ក្នុងរយៈពេលចុងក្រោយនេះ ក្រុមអាជ្ញាធរកម្ពុជាបានសម្រុកចាប់ខ្លួនសកម្មជនសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិស្ទើរមិនលោះថ្ងៃ។ មកទល់នឹងថ្ងៃសុក្រ ទី១៨ ខែតុលានេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួនបានកើនដល់៤៩នាក់ហើយ។
ការចាប់ខ្លួនភាគច្រើនក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ជាមួយលោកសម រង្ស៊ី ខណៈដែលប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានដាក់ផែនការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
ចាប់តាំងពីខែសីហាមកម្ល៉េះ លោកសម រង្ស៊ី បានបំផុសទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនឲ្យប្រមូលផ្តុំគ្នា និងរង់ចាំទទួលរូបលោក។ ប៉ុន្តែរដ្ឋាភិបាលចាត់ទុកថាលោកសម រង្ស៊ី មានគម្រោងចូលមកផ្តួលរំលំរដ្ឋាភិបាលសព្វថ្ងៃ ហើយអ្នកដែលហ៊ានសម្តែងការគាំទ្រការនិវត្តរបស់អតីតមេបក្សប្រឆាំងនេះជាចំហជាច្រើនត្រូវបានចាប់ខ្លួន ឬបង្ខំឲ្យសារភាព។
លោកបណ្ឌិ ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបមានប្រសាសន៍ថា គណបក្សកាន់អំណាចប្រើប្រាស់ការចាប់ខ្លួនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិក្នុងហេតុផលចំនួនពីរ។
«ទី១ គឺគេចាត់វិធានការដើម្បីផ្តាច់ខ្សែរយៈ និងសកម្មជនដែលអាចដើរតួនាទីជាអ្នកកៀរគរ ឬរៀបចំឲ្យមានការទៅទទួល សម រង្ស៊ី ដើម្បីទប់ទល់ការវិលត្រឡប់របស់សម រង្ស៊ី នេះ»។
ប៉ុន្តែ បន្ថែមពីលើទឡ្ហីករនៃការរារាំងដំណើរនិវត្តមកកម្ពុជាវិញរបស់លោក សម រង្ស៊ី ទិដ្ឋភាពមួយទៀតបង្ហាញថា ការចោទប្រកាន់និងការកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អាចជាហេតុផលមួយនៃការកាត់ផ្តាច់ជើងក្រោមរបស់បក្សប្រឆាំង បង្កើនសម្ពាធផ្លូវចិត្តលើពួកគេ នៅពេលដែលពួកគេបាត់បង់ក្បាលម៉ាស៊ីនដឹកនាំកំពូល និងបន្ថយភាពក្លាហានក្នុងការគាំទ្រនៅតាមមូលដ្ឋាន។
ទោះជាយ៉ាងណា លោកសម រង្ស៊ី បានប្រាប់វីអូអេតាមខ្សែទូរស័ព្ទពីទ្វីបអឺរ៉ុបថា ការចាប់ខ្លួនសកម្មជនគាំទ្របក្សប្រឆាំង គឺជាការចាប់ខ្លួន«អត់មានតម្លៃនិងមិនមានប្រសិទ្ធភាព»។
«ពីព្រោះរដ្ឋអំណាចលោកហ៊ុន សែន សព្វថ្ងៃភ័យស្លន់ស្លោ។ គាត់យល់ឃើញថា ប្រជាពលរដ្ឋនឹងងើបឈរព្រមគ្នា។ ដូច្នេះគាត់ចង់បំភិតបំភ័យអ្នកដែលជារចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិកុំឲ្យកេណ្ឌប្រជាពលរដ្ឋ។ ប៉ុន្តែប្រជាពលរដ្ឋ នឹងមកដោយចិត្តលោក ឲ្យតែដឹងថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមកដល់ពេលណា ពួកគាត់នឹងចូលរួមអមដំណើរ ទៅទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពេលនោះ»។
លោកសម រង្ស៊ី បាននិរទេសទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ។ ក្នុងពេលនេះលោកស្ថិតក្រោមការចោទប្រកាន់របស់តុលាការច្រើនជាងដប់ករណី។
នៅពេលដែលមេដឹកនាំនយោបាយប្រឆាំងរូបនេះ កាន់តែបង្ហាញពីចេតនាមកកម្ពុជាវិញយ៉ាងពុះកញ្ជ្រោល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្កើនសម្ពាធកាន់តែខ្លាំង និងបានគំរាមប្រើប្រាស់កម្លាំងកងទ័ពដើម្បីទប់ស្កាត់រូបលោកទៀតផង។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បកស្រាយថាការបង្ក្រាបលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិមិនមែនដើម្បីទប់ស្កាត់មិនឲ្យលោកសម រង្ស៊ី វិលចូលប្រទេសកម្ពុជានោះទេ។
«ការបង្ក្រាបហ្នឹង គឺមិនមែនដើម្បីបំណងរារាំងទេ។ គឺយើងអនុវត្តច្បាប់តែម្តង។ ហើយច្បាប់នេះគឺយើងអនុវត្តត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយយើងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ អនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ អញ្ចឹងការចាប់វិធានការណ៍មួយចំនួនលើជនល្មើសច្បាប់ អត់មានអីខុសទេ»។
វិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ២០១៧ នៅពេលដែលលោកកឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងគណបក្សសង្គ្រោះជាតិរបស់លោកត្រូវបានរំលាយចោល។
ការរំលាយបក្សប្រឆាំងនេះបានបង្វិលប្រទេសកម្ពុជាឲ្យក្លាយជារដ្ឋាភិបាលឯកបក្ស និងនាំឲ្យមានការរិះគន់ពីបណ្តាបច្ចឹមប្រទេស រួមទាំងសហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបដែលដាក់សម្ពាធលើកម្ពុជា ដោយគំរាមព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់អឺរ៉ុប ឬ EBA។ ដើម្បីការពារការអនុគ្រោះពន្ធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដោះលែងអ្នកទោសនយោបាយមួយចំនួន ប៉ុន្តែបន្ទាប់ពីលោកសម រង្ស៊ី ប្រកាសថាលោកនឹងវិលត្រឡប់ចូលកម្ពុជាវិញ ការបង្រ្កាបបានចាប់ផ្តើម។
ក្នុងពេលនោះលោកសម រង្ស៊ី ហាក់ដូចជាបានចាក់សាំងបន្ថែមលើកម្តៅដែលមានស្រាប់តាមរយៈការរិះគន់លើព្រះមហាក្សត្រថា ព្រះអង្គមិនមានព្រះរាជអន្តរាគមដោះស្រាយវិបត្តិនយោបាយ។ហើយព្រះអង្គស្ថិតក្នុងចំណាត់ខ្មាំងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តាមរយៈសេចក្តីថ្លែងការណ៍នេះ លោកសម រង្ស៊ី ទំនងជាអាចរុញច្រានរដ្ឋាភិបាលឲ្យប្រឈមនឹងសម្ពាធពីអឺរ៉ុប និងពីអាមេរិកបន្ថែមទៀត ទាក់ទងនឹងការអនុគ្រោះពន្ធនាំទំនិញចេញពីកម្ពុជា ខណៈដែលរដ្ឋាភិបាលលោតច្រឡោតទប់ទល់នឹងការបរិហាររបស់លោកសម រង្ស៊ី។
ស្របពេលដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិករឹតបន្តឹងកាន់តែខ្លាំងលើការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាខាតបង់ប្រាក់ចំណេញយ៉ាងតិចក៏ជិតមួយពាន់លានដុល្លារដែរនោះ កម្ពុជាអាចនឹងងាកទៅរកជន្ទល់ពីប្រទេសចិនកាន់តែខ្លាំង។
ស្របពេលជាមួយគ្នានោះ អ្នកគាំទ្រនយោបាយមួយចំនួនដែលមិនសប្បាយចិត្តជាមួយឥរិយាបទរបស់ប្រជាពលរដ្ឋចិននៅកម្ពុជាអាចនឹងមានផ្នត់គំនិតបែបផ្សេង។ ប៉ុន្តែនៅពេលលោកសម រង្ស៊ី ថ្លែងរិះគន់ព្រះមហាក្សត្រនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបានទាញស្រូបយកផលចំណេញពីអ្នកគាំទ្ររាជានិយមបានខ្លះដែរ។
យ៉ាងណាក៏ដោយ ការដាក់សម្ពាធលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិនាពេលនេះ អាចជាមធ្យោបាយមួយដើម្បីស្រូបយកពួកគេឲ្យសាកល្បងចុះចូលជាមួយគណបក្សកាន់អំណាចផងដែរ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនអះអាងចំៗត្រង់ចំណុចនេះទេ។ ប៉ុន្តែ លោកពោលថា ការជ្រើសរើសផ្លូវនយោបាយ គឺជាសេរីភាពរបស់ពួកគេ។
«សិទ្ធិនយោបាយរបស់បងប្អូនទេ។ បងប្អូនណាភ្ញាក់រលឹកមិនជឿតាមមេឧទ្ទាមក្រៅច្បាប់តទៅទៀត គេចូលមកគណបក្សប្រជាជនក៏បាន ចូលគណបក្សផ្សេងក៏បានដែរ។ វាជាសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់បងប្អូនហើយ»។
ផ្ទុយទៅវិញ លោកសម រង្ស៊ី បានហៅសម្ពាធមកលើសកម្មជនប្រឆាំងថាជាការធ្វើសង្គ្រាមប្រឆាំងនឹងប្រជាពលរដ្ឋកម្ពុជា។
«ការចោទប្រកាន់ ការចាប់ ការគំរាម ប្រើអំពើហិង្សា គឺលោកហ៊ុន សែន ធ្វើសង្គ្រាមប្រឆាំងជាមួយប្រជារាស្ត្រខ្មែរ»។
បើពិនិត្យមើលជ្រុងមួយទៀត ការគាបសង្កត់ ការចាប់ខ្លួន ឬចោទប្រកាន់លើសកម្មជនបក្សប្រឆាំងទំនងជាមិនមែនជាមធ្យោបាយល្អនោះទេ។ វាអាចជាការដោះស្រាយបានមួយគ្រា តែមិនមែនជាដំណោះស្រាយរៀងរហូតទេ ខណៈដែលការកែទម្រង់តាមមូលដ្ឋានមួយចំនួនហាក់ដូចជាលែងដើរទៅមុខ ការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធ មានការធ្វេសប្រហែសរបស់មន្ត្រីដឹកនាំមូលដ្ឋាន ពេលដែលបាត់បង់បក្សប្រឆាំងជាគូប្រជែង ទំនងជាចំណុចសមស្របត្រូវពិនិត្យមើលច្រើនជាងការប្រើសម្ពាធនយោបាយ។
សន្ទុះនៃការកើនសំឡេងឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ របស់គណបក្សសង្គ្រោះជាតិ បានក្លាយជាការគំរាមកំហែងកាន់តែច្បាស់សម្រាប់បក្សកាន់អំណាច។ ហើយប្រហែលជាគេអាចយល់បានពីឬសគល់មួយចំនួននៅកម្រិតមូលដ្ឋាន និងកម្រិតថ្នាក់ជាតិរបស់បក្សកាន់អំណាច។
ទោះជាបែបនេះក្តី ការរុញសកម្មជនបក្សប្រឆាំងលេចធ្លោមួយចំនួនឲ្យផ្ទប់ជញ្ជាំង និងការព្យាយាមដាក់របាំងចំពោះលោកសម រង្ស៊ី ក្នុងការវិលត្រឡប់មកកម្ពុជាវិញ អាចជាយានមួយឈូសរុញឲ្យបក្សប្រឆាំងក្រាបដល់ឬសគល់ពិបាកនឹងងើបឡើងវិញបាន។
ហេតុដូច្នេះការសម្រេចចិត្តរបស់លោកសម រង្ស៊ី ក្នុងការវិលត្រឡប់មកកម្ពុជាវិញទំនងជារឿងចាំបាច់សម្រាប់អនាគតនយោបាយរបស់លោក។ ផ្ទុយទៅវិញ ប្រសិនបើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី មិនបានកើតឡើងនោះទេ ផលវិបាកមួយចំនួនរបស់អតីតគណបក្សប្រឆាំងរបស់លោកនឹងរីកកាន់តែរីកធំ។ សកម្មជននយោបាយដែលត្រូវចាប់ខ្លួនអាចក្លាយជាជនរងគ្រោះដោយសារនយោបាយ ហើយអ្នកគាំទ្រនយោបាយប្រឆាំងដទៃទៀត អាចស្ថិតក្រោមសុបិនអាក្រក់ និងការភ័យខ្លាច៕