ភ្នំពេញ៖ ប្រទេសកម្ពុជាបានបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១របស់ខ្លួននៅថ្ងៃពុធនេះ។ គឺជាមហោស្រពដែលនាំមកនូវខ្សែភាពយន្តខ្មែរនិងបរទេសសរុបចំនួន១២០រឿង សម្រាប់ទស្សនិកជនខ្មែរ។ មហោស្រពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពផលិតករភាពយន្តក្នុងស្រុក និងពង្រឹងវិស័យភាពយន្តខ្មែរឲ្យមានការរីកចម្រើនទៅតាមការវិវត្តន៍របស់ពិភពលោកផងដែរ។
មហោស្រពភាពយន្តអន្តរជាតិជាលើកដំបូងនៅប្រទេសកម្ពុជា បានចាប់បើកហើយនៅល្ងាចថ្ងៃពុធនេះ សម្រាប់រយៈពេល៥ថ្ងៃ ដោយមានប្រទេសចំនួន២៨មកពីជុំវិញពិភពលោកចូលរួម។ ប្រទេសទាំងនោះ រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ចិន កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសអូស្ត្រាលីជាដើម។
ខ្សែភាពយន្តសរុបចំនួន១២០រឿងដែលភាគច្រើនប្រជាជនកម្ពុជាមិនដែលបានមើលពីមុនមកនោះ នឹងត្រូវចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជានៅក្នុងទីក្រុងភ្នំពេញ ដោយប្រជាពលរដ្ឋកម្ពុជាអាចចូលរួមទស្សនាដោយសេរី សម្រាប់ការចាក់បញ្ចាំងនៅតាមទីវាល និងទិញសំបុត្រតម្លៃត្រឹមតែ១ដុល្លារសម្រាប់ការទស្សនាក្នុងរោងភាពយន្ត។
ការចាក់បញ្ចាំងនឹងត្រូវធ្វើឡើងចាប់ពីម៉ោង១០ព្រឹករហូតដល់១០យប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៣ ខែតុលានេះ នៅក្នុងរោងភាពយន្តចំនួន៦កន្លែងនៅក្នុងទីក្រុងភ្នំពេញ រួមមាន រោងមហោស្រពចេនឡានៅជិតផ្សាដើមគរ រោងភាពយន្តលុច្សនៅលើផ្លូវព្រះនរោត្តម មជ្ឈមណ្ឌលវប្បធម៌បារាំង មជ្ឈមណ្ឌលបុប្ផាណា ផ្សារហ្គោឌិនសូរិយា និងនៅកោះពេជ្រ។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានថ្លែងនៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះថា ការប្រារព្ធមហោស្រពនេះឡើង គឺដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរផង និងដើម្បីបង្កើនសមត្ថភាពរបស់ផលិតករភាពយន្តក្នុងស្រុកផង។
«ផ្តើមចេញពីមហោស្រពភាពយន្តអន្តរជាតិលើកទី១នេះ ផលិតករកម្ពុជាយើងពិតជាអាចស្វែងរកឃើញនូវទស្សនវិស័យសម្រាប់អាជីពជាអ្នកផលិតភាពយន្ត និងអាចមានសមត្ថភាពគិតគូរពីបញ្ហាប្រឈម និងផលប៉ះពាល់នៃឧស្សាហកម្មភាពយន្ត ដើម្បីឈានទៅសម្រេចជោគជ័យនាពេលអនាគតរបស់ខ្លួន»។
ក្នុងចំណោមខ្សែភាពយន្តទាំង ១២០ រឿងនោះ មានភាពយន្តខ្នាតធំចំនួន ៣០ រឿង ភាពយន្តខ្នាតខ្លីចំនួន ៦០ រឿង និងភាពយន្តឯកសារចំនួន ៣០ រឿង។ ប្រភេទរឿងទាំងនេះ រួមមានរាប់ចាប់ពីរឿងបែបកំប្លែង ស្នេហា បែបរន្ធត់ បែបតុក្កតានិងគំនូរជីវចលសម្រាប់កុមារ រហូតដល់រឿងដែលទទួលបានពានរង្វាន់លំដាប់អន្តរជាតិទៀតផង។
ដោយឡែក ក្នុងចំណោមរឿងទាំងនេះ មានខ្សែភាពយន្តខ្មែរផលិតក្នុងស្រុកចំនួន១០រឿងដូចជារឿង «Lost Loves» ឬ "ក្តីស្រលាញ់ដែលបាត់បង់ទៅ” និងរឿង «បាត់ខ្លួន» ដែលជាប្រភេទរឿងបែបធ្វើឲ្យភ័យរន្ធត់និងព្រឺព្រួចជាដើម ហើយក៏មានខ្សែភាពយន្តឯកសារខ្មែរចំនួន១៥រឿងផងដែរ ។
អ្នករៀបចំមហោស្រពភាពយន្តនេះបានលើកឡើងថា មហោស្រពនេះក៏មានគោលដៅបណ្ដុះគំនិតប្រជាជនខ្មែរឲ្យស្រឡាញ់និងចាប់អារម្មណ៍ទៅលើការទស្សនាភាពយន្តខ្មែរឡើងវិញផងដែរ។
វិស័យភាពយន្តខ្មែរបានរីកចម្រើនដល់កម្រិតកំពូលរបស់ខ្លួននៅក្នុងអំឡុងទសវត្សរ៍១៩៦០ ជាពេលដែលប្រជាជនខ្មែរបានគាំទ្រយ៉ាងខ្លាំងដល់ភាពយន្តរបស់ខ្លួនផ្ទាល់តាមរយៈការទៅទស្សនាភាពយន្តទាំងនោះនៅតាមរោងកុននានានៅក្នុងប្រទេស។
ប៉ុន្តែ ប្រជាប្រិយភាពនៃភាពយន្តខ្មែរបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីក្រោយសង្គ្រាមដែលញាំញីប្រទេសកម្ពុជាអស់រយៈពេលប្រហែលជិត៣ទសវត្សរ៍ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០។
វិស័យភាពយន្តខ្មែរបានចាប់ផ្តើមរើបឡើងវិញបានមួយរយៈពេលដែរ នៅដើមទសវត្សរ៍១៩៩០ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ រោងភាពយន្តជាច្រើនបានបិទទ្វារឬប្រែក្លាយទៅជាសណ្ឋាគារ ឬទីកន្លែងកំសាន្តផ្សេងៗទៅវិញ ដោយសារស្នាដៃនិពន្ធ ដឹកនាំ និងផលិតរបស់ផលិតករភាពយន្តបច្ចុប្បន្នជាទូទៅត្រូវបានរិះគន់ថា ហាក់ពុំទាន់អាចទាក់ទាញទឹកចិត្តទស្សនិកជនខ្មែរឲ្យបានទូលំទូលាយនៅឡើយ។
លោក Cedric Eloy នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថា (CFC) ដែលជាអ្នករៀបចំមហោស្រពភាពយន្តនេះដែរ មានប្រសាសន៍ថា ដោយមើលឃើញថា ប្រជាជនខ្មែរភាគច្រើនមិនសូវចាប់អារម្មណ៍ទៅលើវិស័យភាពយន្តនេះហើយ ទើបមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬហៅកាត់ថា CIFF នេះ ត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញប្រជាពលរដ្ឋខ្មែរឲ្យចាប់ផ្តើមនាំគ្នាទៅរោងភាពយន្តឡើងវិញ។
«មហោស្រពភាពយន្តអន្តរជាតិនេះក៏ចង់បង្ហាញផងដែរអំពីការផលិតភាពយន្ត ហើយធ្វើយ៉ាងណាធ្វើឲ្យខ្សែភាពយន្តទទួលបានការជ្រើសរើសនៅក្នុងមហោស្រពភាពយន្ត ហើយក៏ជាការផ្សព្វផ្សាយពីប្រទេសកម្ពុជាឲ្យប្រទេសជិតខាងគាត់បានស្គាល់។»
លោក Cedric Eloy មានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តនេះក៏នឹងនាំប្រជាជនកម្ពុជាឲ្យទៅឃើញពិភពលោកមួយថ្មីដែលពួកគេមិនដែលបានឃើញពីមុនមក។
លោក សៅ សុភ័ក្ត្រ អ្នកផលិតភាពយន្តឯកសារ វ័យក្មេងមួយរូបដែលរឿងរបស់លោកមានចំណងជើងថា «ផ្លូវជីវិតដែលស្រអាប់» ត្រូវបានជ្រើសរើសសម្រាប់ចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តនេះដែរ។ លោក សុភ័ក្ត្រមានប្រសាសន៍ដោយសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងមើលឃើញស្ថានភាពជាក់ស្តែងដែលបានកើតឡើងនៅក្នុងសង្គមតាមរយៈការចូលរួមទស្សនាខ្សែភាពយន្តក្នុងមហោស្រពនេះ។
«ការធ្វើភាពយន្តនេះ ខ្ញុំយល់ថា ជាការបង្ហាញតថភាពមួយដែលមានពិតនៅក្នុងសង្គមរបស់យើង សម្រាប់ទៅដល់ទស្សនិកជនគ្រប់រូបដើម្បីឲ្យគាត់បានឃើញ បានដឹង ហើយបានត្រិះរិះពិចារណា។»
សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះ ពុំមែនរៀបចំឡើងសម្រាប់ការប្រកួតប្រជែងស្នាដៃ ដើម្បីដណ្ដើមជ័យលាភីភាពយន្តនោះទេ គឺគ្រាន់តែសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងផលិតករភាពយន្តក្នុងស្រុកនិងបរទេស និងសម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជាបានចូលរួមសប្បាយរីករាយក្នុងការទស្សនាខ្សែភាពយន្តតែប៉ុណ្ណោះ។