ភ្នំពេញ — អ្នកតាមដានសង្គមកម្ពុជាបានលើកឡើងថាសារនយោបាយរបស់លោក Joe Biden ដែលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ម៉ោងក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់បំផុតទៅលើការផ្សះផ្សាជាតិ។
អ្វីដែលជាការចាប់អារម្មណ៍មួយទៀត គឺការកសាងទំនុកចិត្តឡើងវិញជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក។ បន្ថែមពីនេះ លោក Biden ក៏បានថ្លែងអំពីគុណតម្លៃនៃប្រជាធិបតេយ្យរបស់អាមេរិកនិងការស្តាឡើងវិញសម្រាប់ជាគំរូដល់ប្រទេសផ្សេងៗ។
នៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិកទី៤៦ លោក Biden អាយុ៧៨ឆ្នាំ ដែលធ្លាប់បំពេញតួនាទីជាអនុប្រធានាធិបតីក្នុងអាណត្តិរបស់លោក ប៉ារ៉ាក់ អូបាម៉ា ផងនោះ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យមានតម្លៃ ហើយលទ្ធិប្រជាធិបតេយ្យក៏មានភាពផុយស្រួយផងដែរ។ ប៉ុន្តែនៅពេលនេះ លោកថា «លទ្ធិប្រជាធិបតេយ្យបានឈ្នះហើយ»។
លោក អ៊ូ វីរៈ ស្ថាបនិកនៃអង្គការវេទិកាអនាគត ដែលបានតាមដានសាររបស់ប្រធានាធិបតីអាមេរិក មានប្រសាសន៍ថាលោក Joe Biden បានថ្លែងច្រើនទាក់ទងនឹងការព្យាយាមផ្សះផ្សាជាតិ និងប្រឆាំងពីភាពប្រេះឆានានានៅសហរដ្ឋអាមេរិក។
លោកបន្តថា សារទីពីររបស់លោក Biden ផ្តោតលើសម្ព័ន្ធមិត្តអាមេរិក ដែលលោកថាអតីតប្រធានាធិបតីលោក Donald Trumpបានធ្វើឲ្យបាត់បង់ទំនុកចិត្ត។
លោកមានប្រសាសន៍ថា៖ «សម្រាប់ការងារបរទេសនៅអាណត្តិហ្នឹង គឺព្យាយាមបង្កឲ្យមានការទុកចិត្តសម្រាប់ដៃគូសំខាន់ៗនៃសហរដ្ឋអាមេរិកជាពិសេសគឺអឺរ៉ុប ហើយនិងប្រទេសដូចជាជប៉ុននិងកូរ៉េ ហើយនិងនៅក្នុងតំបន់ទាក់ទងនឹងរឿងសមុទ្រចិនខាងត្បូងអីហ្នឹង។ អាហ្នឹងដោយសារការកើនអំណាចនៃប្រទេសចិនទាំងសេដ្ឋកិច្ច និងអំណាចយោធា ទាំងអំណាចនយោបាយនៅក្នុងតំបន់»។
ទាក់ទងនឹងប្រទេសកម្ពុជាវិញ លោក អ៊ូ វីរៈ បានកត់សម្គាល់ចំណុចមួយដែលសំខាន់ គឺលោក Biden បានជ្រើសរើសលោកស្រី Samantha Power ឲ្យធ្វើជាប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID ដែលធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១២។
ដូច្នេះលោកអ៊ូ វីរៈ យល់ថាអាចមានការបង្កើនជំនួយជួយដល់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «ការរើសយកលោកស្រី Samantha Power ក៏អាចឆ្លុះបញ្ចាំងពីឆន្ទៈគោលនយោបាយអន្តរជាតិរបស់លោក Biden ផងដែរ»។
លោក អ៊ូ វីរៈ ក៏លើកឡើងអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលលោកថាវាជាការព្រួយបារម្ភ ដែលអាចមានឥទ្ធិពលលើប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងព្រួយបារម្ភបំផុត គឺការកើនឡើងអំណាចនៃប្រទេសចិនហ្នឹង។ តើនឹងឈានទៅការទុកឲ្យកម្ពុជាមានដង្ហើមក្នុងការជំរុញផ្ទៃក្នុងរបស់ខ្លួន ឬមួយក៏មហាអំណាចនឹងចាប់ផ្តើមជំរុញតាមផលប្រយោជន៍ គំនិត និងមនោគមន៍វិជ្ជារៀងៗខ្លួន។ អាហ្នឹងដែលជាការព្រួយបារម្ភមែនទែន ព្រោះអីបើសិនជាដំរីពីរហ្នឹងជល់គ្នា យើងនៅក្នុងកណ្តាលហ្នឹង ចង់មិនចង់ ក៏យើងរងគ្រោះដែរ»។
ចំណែកលោកបណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា យល់ថាជាធម្មតាកាលណាមានការផ្លាស់ប្តូរប្រធានាធិបតីអាមេរិក តែងតែមានការផ្លាស់ប្តូរនយោបាយមួយចំនួន។
លោកថាវាអាចមានឥទ្ធិពលខ្លះដែរមកលើកម្ពុជា ប៉ុន្តែលោកថាអ្វីដែលសំខាន់បំផុត គឺអាស្រ័យលើប្រទេសខ្លួនឯង។
លោកប្រាប់ VOA ថា៖ «វាអាស្រ័យលើប្រទេសនីមួយៗទេ ដែលត្រូវធ្វើការខ្លួនឯង ត្រូវទទួលខុសត្រូវទៅលើប្រជាធិបតេយ្យដោយខ្លួនឯង។ បើយើងនៅគ្រាន់តែរង់ចាំគេ ថាគេមានការផ្លាស់ប្តូរមេដឹកនាំ យើងប្រហែលជាបានធូរស្បើយគេនឹងមកជួយយើង ផ្លាស់ប្តូរអីភ្លាមៗ សទៅជាខ្មៅ ខ្ញុំគិតថាមិនមែនជារឿងសមស្របសម្រាប់យើងគិតបែបហ្នឹង»។
លោក មាស នី បន្តថាកម្ពុជាស្ថិតក្នុងចំណុចនៃចោទប្រកាន់ក្នុងភូមិសាស្ត្រនយោបាយ ដូច្នេះលោកមិនទាន់អាចទស្សន៍ទាយថាតើសហរដ្ឋអាមេរិកនឹងមានឥទ្ធិពលកម្រិតណានៅក្នុងផ្នែកប្រជាធិបតេយ្យកម្ពុជានោះទេ។
លោកជំរុញឲ្យអ្នកនយោបាយខ្មែរនិយាយគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង។
លោក មាស នី ថ្លែងថា៖ «ការដែលយើងនាំគ្នា ពឹងតែគេពីខាងក្រៅ ពឹងមហាអំណាចហ្នឹង ទីចុងបំផុតវាអាចធ្វើឲ្យប្រទេសយើងត្រូវបានគេទាញទម្លាក់ចូលទៅក្នុងភូមិសាស្ត្រនយោបាយកាន់តែជ្រៅទៀត ប្រសិនបើយើងមិនមានសមត្ថភាពធ្វើការដោយខ្លួនឯង រវាងអ្នកនយោបាយខ្មែរ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានលើកឡើងថាកម្ពុជាមិនស្ថិតនៅក្រោមប្រទេសណានោះទេ ហើយទំនាក់ទំនងជាមួយប្រទេសផ្សេងៗ គឺសម្រាប់គោលដៅពាណិជ្ជកម្មតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គេសួរសម្តេច សម្តេចអគ្គមហាសេនាបតីតេជោ លោកនៅខាងចិន ឬនៅខាងអាមេរិកកាំង? ប៉ុន្តែចម្លើយរបស់សម្តេចដែលជាការចងចាំរបស់យើងទាំងអស់គ្នា គឺលោកឈរនៅលើខ្មែរ ផលប្រយោជន៍ខ្មែរ»។
លោកបណ្ឌិតអៀ សុផល សាស្ត្រាចារ្យជំនាញការទូតនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក ប្រាប់ VOA តាមសារអ៊ីមែលថា«ប្រទេសចិននឹងនៅតែជាបន្លា»ក្នុងទំនាក់ទំនងអាមេរិកជាមួយកម្ពុជា។
លោកបន្ថែមថាលោក Biden នឹងកសាងសម្ព័ន្ធមិត្តបរទេស ហើយវាមិនមែនអាមេរិកតែឯងនោះ ប៉ុន្តែគឺអាមេរិកជាមួយអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីប្រឆាំងនឹងការបំពានសិទ្ធិមនុស្ស ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការបិទសិទ្ធិសេរីភាព។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថាលោក Joe Biden បានដាក់ចេញនូវគោលការណ៍ដែលជាការស្តាឡើងវិញមុខមាត់របស់អាមេរិក ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សផងដែរ ដូចជាសិទ្ធិជនអន្តោប្រវេសន៍ការធានានូវសមភាព និងបញ្ហារើសអើងជាតិសាសន៍ជាដើម ដែលលោកស្រីថាកាលពីរដ្ឋបាលរបស់លោក Donald Trump មានភាពចម្រូងចម្រាសច្រើន។
លោកស្រីបន្តថានេះជាពេលវេលាដែលលោក Biden ចាប់ផ្តើមធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាគំរូភាពឡើងវិញសម្រាប់ប្រទេសដទៃទៀត។
លោកស្រីបញ្ជាក់ថា៖ «នេះគឺជាការបង្ហាញនៃការយកចិត្តទុកដាក់ មិនមែនតែចំពោះបញ្ហារបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែគឺជាបញ្ហាសាកល។ អញ្ចឹងខ្ញុំមើលឃើញថានេះជាការបង្ហាញនូវជំហររបស់អាមេរិកក្រោមរដ្ឋបាលថ្មីនេះក្នុងការធ្វើយ៉ាងម៉េចស្តារនូវមុខមាត់របស់អាមេរិកនៅក្នុងជួរមុខនៃការធ្វើឲ្យប្រសើរឡើងផ្នែកលទ្ធិប្រជាធិបតេយ្យ ហើយនិងគោលការណ៍សិទ្ធិមនុស្ស»។
លោកស្រី ចក់ សុភាព បន្ថែមថាលោកស្រីក៏សង្ឃឹមថាសហរដ្ឋអាមេរិកនឹងជួយគាំទ្រ និងជំរុញឲ្យប្រទេសផ្សេងៗដើរតាមគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យផងដែរ។
លោក Joe Biden ដែលជាប្រធានាធិបតីមានវ័យចំណាស់ជាងគេរបស់សហរដ្ឋអាមេរិក ក៏បានដាក់បញ្ហាបម្រែបម្រួលអាកាសធាតុ ជាអាទិភាពផងដែរ ដោយលុបចោលការសម្រេចចិត្តរបស់រដ្ឋបាលមុន កាលពីឆ្នាំ២០១៧ ដែលដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអំពីធាតុអាកាសជាប្រវត្តិសាស្ត្រ។ ការសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនោះបានធ្វើឲ្យមេដឹកនាំពិភពលោកជាច្រើនខកចិត្ត រួមទាំងកម្ពុជាផងដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន ចាត់ទុកថាសេចក្តីសម្រេចរបស់រដ្ឋបាលអាមេរិកថ្មីនេះជាដំណឹងល្អមួយ ហើយកម្ពុជាស្វាគមន៍ការវិលត្រឡប់របស់សហរដ្ឋអាមេរិកចូលកិច្ចព្រមព្រៀងនេះដែលមានសារសំខាន់សម្រាប់ពិភពលោកទាំងមូល។
លោកបន្តថាសហរដ្ឋអាមេរិកមានតួនាទីសំខាន់ក្នុងការចូលរួមគាំទ្រ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអាកាសធាតុក្នុងពិភពលោក និងបន្ថយបញ្ហាផ្សេងៗដែលនាំឲ្យមានការប្រែប្រួលអាកាសធាតុ។
កាលពីខែធ្នូ ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរលោក Joe Biden។ លោក ហ៊ុន សែន បង្ហាញជំនឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់លោក Biden សហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខនិងរួមចំណែកនាំឲ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។
លោក ហ៊ុន សែនក៏បានគូសបញ្ជាក់ថារដ្ឋាភិបាលរបស់លោកប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់លោក Biden ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕