ប្រជាពលរដ្ឋអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកំាងជាង១០០នាក់ បានជួបជុំគ្នានៅក្នុងពិធីរៃអង្គាសថវិកាមួយ ដែលត្រូវបានរៀបចំឡើងដោយអង្គការ Caring for Cambodia (CFC) ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារៀនចំនួន២១កន្លែង នៅតាមតំបន់ជនបទខេត្តសៀមរាប។ លោកស្រី Jamie Amelio ស្ថាបនិក និងជានាយិកានៃអង្គការ (CFC) បានប្រាប់ VOA ថា មូលនិធិដែលទទួលបានពីកម្មវិធីរៃអង្គាសថវិកា ដែលត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភានេះ នឹងយកទៅប្រើប្រាស់ដើម្បីបន្តអនុវត្តកម្មវិធីអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនរបស់ CFC ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។ អង្គការសប្បុរសធម៌មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយបានផ្តល់ការឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្សនៅខេត្តសៀមរាបជាង៦.០០០នាក់ និងពង្រឹងគុណភាពគ្រូបង្រៀនផងដែរ៕