ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍ សម្រេច​ព្យួរ​ទោស​សេសសល់​របស់​លោក រ៉ុង ឈុន នាំឲ្យ​លោក​បាន​ចេញ​ពី​ពន្ធនាគារ


រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​រក្សា​ការ​កាត់ទោស​មេដឹកនាំ​សហជីព​លោក ​រ៉ុង​ ឈុន ពីបទ«ញុះញង់» ​នៅតុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​នៅ​ជា​បាន​ការដដែល​ ប៉ុន្តែ​ទោស​របស់​លោក​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។ នេះ​មាន​ន័យថា​ មេដឹកនាំ​សហជីព​រូប​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញហើយ​នៅ​ថ្ងៃ​សុក្រនេះ។

សកម្មជន​ការពារ​សិទ្ធិមនុស្ស​ នៅ​បន្ត​រិះគន់វិធានការ​ច្បាប់​របស់​តុលាការ​មក​លើ​លោក រ៉ុង ឈុន​ និង​សកម្ម​ជន​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ថ្មីៗ​នេះ​ ក្រោម​ហេតុផល​ថា​ លោក រ៉ុង​ ឈុន​ និង​សកម្មជន​ទាំង​នោះ​ មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដូច​ការ​ចោទ​របស់​តុលាការ​កន្លងមក​ទេ។

បើតាម​សេចក្តីប្រកាស​របស់​អង្គការលីកាដូ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ព្យួរ​ទោស​លោក​រ៉ុង​ ឈុន និង​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​២​នាក់​ទៀត​គឺ កញ្ញា ស​ កន្និកា និងលោក​ តុន​ និមល។ ទាំង​លោក រ៉ុង ឈុន​ និង​កញ្ញា​ ស កន្និកា ​បាន​ជាប់​ពន្ធនាគារ​ជាង​១៥ ខែ។ ដោយ​ឡែក​លោក​ តុន និមល ​បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង​១២​ខែ។

អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា សាលាឧទ្ធរណ៍​ បាន​សម្រេច​ឲ្យ​លោក ​រ៉ុង​ ឈុន ជាប់​ពន្ធនាគារ​រយៈពេល​១៥​ខែ​ និង​១១​ថ្ងៃ​ នៃ​ពន្ធនាគារ​សរុប​ ចំនួន​២៤​ខែ​ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។ កញ្ញា កន្និកា​ ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៥​ខែ​ និង​៥​ថ្ងៃ​នៃ​ទោស​សរុប​ចំនួន​២០​ខែ​ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវព្យួរ។ ចំណែក​លោក និមល​ ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៤​ខែ ​និង​២៤​ថ្ងៃ​នៃ​ទោស​សរុបចំនួន​២០​ខែ​ ដោយ​ទោស​ដែល​នៅ​សេស​សល់​ត្រូវ​ព្យួរ។

អ្នក​ទាំង​បី​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ កម្រិត​សេរីភាព​ដោយ​ត្រូវ​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​សាកល្បង​រយៈពេល​៣ឆ្នាំ។ នេះ​បើ​តាម​អង្គការ​លីកាដូ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ យល់​ថា​ សកម្មជន​ខាង​លើ​មិន​ទទួល​បាន​យុត្តិធម៌ចំពោះ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖

«ទោះ​ជា​មាន​ការ​កាត់​តម្រឹម​ និង​ការ​ព្យួរ​ទោស​ ហើយ​មាន​ការដោះលែង​ក៏ដោយ​ ក៏​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​យើង​មើល​ឃើញ​ថា ​ពួក​គាត់​នៅ​តែ​រង​នូវ​ភាព​អយុត្តិធម៌ ដោយ​សារ​តែ​តុលាការ​បាន​ផ្តន្ទា​ទោស​គាត់​ ហើយ​និង​ឃុំខ្លួន​គាត់​រួច​ទៅ​ហើយ»។​

កាល​ពី​ខែ​សីហា តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​លោក រ៉ុង ឈុន​ ប្រធានសហភាព​សហជីព​កម្ពុជា​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​២​លាន​រៀល​ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ចំណែក​ឯអតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​កញ្ញា​ ស កន្និកា និង​លោក​ តុន និមលដែល​ស្ថិត​ក្នុង​សំណុំ​រឿង​នេះ​ដែរ​ ​ក៏ត្រូវ​បានតុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​ម្នាក់ៗ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ២​លាន​រៀល​ចូល​រដ្ឋ​ផង​ដែរ។ អ្នក​ទាំង​បី ក៏​ត្រូវ​សង​ការ​ខូចខាត​ទៅ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ក្នុង​ទឹក​ប្រាក់​សរុប ​៤០០​លាន​រៀល ​(ឬ​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក)​។ នេះ ​បើ​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានីភ្នំពេញ​។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ថា​ លោក ​រ៉ុង​ ឈុន​ មិន​បាន​ប្រព្រឹត្ត​កំហុស​រហូត​ត្រូវ​បាន​តុលាការ​កាត់ទោស​ទេ​ ព្រោះ​លោក​គ្រាន់​តែ​បាន​ធ្វើ​ការ​សម្តែង​មតិ ហើយ​ថា​ការ​ចោទ​ប្រកាន់​មក​លើ​លោក រ៉ុង​ ឈុន មាន​ជាប់​ហេតុ​ផល​នយោបាយ​ និង​ជា​ការ​បំបិទ​សំឡេង​រិះគន់។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ដែល​គាត់​ជាប់​ពន្ធនាគារ​មួយរយៈ​មក​នេះ​ គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ ជាពិសេស​មិន​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុងការ​សម្តែង​មតិ​ ក៏ដូចជា​ឈឺ​ឆ្អាល​ និង​សង្គម​ជាតិ​ និង​បូរណភាព​ទឹកដី»។

រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ​ជិន ម៉ាលីន ប្រតិ​កម្ម​តប​ទៅ​ក្រុម​អ្នក​រិះគន់​ថា​ ការ​ផ្តន្ទា​ទោស​ជន​ល្មើស​កន្លង​មក​នេះ ​ធ្វើ​ឡើង​តាម​នីតិវិធី​តុលាការ​ និង«​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ តែ​ជាការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ នីតិរដ្ឋ​ ក្នុង​សង្គម​ប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយ​ ​លោក រ៉ុង​ ឈុន​ ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG