អង្គការសិទ្ធិមនុស្ស Amnesty International និយាយនៅសប្តាហ៍នេះថាកងកម្លាំងរដ្ឋាភិបាលអេត្យូពីកងជីវពលក្នុងតំបន់ Amhara និងកងកម្លាំងអេរីត្រេបានចាប់រំលោភជាប្រព័ន្ធលើស្ត្រីនិងក្មេងស្រីរាប់រយនាក់នៅក្នុងជម្លោះនៅតំបន់ Tigray ខាងជើងប្រទេសអេត្យូពី។
ជាផ្នែកមួយនៃរបាយការណ៍ថ្មីនោះ អង្គការ Amnesty បាននិយាយជាមួយពួកអ្នករួចជីវិតពីការរំលោភនិងអំពើហិង្សាផ្លូវភេទចំនួន៦៣នាក់ពីតំបន់ Tigray បន្ថែមពីលើបុគ្គលិកសុខាភិបាលដែលកំពុងធ្វើការជាមួយអ្នករួចជីវិត។ក្នុងចំណោមអ្នករួចជីវិតនោះ ជនរងគ្រោះ៣៨ នាក់និយាយថា ការរំលោភនេះប្រព្រឹត្តដោយទាហានអេរីត្រេ។
អ្នកស្រី Fisseha Tekle ជាអ្នកស្រាវជ្រាវនៃអង្គការ Amnesty International នៅតំបន់ពយខាងកើតទ្វីបអាហ្វ្រិកឬ Horn of Africa បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា៖ «ជនរងគ្រោះត្រូវបានគេឃុំខ្លួនជាង២៤ម៉ោងហើយក្នុងករណីខ្លះច្រើនសប្តាហ៍ ខណៈពួកគេត្រូវបានរំលោភដោយពួកទាហាន»។
អ្នកស្រីបានបញ្ជាក់ថា៖«យើងអាចដឹងថាពួកទាហានបានប្រព្រឹត្តអំពើព្រៃផ្សៃលើអ្នកនៅរស់រានមានជីវិត។ពួកគេបានវាយដំជនរងគ្រោះ។ពួកគេបានប្រើពាក្យប្រមាថឬមាក់ងាយជនរងគ្រោះដែលបង្ហាញថាអំពើហិង្សាផ្លូវភេទបានត្រូវគេប្រើដោយអមនុស្សធម៌លើស្ត្រី Tigray ក្នុងតំបន់កំពុងមានជម្លោះ»។
ប្រទេសអេត្យូពីនិងអេរីត្រេបានរិះគន់របាយការណ៍នេះ។
ក្រសួងការបរទេសអេត្យូពីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថារដ្ឋាភិបាល«ថ្កោលទោសអំពើហិង្សាផ្លូវភេទនៅគ្រប់កាលៈទេសៈនិងរួមទាំងក្នុងស្ថានភាពជម្លោះ ហើយមានគោលនយោបាយគ្មានការអត់ឱន»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រទេសអេត្យូពីពីមុនបានទទួលស្គាល់ករណីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយសមាជិកកងកម្លាំងប្រដាប់អាវុធមួយចំនួនហើយថារដ្ឋាភិបាលបាន«ចាត់វិធានការដើម្បីធានាឱ្យមានការទទួលខុសត្រូវ»។
ប្រទេសអេត្យូពីបានបន្តរិះគន់របាយការណ៍របស់អង្គការ Amnesty International ថា«ផ្អែកលើវិធីសាស្រ្តដែលមានកំហុស»ដោយនិយាយថាអង្គការនេះបានធ្វើការសន្និដ្ឋានយ៉ាងទូលំទូលាយដែលស្ទើរតែមិនមានការគាំទ្រពី«ការស៊ើបអង្កេត»តិចតូចនិងពីចម្ងាយ។
នៅក្នុងខែកុម្ភៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអេត្យូពីគឺអ្នកស្រី Filsan Abdullahi Ahmed បាននិយាយក្នុងការបង្ហោះតាមធ្វីតធឺថាក្រុមការងារដែលផ្តួចផ្តើមដោយរដ្ឋាភិបាលនៅក្នុងតំបន់Tigrayបានរកឃើញថាមានការរំលោភដោយគ្មានការសង្ស័យ។អ្នកស្រីបានបន្ថែមថាចាប់តាំងពីពេលនោះមករដ្ឋមន្ត្រីយុត្តិធម៌កំពុងពិនិត្យមើលការចោទប្រកាន់នេះ៕
(Chris Hannas រួមចំណែកដល់សេចក្តីរាយការណ៍នេះ)