ការសិក្សាថ្មីមួយបានរកឃើញថា ក្មេងជំទង់ណាដែលហិតផ្សែងបារីទំនងដូចជាមានការផ្លាស់ប្តូរច្រើនដល់សរសៃឈាមរបស់ពួកគេដែលអាចនាំឲ្យមានជំងឺបេះដូងនៅពេលក្រោយ។ លោក Art Chime អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកវិទ្យាសាស្ត្រនៃ VOA រាយការណ៍អំពីរឿងនេះ អ្នកស្រីនុច សារីតា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
លោកស្រី Katariina Kallio អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Turku នៃប្រទេសហ្វាំងឡង់ និយាយថា ការសិក្សារបស់លោកស្រីអំពីក្មេងជំទង់ ដែលបន្លាយពេលស្រាវជ្រាវពីមុនបានរកឃើញថា មានការខូចសរសៃឈាមបេះដូង នៅក្នុងការធំដឹងក្តីនៃក្មេងដែលបានដកដង្ហើមផ្សែងបារីរបស់អ្នកដទៃ។
“ពីមុនយើងដឹងថា វាមានការខូចសរសៃឈាមបេះដូងបែបនេះនៅក្នុងបណ្តាមនុស្សពេញវ័យប៉ុន្តែយើងមិនបានដឹងទេថា វាមាននៅក្នុងចំណោមមនុស្សពេញវ័យជំទង់ដែរនោះ។ ដូច្នេះវាជាការភ្ញាក់ផ្អើលមួយដែលថា វាមានការផ្លាស់ប្តូរបែបនេះនៅក្នុងចំណោមវ័យជំទង់ទៅហើយនោះ”។
ការផ្លាស់ប្តូរមាននៅក្នុងបំពង់សរសៃឈាមក្រាស់ៗរបស់មនុស្សក្មេងៗ។ អ្នកនាំពាក្យនៃអង្គការសមាគមបេះដូងអាមេរិកាំង លោកវេជ្ជបណ្ឌិត Donald La Van ពន្យល់អំពីហេតុ ដែលការផ្លាស់ប្តូរនៅក្នុងសរសៃឈាមក្រហមនោះ ថា ជារឿងសំខាន់។
“បំពង់សរសៃឈាម នៅពេលវាក្លាយទៅជាក្រាស់ហើយរំខានដល់ស្រទាប់ក្នុងនៃសរសៃឈាម វាងាយនឹងធ្វើឲ្យជាតិខ្លាញ់ Cholesterol កក។ ដូច្នេះកូនក្មេងមានគ្រោះថ្នាក់ខ្លាំងក្នុងការកើតក្រមរក្នុងសរសៃឈាម នៅពេលពួកគេធំឡើង”។
ក្រមរនៅក្នុងសរសៃឈាមក្រហមអាចធ្វើឲ្យទើសដល់ការឈាមរត់ និងធ្វើឲ្យមានឈាមកក។ ឈាមកកអាចធ្វើឲ្យស្ទះសរសៃឈាមក្រហមនិងបណ្តាលឲ្យគាំងបេះដូង។
លោកស្រី វេជ្ជបណ្ឌិត Kallio យល់ស្របជាមួយលោកវេជ្ជបណ្ឌិត La Van ថាលទ្ធផលទាំងនោះគាំទ្រអនុសាសន៍ដែលថា កូនក្មេងត្រូវដាក់ឲ្យនៅឆ្ងាយពីផ្សែងបារី។
“ការដកដង្ហើមដោយផ្សែងបារីជាកត្តាគ្រោះថ្នាក់សម្រាប់ជំងឺបេះដូងដែលមានរួចទៅហើយនៅក្នុងមនុស្សពេញវ័យជំទង់ ដូច្នេះហើយការសិក្សានេះស្នើថា កុមារនិងក្មេងជំទង់ត្រូវការបរិយាកាសគ្មានផ្សែង»។
ទោះជាយ៉ាងណា ក៏មានភស្តុតាងខ្លះដែលថា ការខូចសរសៃឈាមក្រហមដែលបណ្តាលមកពីការហិតផ្សែងបារីដោយមនុស្សពេញវ័យ អាចនឹងប្តូរបញ្ច្រាសទៅវិញបាន។ លោកវេជ្ជបណ្ឌិត La Vanនិយាយថា វាមិនច្បាស់ទេ ថាតើវាក៏អាចពិតជាមានការខូចសរសៃឈាមក្រហមនៅនឹងក្មេងជំទង់ដែរឬយ៉ាងណា។
“យើងគិតថា ក្មេងទាំងនោះអាចមាន។ យើងដឹងថា មនុស្សណាដែលឈប់ជក់បារី មានការធ្លាក់ចុះច្បាស់លាស់នៅក្នុងការកើតជំងឺសរសៃឈាមបេះដូង។ មានការសិក្សាជាច្រើនដែលបង្ហាញថា វាជាវិធានការណ៍ការពារមួយនៅពេលណាមនុស្សពេញវ័យឈប់ជក់បារី”។
ការសិក្សានោះបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Circulation: Cardiovascular Quality and Outcomes ដែលបោះពុម្ពដោយសមាគម American Heart Association៕