វិមានវ៉ាទីកង់បានទទួលស្គាល់ការសម្រេចរបស់តុលាការអូស្រ្តាលីក្នុងការរក្សាទុកការផ្ដន្ទាទោសអាចារ្យសាសនាគ្រិស្ត George Pell ពីបទបំពានផ្លូវភេទ។ សេចក្ដីថ្លែងការណ៍មួយបានកត់សម្គាល់ថា អាចារ្យ Pell តែងតែអះអាងថាលោក គ្មានកំហុស និងមានសិទ្ធិក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍។ មេធាវីរបស់លោកអាចារ្យគ្រិស្តសាសនារូបនេះនឹងពិនិត្យលើការវិនិច្ឆ័យនេះ មុននឹងសម្រេចថាតើត្រូវប្ដឹងទៅសាលាកំពូលឬយ៉ាងណា។
អតីតប្រធានផ្នែកហិរញ្ញវត្ថុវិមានវ៉ាទីកង់ ជនជាតិអូស្ត្រាលី អាយុ ៧៨ ឆ្នាំ លោកអាចារ្យ George Pell នឹងត្រូវនៅជាប់ពន្ធនាគារយ៉ាងហោចណាស់ ៣ឆ្នាំទៀត បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ប្រចាំរដ្ឋ Victoria ច្រានចោលបណ្ដឹងឧទ្ធរណ៍របស់មេធាវីលោកអាចារ្យរូបនេះ លើរឿងក្ដីបំពានផ្លូវភេទលើកុមារ។
សេចក្ដីថ្លែងការណ៍នេះត្រូវបានអានដោយអ្នកនាំពាក្យរបស់សម្ដេចបាប លោកអាចារ្យ Matteo Bruni នៅវិមានវ៉ាទីកង់ កាលពីព្រឹកថ្ងៃពុធថា តុលាការសាសនា Holy See បានទទួលស្គាល់ និងគោរពតាមការសម្រេចរបស់តុលាការអូស្ត្រាលី។
អ្នកនាំពាក្យរូបនេះបន្ថែមថា លោកអាចារ្យ Pell មានសិទ្ធិប្ដឹងទៅតុលាការកំពូល។
«ខណៈពេលដែលដំណើរការកាត់ក្ដីកំពុងបន្តអភិវឌ្ឍ តុលាការសាសនា Holly See រំឭកថា អាចារ្យ Pell តែងតែអះអាងពីភាពស្អាតស្អំរបស់ខ្លួន នៅក្នុងសវនាការ ហើយគាត់មានសិទ្ធិប្ដឹងទៅតុលាការកំពូល»។
ឥឡូវនេះមេធាវីរបស់អាចារ្យ Pell កំពុងត្រួតពិនិត្យលើការវិនិច្ឆ័យរបស់តុលាការ មុននឹងសម្រេចថាត្រូវបញ្ជូនករណីនេះទៅតុលាការកំពូល។ ពួកគេមានពេល ២៨ ថ្ងៃសម្រាប់ធ្វើរឿងនេះ។
លោកអាចារ្យ George Pell ជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបនៃព្រះវិហារគ្រិស្តសាសនាដែលត្រូវបាន ផ្ដន្ទាទោសពីបទបំពានផ្លូវភេទកុមារ។ កាលពីខែមីនា ឆ្នាំនេះ លោកអាចារ្យ Pell ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ បំពានផ្លូវភេទកុមារា អាយុ ១៣ ឆ្នាំពីរនាក់ នៅក្នុងព្រះវិហារ Saint Patrick នៅចុងទសវត្ស ១៩៩០ នៅពេលដែលលោកធ្វើជាអាចារ្យនៅក្នុងប្រទេសអូស្ត្រាលី។ លោកអាចារ្យត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ។
អ្នកនាំពាក្យវិមានវ៉ាទីកង់បាននិយាយថា ព្រះវិហារកាតូលិកនឹងបន្តស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ។
លោកអាចារ្យ Bruni អ្នកនាំពាក្យវិមានវ៉ាទីកង់បាននិយាយថា៖ «ឥឡូវនេះ ដោយសហការជាមួយព្រះវិហារនៅក្នុងប្រទេសអូស្ត្រាលី តុលាការសាសនា Holy See បញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនជាមួយជនរងគ្រោះនៃការបំពានផ្លូវភេទ និងការប្ដេជ្ញាស្វែងរកអាចារ្យសាសនាគ្រិស្តដែលបានប្រព្រឹត្តិខុស តាមរយៈអាជ្ញាធរសាសនាដែលមានសមត្ថភាព»។
លោកអាចារ្យ Pell មានសិទ្ធិទទួលបានការលើកលែងទោសនៅឆ្នាំ ២០២២ នៅពេលដែលលោកមានអាយុ ៨១ ឆ្នាំ។ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ អ្នកនាំពាក្យរបស់លោកអាចារ្យ Pell បានឲ្យដឹងថា លោកអាចារ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការ។ យ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ន លោកអាចារ្យ Pell នៅតែកាន់តួនាទីជាអាចារ្យប្រចាំព្រះវិហារកាតូលិកដដែល៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា