ជំនួបកំពូលតាមវីដេអូអនឡាញកាលពីពេលថ្មីៗនេះ រវាងមេដឹកនាំចិន និងសហគមន៍អឺរ៉ុប មានរបៀបវារៈជាច្រើនរួមមាន ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត និងការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែ [ជំនួបនេះ] បញ្ចប់ទៅវិញដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ សូម្បីសេចក្ដីថ្លែងការណ៍រួមគ្នាក៏គ្មានដែរ។
ផ្ទុយទៅវិញ មន្ត្រីសហគមន៍អឺរ៉ុប បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ ដែលអ្នកវិភាគនិយាយថា វាជាសញ្ញាដ៏ច្បាស់មួយបង្ហាញថាទំនាក់ទំនងរវាងសេដ្ឋកិច្ចធំៗទាំងពីរ កំពុងតែឈានចូលដំណាក់កាលថ្មីមួយ។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា៖ «ការចូលរួម និងការសហការជាមួយចិនគឺជាឱកាស និងជារឿងចាំបាច់។ ប៉ុន្តែទន្ទឹមគ្នានេះដែរ យើងត្រូវទទួលស្គាល់ថា យើងមិនមានគុណតម្លៃ ប្រព័ន្ធនយោបាយ ឬវិធីសាស្ត្រពហុភាគីនិយមដូចគ្នានោះទេ»។
លោក Erik Brattberg នាយកផ្នែកកម្មវិធីអឺរ៉ុប និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Carnegie សម្រាប់សន្តិភាពអន្តរជាតិ The Carnegie Endowment for International Peace បានឱ្យដឹងថា កាលពីអតីតកាលសហគមន៍អឺរ៉ុបផ្ដល់អាទិភាពដល់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀតដែលជាបញ្ហារសើបរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Brattberg បាននិយាយថា៖ «ខ្ញុំគិតថាជំនួបកំពូលនេះបានបញ្ជាក់ថា វិធីសាស្ត្រខាងលើនេះអាចឈានដល់ទីបញ្ចប់ហើយ»។
អ្នកស្រី Alice Ekman អ្នកវិភាគជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីប្រចាំវិទ្យាស្ថានសហគមន៍អឺរ៉ុបសម្រាប់ការសិក្សាសន្តិសុខបាននិយាយថា៖ «ចំណាប់អារម្មណ៍របស់ខ្ញុំ គឺថាអឺរ៉ុបពិតជាស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្ដូរមួយ ក្នុងការបង្កើត និងរៀបចំយុទ្ធសាស្ត្ររបស់ចិន ដែលប្រាកដនិយម និងមានប្រសិទ្ធភាពនៅថ្ងៃមុខ»។
នៅក្នុងជំនួបកំពូលតាមវីដេអូអនឡាញកាលពីថ្ងៃចន្ទទី២២ ខែមិថុនា ជាមួយមេដឹកនាំចិន អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅដែនដីទីបេ និងនៅទីក្រុង Xinjiang និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ចិនអំពីវីរ៉ុសកូរ៉ូណា។ អ្នកស្រីក៏បានបន្ទោសចិនចំពោះការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ និងបណ្ដាញកុំព្យូទ័ររបស់មន្ទីរពេទ្យក្នុងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ដោយនិយាយថាសកម្មភាពទាំងនេះមិនអាចអត់ឱនឱ្យបានទេ។
អ្នកស្រី Von der Leyen បាននិយាយថា អ្នកស្រី និង លោក Michel បានបញ្ជាក់យ៉ាងច្បាស់ថាការអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងទីក្រុងហុងកុង មិនត្រឹមតែរំលោភលើមូលដ្ឋានច្បាប់របស់ហុងកុងប៉ុណ្ណោះទេ តែថែមទាំងរំលោភលើការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ចិនផងដែរ។
អ្នកស្រី Ekman និយាយថា៖ «ខ្ញុំមិនដែលឃើញសេចក្ដីថ្លែងការណ៍ធ្ងន់ធ្ងរបែបនេះចេញពីភាគីអឺរ៉ុប លើបញ្ហាសិទ្ធិមនុស្ស ឧទាហរណ៍បញ្ហានៅហុងកុងនោះទេ»។
លោក Hal Brands សាស្ត្រាចារ្យផ្នែកកិច្ចការសាកលលោក នៅសាកលវិទ្យាល័យ John Hopkins សម្រាប់ការសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់ (John Hopkins School of Advanced International Studies) បានប្រាប់ VOA ថា ស្របពេលដែលសហគមន៍អឺរ៉ុបរិះគន់ពីសកម្មភាពរបស់ចិន អឺរ៉ុបមិនបានចាត់វិធានការអ្វីឡើយ។
លោក លើកយកទីក្រុងហុងកុងជាឧទាហរណ៍។
សហគមន៍អឺរ៉ុបបាន «បដិសេធមិនដាក់ទណ្ឌកម្ម [លើចិន] ដោយសារការជំរុញហុងកុង»។ លោក Brands បាននិយាយថា៖ «សហគមន៍អឺរ៉ុប គ្រាន់តែសម្តែងការព្រួយបារម្ភ ប៉ុន្តែមិនដែលចាត់វិធានការតឹងរ៉ឹងណាមួយឡើយ។ ដូច្នេះចិន ប្រហែលជាកំពុងគិតគូរថា ស្របពេលដែលមានការរិះគន់ផ្នែកការទូត ហើយសហរដ្ឋអាមេរិកប្រហែលដាក់ទណ្ឌកម្មមួយចំនួន ផលប៉ះពាល់សរុបប្រហែលជាមិនសូវធ្ងន់ធ្ងរឡើយ»។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo អំពាវនាវឱ្យសហគមន៍ អឺរ៉ុបជ្រើសរើសរវាងសេរីភាព និងរបបផ្ដាច់ការរបស់ចិន កាលពីថ្ងៃទី១៩ ខែមិថុនា នៅកិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យនៅទៅក្រុងCopenhagen ប្រទេសដាណឺម៉ាក។
លោក Pompeo បាននិយាយថា៖ «ខ្ញុំមិនជឿថា វាមានវិធីបែបអឺរ៉ុប ឬបែបអាមេរិកាំង ដើម្បីប្រឈមនឹងជម្រើសនេះនោះទេ។ ហើយក៏គ្មានវិធីណា ដើម្បីយកមកជំនួសជម្រើសទាំងនេះ ដោយមិនបោះបង់ខ្លួនយើងដែរ។ លទ្ធិប្រជាធិបតេយ្យដែលពឹងលើជនផ្ដាច់ការ គ្មានតម្លៃស័ក្ដិសមនឹងឈ្មោះប្រជាធិបតេយ្យនោះទេ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា