ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ការស្លាប់​របស់​លោក Prigozhin នឹង​បង្អាក់​សកម្មភាព​របស់​ក្រុម Wagner នៅ​អាហ្វ្រិក


រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​មិនមាន​បញ្ជាក់​កាលបរិច្ឆេទ​នេះ បង្ហាញពី​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី​នៅ​ភាគខាងជើង​ប្រទេស​ម៉ាលី។ (French Army via AP)
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​មិនមាន​បញ្ជាក់​កាលបរិច្ឆេទ​នេះ បង្ហាញពី​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី​នៅ​ភាគខាងជើង​ប្រទេស​ម៉ាលី។ (French Army via AP)

វាពិបាក​ក្នុង​ការ​ព្យាករ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ប្រតិបត្តិការ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នៅ​អាហ្វ្រិក បន្ទាប់​ពី​ការ​ស្លាប់មេដឹកនាំលោក Yevgeny Prigozhin ដោយសារ​តែ​ឥទ្ធិពល​របស់​លោកនៅទ្វីប​នេះ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​លោក Steven Gruzd ប្រធាន​ផ្នែក​គម្រោង​អាហ្វ្រិក​រុស្ស៊ី​ប្រចាំ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្រុង Johannesburg។

លោក Gruzd ថ្លែង​ថា៖ «នឹង​មាន​រយៈកាល​មិន​ប្រាកដប្រជា​មួយ នឹង​មាន​ការ​ប្រជែង​យក​ដំណែង និង​ការ​ប្រមើល​មើល​ថា​តើ​អ្នក​ណា​ចង់​ចូល​គ្រប់គ្រង​បន្ត។ ហើយ​ក៏​មាន​ការ​ពិភាក្សា​អំពី​រុស្ស៊ីដាក់ក្រុម​ Wagner ចូល​ក្នុង​ជួរ​យោធា ដោយ​យក​ក្រុម​នេះ​ចេញ​ពី​កណ្តាប់​ដៃ​ឯកជន​ផង​ដែរ»។

ប៉ុន្តែ​លោក Charles Bouessel ប្រចាំ​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ (International Crisis Group) បាន​ប្រាប់​វីអូអេ​ថា សកម្មភាព​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ​នៅ​អាហ្វ្រិក​នឹង​ត្រូវ​បង្អាក់​ ដោយសារ​តែ​ទំនាក់ទំនង​ផ្សេងៗបង្កើត​ឡើង​ក្នុង​ពេល​ពីរ​បី​ឆ្នាំ​មក​នេះដោយ​មេដឹកនាំ​ក្រុម​នេះ និង​សហការី​មួយ​ចំនួន ដូចជា លោក Valery Chekalov និង​លោក Dmitry Utkin ដែល​បាន​ស្លាប់​ជាមួយ​គ្នា​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ថ្មីៗ​នេះ។

លោក​ថ្លែង​ថា៖ «លោក​ Prigozhin និងលោក Utkin ​ដឹង​រឿង​ច្រើន ហើយ​ពួកគេ​មានគ្រប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​នឹង​របប​ដឹកនាំ​នានា​នៅ​អាហ្វ្រិក ជាទី​ដែល​ក្រុម Wagner ធ្វើ​ប្រតិបត្តិការ។ ដូច្នេះ​វា​ត្រូវ​ការ​ពេលវេលា​សម្រាប់​រុស្ស៊ី​ដើម្បី​អាច​ចូល​គ្រប់គ្រង​បន្ត និង​ស្តារ​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​បណ្តា​ប្រទេសទាំង​នោះ»។

លោក Gruzd លើក​ឡើង​ថា ឥទ្ធិពល​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner មាន​ទូ​ទាំងទ្វីប​អាហ្វ្រិក។

«​វត្តមាន​របស់​ក្រុម Wagner នៅ​អាហ្វ្រិក​គឺ​មាន​ទូលំទូលាយ។ មាន​ការ​រាយការណ៍​ថា ​ពួកគេ​មាន​ទាហាន​រហូត​ដល់​ជាង ៥.០០០​នាក់​នៅ​តាម​ប្រទេស​ផ្សេងៗ ដូចជា សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ម៉ាលី​ ហើយ​មាន​ទាហាន​តិច​ជាង​នេះ​នៅ​លីប៊ី​និង​ស៊ូដង់។ សួម្បី​តែគិត​មក​ដល់​ចុង​សប្តាហ៍កន្លង​ទៅ​នេះ មើល​ទៅ​ដូចជា នីហ្សេ និង​ប៊ូគីណាហ្វាសូ ដែល​ជាប្រទេស​មាន​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​អាហ្វ្រិក​ខាង​លិច​ក្នុង​តំបន់​ Sahel គឺ​ជា គោលដៅ​សម្រាប់​ក្រុម Wagner»។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ​ពី​បទសម្លាប់​រង្គាល ​រំលោភ​សេព​សន្ទវៈ​ និងបំពាន​លើ​រាងកាយ​នៅ​ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​បាន​ចាត់​ទុក​ក្រុម​នេះ​ជា​ «បណ្តាញក្រុម​ឧក្រិដ្ឋជន»។

រូបឯកសារ៖ ជនជាតិ​ម៉ាលី​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​បារាំង និង​គាំទ្រ​រុស្ស៊ី​នៅ​ទីក្រុងបាម៉ាកូ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ ក្រុមហ៊ុន Wagner Group របស់​រុស្ស៊ី​ដែល​ជាក្រុមហ៊ុន​យោធា​ឯកជន​បាន​ដាក់​ពង្រាយ​បុគ្គលិក​របស់ខ្លួន​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក។
រូបឯកសារ៖ ជនជាតិ​ម៉ាលី​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​បារាំង និង​គាំទ្រ​រុស្ស៊ី​នៅ​ទីក្រុងបាម៉ាកូ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ ក្រុមហ៊ុន Wagner Group របស់​រុស្ស៊ី​ដែល​ជាក្រុមហ៊ុន​យោធា​ឯកជន​បាន​ដាក់​ពង្រាយ​បុគ្គលិក​របស់ខ្លួន​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក។

លោក Bouessel និយាយ​ថា នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ពេលវេលា​នៅ​លឿន​ពេក​ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ស្លាប់​របស់​លោក Prigozhin ប៉ុន្តែ​វា​សំខាន់​ក្នុង​ការ​ចងចាំ​ពី​តួនាទី​របស់​ក្រុម​ Wagner ​ក្រោម​មេដឹកនាំ​រូប​នេះ។

«សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រុស្ស៊ី​នៅ​ចុង​ឆ្នាំ ២០១៧។ កិច្ចព្រមព្រៀង​នេះ​រួម​បញ្ចូល​ការ​មក​ដល់​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner និង​ជំនួយ​ពី​សំណាក់​ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ​ចំពោះ​ប្រធានាធិបតី។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម Wagner បាន​បណ្តេញបារាំង​ដែល​បាន​ដាក់​អាណានិគម​ចេញ​ និង​ធ្វើ​ឱ្យ​បារាំង​លែង​មាន​សិទ្ធិ​ធ្វើ​សេចក្តីសម្រេច​នៅ​ក្នុង​ប្រទេស​នេះ។ ពួកគេ​ក៏​បាន​រារាំង​មិន​ឱ្យ​ក្រុម​ឧទ្ទាមវាយ​ប្រហារ​ទីក្រុង​សាជាថ្មី ហើយ​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ​ចុះ​ខ្សោយ»។

លោក Bouessel កត់សម្គាល់​ថា​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្រុម​ Wagner ​គ្រប់គ្រងអាជីវកម្ម​រ៉ែ​មាស និង​ពេជ្រ។ ពួកគេ​ក៏​មាន​វត្តមាន​នៅ​ក្នុង​វិស័យ​ជំនួញ​ឈើ​ហ៊ុប និង​ភេសជ្ជៈ​ផង​ដែរ។

លោក​បណ្ឌិត Edgar Githua សាស្រ្តាចារ្យសាកលវិទ្យាល័យ​អន្តរជាតិ​សហរដ្ឋអាមេរិក (USIU) នៅ​ក្រុង​ណៃរ៉ូប៊ី និង​សាកលវិទ្យាល័យ Strathmore ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ សន្តិភាព និង​ជម្លោះ និយាយ​ថា ការ​ស្លាប់​របស់​លោក Prigozhin នឹង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ និង​ឥទ្ធិពល​របស់​ក្រុម​ Wagner ដោយសារតែក្រុម​នេះ​បាន​បាត់បង់​បុគ្គល​ប្រកប​ដោយ​បុគ្គលិក​លក្ខណៈ​អង់​អាច​មួយ​រូប។

«លោក Prigozhin គឺ​ជា​អ្នក​នាំ​រំហូរ​ហិរញ្ញវត្ថុ​ឱ្យក្រុម Wagner។ លោក​គឺ​ជា​បុគ្គលម្នាក់​ដែល​មាន​បណ្តាញ​ទំនាក់ទំនង​នៅ​ក្រៅ​ប្រទេស។ លោក​គឺ​ជា​បុគ្គល​ដែល​អាច​រក​កិច្ចសន្យា​ការងារ​នៅ​ក្រៅ​ប្រទេស​បាន។ អ្វី​ៗ​អាស្រ័យលើរូប​លោក​តែ​ម្នាក់។ លោក Prigozhin មាន​អំណាច​ច្រើន​នៅ​ក្នុង​ជួរ​ក្រុមទាហាន​ស៊ីឈ្នួល​នេះ ហើយ​ការ​ស្លាប់​របស់​លោក​នឹង​ធ្វើ​ឱ្យ​ក្រុម​នេះ​គ្មាន​គោលដៅ​មួយ​រយៈ»។

ការ​ស្លាប់​របស់​លោក Prigozhin កើត​ឡើង​ប៉ុន្មាន​ខែ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​បំបោរ​មិន​ទទួល​បាន​ជោគជ័យ​មួយ​ប្រឆាំង​នឹង​មេ​បញ្ជាការ​យោធា​កំពូល​របស់​រុស្ស៊ី​។ ក្រោយ​ពីបរាជ័យ​នោះ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​បង្ហាញ​សញ្ញា​ថា ប្រតិបត្តិការ​របស់​ក្រុម Wagner នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ម៉ាលី នឹង​មិនរង​ផល​ប៉ះពាល់​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ទាក់ទង

XS
SM
MD
LG