នៅក្នុងនយោបាយសហរដ្ឋអាមេរិក ការកើនឡើងនូវការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងបង្អាក់សេចក្តីសង្ឃឹមរបស់លោកប្រធានាធិបតី Barack Obama ទៅលើការជាប់ឆ្នោតមួយអណត្តិទៀតនៅឆ្នាំក្រោយនេះ។
ការស្ទង់មតិចំនួនបីនៅសប្តាហ៍នេះ បង្ហាញឲ្យឃើញនូវការប្រឈមរបស់លោកប្រធានាធិបតី Barack Obama ក្នុងការបន្ធូរបន្ថយការកើនឡើងនូវទស្សនៈអវិជ្ជមានរបស់សាធារណជនពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ការស្ទង់មតិចុងក្រោយរបស់សាកលវិទ្យាល័យ Quinnnipiac បានបង្ហាញពីការពេញចិត្តលើការងាររបស់លោកប្រធានធិបតីចំនួន៤៧ ភាគរយ និង ៤៦ភាគរយទៀតមិនពេញចិត្ត។ លោក Peter Brown អ្នកស្ទង់មតិ នៅសាកលវិទ្យាល័យQuinnnpiac បាននិយាយថា តួលេខនេះមានការធ្លាក់ចុះជាង៥ភាគរយពីការស្ទង់មតិមួយខែមុន នៅពេលដែលលោកកំពុងតែសប្បាយរីករាយនឹងការកើនឡើងការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីការសម្លាប់មេដឹកនាំ Al Qaida លោក Osama Bin Laden។
«លោកប្រធានាធិបតីបានបាត់បង់អ្នកគាំទ្រអស់ពាក់កណ្តាលពីការកើនឡើងនៅក្នុងការសម្លាប់របស់ Bin Laden ដែលមានន័យថា វានៅតែប្រសើរជាងមុន ក៏ប៉ុន្តែតួលេខនេះមិនសូវជាល្អដួចក្រោយការសម្លាប់ Bin laden ភ្លាមៗ»។
អត្រានៃអ្នកគាំទ្រមានការធ្លាក់ចុះក្នុងការស្ទង់មតិផ្សេងៗទៀតនៅសប្តាហ៍នេះធ្វើ ឡើងដោយសារព័ត៌មាន Washington Post ABC News CNN និង Opinion Research Corporation ហើយចំណុចសំខាន់សម្រាប់អ្នកបោះឆ្នោតផ្តោតនោះគឺសន្ទុះនៃការងើបរើបឡើងវិញនៃសេដ្ឋកិច្ច។
ក្នុងការស្ទង់មតិរបស់ សាកលវិទ្យាល័យ Quinnipiac ចុងក្រោយនេះ លោក Peter Brown និយាយថា ប្រជាពលរដ្ឋអាមេរិកមិនយល់ស្របនឹងលោកប្រធានាធិបតីក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ការស្ទង់មតិនេះបង្ហាញថាសម្លេង ៥៨ភាគរយមិនពេញចិត្ត និង៣៨ ភាគរយពេញចិត្ត ហើយ ៧៨ភាគរយនៃចំនួនអ្នកស្ទាបស្ទង់ទាំងនោះជឿថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺមានការធ្លាក់ឱនថយ។
លោក Brownនិយាយថា ប្រសិនបើអ្នកបោះឆ្នោតមិនជឿថា សេដ្ឋកិច្ចកំពុងវិលមកភាពដើមវិញនៅត្រឹមពាក់កណ្តាលឆ្នាំនេះទេ លោកប្រធានាធិបតីនឹងមានការពិបាកក្នុងការតតាំងនឹងការស្វែងរកសម្លេងឆ្នោតមួយអណត្តិទៀត នៅឆ្នាំ២០១២ ទោះជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋណាក៏ដោយ ដែលឈរឈ្មោះប្រឆាំងនឹងលោកប្រធានាធិបតី។
ប្រជាពលរដ្ឋអាមេរិកកាន់តែមានគំនិតទុទិដ្ឋិនិយមពីបញ្ហាសេដ្ឋកិច្ច ហើយនិងចំនួនប្រជាពលរដ្ឋ ដែលគិតថាសេដ្ឋកិច្ចសហរដ្ឋមេរិកនៅចុះឱនថយនោះកាន់តែមានការកើនឡើង ហើយចំនួនប្រជាពលរដ្ឋដែលគិតថា សេដ្ឋកិច្ច អាមេរិកនឹងងើបរើបឡើងវិញនោះមានការធ្លាក់ចុះ។ រឿងទាំងនោះអាចនឹងផ្លាស់ប្តូរ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនផ្លាស់ប្តូរ លទ្ធផលនៃការបោះឆ្នោត នឹងទៅតាមនោះ។
គណបក្សប្រជាធិបតេយ្យកំពុងតែជម្រុញឲ្យប្រធានាធិបតីផ្តោតសារជាថ្មីម្តង ទៀតលើបញ្ហាសេដ្ឋកិច្ច និងការងារ ហើយនៅសប្តាហ៍នេះលោកប្រធានាធិបតី Obama ទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោក កំពុងជួបប្រទះនឹងឧបសគ្គខ្លះក្នុងខណៈពេលដែលរដ្ឋាភិបាលកំពុងព្យាយាមបង្កើនការងារ និងសេដ្ឋកិច្ច។
«ខ្ញុំមានការព្រួយបារម្ភពីការដែលថា ការងើបរើបសេដ្ឋកិច្ចគឺមិនអាចបង្កើតការងារឆាប់រហ័សដូចដែលខ្ញុំចង់បាននោះទេ»។
បញ្ហាសេដ្ឋកិច្ចក្នុងស្រុកនឹងក្លាយជាបញ្ហាចំបងជាងគេក្នុងការបោះឆ្នោតឆ្នាំ ក្រោយ ហើយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ កំពុងតែ យកប្រវត្តិដឹកនាំសេដ្ឋកិច្ចរបស់លោក Obama មកធ្វើជាការផ្តោតអារម្មណ៍ក្ឋុងការវាយប្រហាររបស់ពួកគេ។
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស