ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​អារ៉ាប់​ហៅ​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ថា​ជា​វិធានការ​គ្រោះថ្នាក់


អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul Gheit ថ្លែង​ទៅកាន់​មន្រ្តី​កិច្ច​ការ​បរទេស​អំពី​ការ​ទទួល​ស្គាល់ទីក្រុង​ Jerusalem របស់​លោក​ត្រាំ។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ Ahmed Aboul Gheit ថ្លែង​ទៅកាន់​មន្រ្តី​កិច្ច​ការ​បរទេស​អំពី​ការ​ទទួល​ស្គាល់ទីក្រុង​ Jerusalem របស់​លោក​ត្រាំ។

សម្ព័ន្ធ​អារ៉ាប់​បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល គឺ​ជា «ការ​វិវត្ត​ដ៏​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​គោល​ជំហរ​លំអៀង​ទាក់ទិន​ទៅ​នឹង​ការ​គ្រប់គ្រង​ទីក្រុង Jerusalem នេះ និង​គឺ​ជា​ការ​រំលោភ​ទៅ​លើ​ច្បាប់ និង​សេចក្ដី​សម្រេច​អន្តរជាតិ​នានា‍»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សម្ព័ន្ធ​អារ៉ាប់​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​មួយ​នៅ​ក្នុង​ទីក្រុង​គែ ប្រទេស​អេហ្ស៊ីប និង​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​លោក Trump ដូច​នេះ ក៏​បញ្ចប់​នូវ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ជា «អ្នក​គាំទ្រ និង​អ្នក​សម្របសម្រួល» នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា​ផង​ដែរ។

សេចក្ដី​សម្រេច​របស់​សម្ព័ន្ធ​អារ៉ាប់​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​សម្រេច​របស់​លោក Trump អំពី​ទីក្រុង Jerusalem នេះ «ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព បង្ក​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ក៏​ដូចជា​នឹង​បង្ក​ឲ្យ​មាន​កំហឹង​ដែល​នឹង​រុញ​ច្រាន​តំបន់​ទាំង​មូល​ទៅ​រក​មាត់​ជ្រោះ​នៃ​អំពើ​ហិង្សា ភាព​ចលាចល និង​ការ​បង្ហូរ​ឈាម‍»។

មេដឹកនាំ​សម្ព័ន្ធ​អារ៉ាប់​បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​មាន​ទីក្រុង Jerusalem ជា​រដ្ឋធានី​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​លោក Trump ដូច​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ឡាយ​នៃ​សម្ព័ន្ធ​អារ៉ាប់​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​នូវ​សេចក្ដី​សម្រេច​មួយ​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់​លោក Trump។

កិច្ច​ប្រជុំ​របស់​សម្ព័ន្ធ​អារ៉ាប់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ​រយៈពេល ៣ ថ្ងៃ​នៅ​ក្នុង​តំបន់ West Bank និង​តំបន់ Gaza Strip ក៏​ដូចជា​ការ​តវ៉ា​នៅ​ឯ​វិហារ​ឥស្លាម Al-Azhar ក្នុង​រដ្ឋធានី​ប្រទេស​អេហ្ស៊ីប​ផង​ដែរ៕

XS
SM
MD
LG