​ក៏​ដោយ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក៏​ប្រទេស​ទាំង​២ នឹង​ធ្វើការ​ដើម្បីកាត់​បន្ថយ​ភាពតាន​តឹង​អំពី​បញ្ហា​ពាណិជ្ជកម្ម ​និង​បញ្ហា​ផ្សេងៗ​ទៀត។ ការ​ថ្លែង​នេះ ​ធ្វើ​ឡើង​នៅ​មុនលោក Joe Biden ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​មាន​ពាក្យ​ពេជន៍​ប្រកប​ដោយ​ការ​ប្រយ័ត្នប្រយែង អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Le Yucheng កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ថា លោក​រំពឹង​ថា បេក្ខជន​ណា​ក៏​ដោយ​ឈ្នះ​ការ​បោះឆ្នោត​ នឹង​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ចិន ​និង​បញ្ចៀស​ជម្លោះ​និង​ការប្រឈម​មុខ​ដាក់​គ្នា។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ក្នុង​អំឡុងសន្និសីទ​កាសែត​មួយ លោក Le បាន​និយាយ​ថា៖ «យើង​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​សម្រប​សម្រួល​ជាមួយ​ចិន លើក​ស្ទួយ​គោលការណ៍​មិនធ្វើ​ជម្លោះ មិន​ប្រឈម​មុខ​ដាក់​គ្នា គោរព​គ្នា​ទៅវិញ​ទៅមក ​និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះឈ្នះ ផ្តោតលើ​ការ​សហការណ៍​គ្នា​ និង​ជំរុញ​ឲ្យ​មាន​ចំណង​ទាក់ទង​ទ្វេភាគី»។​

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ក៏ប៉ុន្តែ​ មុននោះ​ គោល​នយោបាយ​ចំពោះ​ចិន​របស់​ប្រធានាធិបតី Trump បាន​ផ្លាស់ប្តូរ​ក្នុង​អាណត្តិ​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក។

លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ជាម្ចាស់​ផ្ទះរៀប​ចំ​ទទួល​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ជំនួប​ក្នុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​រដ្ឋបាល​របស់​លោក។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ទំនាក់ទំនងកាន់​តែ​មាន​ភាព​យ៉ាប់​យ៉ឺន​ឡើង​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ហើយ​នឹង​នៅ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​រីក​កាន់តែ​ធំឡើង​នៅ​ឆ្នាំ​២០២០​នេះ លោក​ប្រធានាធិបតី Trump បាន​រិះគន់​ចិន​អំពី​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​ ដែល​បាន​រាតត្បាត​ទូទាំង​សាកលលោក។

លោក Biden បាន​អំពាវនាវ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​និង​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង។ លោក Biden ក៏​បាន​គាំទ្រ​ការដាក់​សម្ពាធ​លើ​ចិន​ចំពោះ​វិធីនៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ដែរ។

អ្នក​ជំនាញ​អាមេរិក​គិត​ថា មាន​ហេតុផល​តិចតួច​សម្រាប់​ចិន ក្នុងការ​អបអរ​បេក្ខជនណា​ក៏​ដោយ​ដែល​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នេះ ពីព្រោះ​តែ​ការខូចខាត​ដែល​បាន​ធ្វើ​ឡើង​ដោយ​គោលនយោបាយ​ពាណិជ្ជកម្ម​ និង​វិនិយោគ​របស់​ចិន​ ​បាន​ទទួល​ការ​មិន​ពេញ​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាននយោបាយ​អាមេរិក​ទាំង​អស់៕

XS
SM
MD
LG