លោក David Rubenstein មិនមែនជាអ្នកមាននោះទេ។
លោក Rubenstein បានកត់សម្គាល់ថា លោកបានធំដឹងក្តីជាមួយនឹង «ជីវិតសាមញ្ញមួយ» ក្នុងក្រុង Baltimore រដ្ឋ Maryland ចម្ងាយប្រមាណ ៨០គ.ម ពីរដ្ឋធានីវ៉ាស៊ីនតោន «ប៉ុន្តែក្រុង Balitmore ជាក្រុងមួយ មានលក្ខណៈខុសប្លែកខ្លាំងពីរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុង Baltimore ជាក្រុងលក្ខណៈគ្រួសារ សម្បូរអ្នកធ្វើការដោយប្រើកម្លាំង ហើយសកម្មភាពមួយចំនួនដែលអ្នកធ្វើបាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មិនមាននៅក្នុងក្រុងនេះនោះទេ»។
បន្ទាប់ពីធ្វើការក្នុងវិស័យច្បាប់នៅក្នុងក្រុងញូវយ៉ក លោក Rubenstein បានផ្លាស់ទៅរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោកបានធ្វើការនៅក្នុងសេតវិមាន ក្នុងតំណែងជាទីប្រឹក្សារងផ្នែកគោលនយោបាយក្នុងស្រុក របស់លោកប្រធានាធិបតី Jimmy Carter មុននឹងធ្វើជំនួញដោយខ្លួនឯង។
សព្វថ្ងៃនេះ លោកជាមហាសេដ្ឋីម្នាក់។ លោកជាសហស្ថាបនិក និងនាយកប្រតិបត្តិរួមរបស់ក្រុមហ៊ុន The Carlyle Group ដែលជាក្រុមហ៊ុនគ្រប់គ្រងទុនវិនិយោគឯកជនមួយ មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកបាននិយាយថា៖
«ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមក្រុមហ៊ុនគ្រប់គ្រងទុនវិនិយោគឯកជន ឬក្រុមហ៊ុនទិញភាគហ៊ុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ រដ្ឋធានីវ៉ាស៊ីនតោនមិនមែនជាកន្លែងដែលជំនួញបែបនេះកើតឡើងនោះទេ។ ប៉ុន្តែយើងមានសំណាង។ ខ្ញុំជួលបុគ្គលិកល្អៗឲ្យធ្វើការជាមួយខ្ញុំ ហើយចុងក្រោយ យើងក៏ក្លាយជាក្រុមហុនមួយក្នុងចំណោមក្រុមហ៊ុនជោគជ័យនៅលើពិភពលោកក្នុងវិស័យនេះ»។
លោក Rubenstein មានអារម្មណ៍ថា លោកមានសំណាង ដែលអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់ ហើយយល់ថា វាជាការចាំបាច់ក្នុងការរួមចំណែកទៅឲ្យសហរដ្ឋអាមេរិកវិញ ដែលលោកជឿថា ជាប្រទេសដែលបានផ្តល់ឱកាសជាច្រើនដល់រូបលោក។
ការអភិរក្សជាប្រវត្តិសាស្ត្រ
ដូច្នេះ លោកបានងាកទៅយកចិត្តទុកដាក់ទៅលើផ្នែកមួយជាក់លាក់ ដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់រូបលោក។ នោះគឺការជួយអភិរក្សប្រវត្តិសាស្ត្រអាមេរិក តាមរយៈការផ្តល់មូលនិធិដល់គម្រោងស្តារតំបន់ប្រវត្តិសាស្ត្រមួយចំនួនរបស់អាមេរិក។
លោកបានហៅសកម្មភាពនេះថា អំពើសប្បុរសធម៌ជាតិនិយម ដែលលោកឲ្យនិយមន័យថា៖
«ជាការជួយប្រទេសកំណើតរបស់ខ្លួនក្នុងការថែរក្សាកេរតំណែលរបស់ប្រទេស និងក្រើនរំឭកពលរដ្ឋពីប្រវត្តិសាស្ត្រ»។
លោកបានចំណាយពេលវេលាជាច្រើនជាមួយនឹងទីភ្នាក់ងារឧទ្យានជាតិអាមេរិក (U.S. National Park Service) ក្នុងការកំណត់ទីតាំងដែលត្រូវការជំនួយរបស់លោក។
ជាឧទាហរណ៍ នៅពេលមានគ្រោះរញ្ជួយដី ដែលបានបំផ្លាញវិមាន Washington Monument នៅក្នុងឆ្នាំ២០១១ លោក Rubenstein បានបរិច្ចាគប្រាក់ចំនួន៧,៥លានដុល្លារ ដែលជាចំនួនពាក់កណ្តាលនៃថ្លៃជួសជុល ដើម្បីជួយស្តារវិមាននេះឡើងវិញ។
លោកបាននិយាយថា៖
«វាជាអគារតំណាងមួយ និងជាអគារមួយក្នុងចំណោមអគារនានាដែលខ្ញុំគិតថា ជានិមិត្តរូបរបស់ប្រទេសយើង ដែលគេស្គាល់ច្រើន។ ដូច្នេះ នៅពេលមានគ្រោះរញ្ជួយដី ខ្ញុំគិតថា ក្នុងនាមជាពលរដ្ឋម្នាក់ វាជាការល្អ ក្នុងការផ្តល់ការគាំទ្រ ដើម្បីជួយជួសជុលការខូចខាតឲ្យបានកាន់តែឆាប់»។
លោកក៏បានជួយអភិរក្សកន្លែងគោរពវិញ្ញាណក្ខន្ធ Marine Corps "Iwo Jima" War Memorial នៅរដ្ឋ Virginia ដោយបានបរិច្ចាគទឹកប្រាក់ចំនួន៥លានដុល្លារផងដែរ។
រូបសំណាកនេះជានិមិត្តរូបមួយ បំផុសគំនិតដោយរូបថតមួយ ដែលឈ្នះពានរង្វាន់ Pulitzer Prize បង្ហាញពីទាហាន៦រូបកាន់ទង់ជាតិអាមេរិកនៅលើភ្នំ Suribachi ក្នុងសមរភូមិ Battle of Iwo Jima ក្នុងសម័យសង្គ្រាមលោកលើកទី២ កាលពីជាង៧០ឆ្នាំមុន។
លោក Rubenstein បាននិយាយថា «កន្លែងគោរពវិញ្ញាណក្ខន្ធ Iwo Jima Memorial ពិតជាត្រូវបានធ្វើឡើងសម្រាប់ទាហានជើងទឹកទាំងអស់ ដែលបានស្លាប់នៅក្នុងការប្រយុទ្ធ ប៉ុន្តែនិមិត្តរូបចម្បងគឺធ្វើឡើងសម្រាប់ទាហានជើងទឹក ដែលបានលើកទង់ជាតិអាមេរិកនៅភ្នំ Suribachi ក្នុងការប្រយុទ្ធដណ្តើមយកកោះ Iwo Jima»។
ការដឹងគុណដល់លោកឪពុក
សម្រាប់លោក Rubenstein រូបសំណាកនេះមានអត្ថន័យផ្ទាល់សម្រាប់រូបគាត់។
លោកបាននិយាយថា «ឪពុករបស់ខ្ញុំជាទាហានជើងទឹកក្នុងសម័យសង្គ្រាមលោកលើកទី២។ គាត់បានទទូលមរណភាពប្រមាណ ២ ឬ៣ឆ្នាំមុននេះ។ នៅពេលខ្ញុំគិតពីវិធីផ្តល់ការគោរពដល់គាត់ ខ្ញុំក៏សម្រេចចិត្តថា អ្វីដែលខ្ញុំអាចសាកល្បងធ្វើបាននោះគឺ ធ្វើការជាមួយនឹងទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដើម្បីពិនិត្យមើលថាតើខ្ញុំអាចរកមធ្យោបាយធ្វើឲ្យរូបសំណាកមានលក្ខណៈល្អប្រសើរ ឬធ្វើទំនើបកម្ម និងស្តារឡើងវិញ ដោយសាររូបសំណាកនេះមិនត្រូវបានគេជួសជុលអស់រយៈយូរគួរសមដែរ។ ដូច្នេះវាពិតជានិមិត្តរូបនៃការព្យាយាមរបស់ខ្ញុំដើម្បីផ្តល់ការគោរពដល់លោកឪពុកខ្ញុំ ប៉ុន្តែវាក៏ជានិមិត្តរូបអ្វីដែលទាហានជើងទឹក និងអ្វីដែលពលរដ្ឋអាមេរិកាំងទាំងអស់បានធ្វើដើម្បីផ្តល់ការគោរពដល់ប្រទេសខ្លួន ដោយបានធ្វើការលះបង់ចុងក្រោយបំផុត សម្រាប់ប្រទេសមួយនេះ»។
លោក Aaron LaRocca ដែលជាមន្ត្រីម្នាក់បម្រើការនៅទីភ្នាក់ងារឧទ្យានជាតិ បាននិយាយថា ការបរិច្ចាគរបស់សប្បុរសជនលោក Rubenstein ធ្វើឡើងនៅពេលវេលាសមគួរបំផុតមួយ។
លោកបាននិយាយថា៖
«នៅក្នុងឆ្នាំ២០១៦ យើងប្រារព្ធខួប១០០ឆ្នាំនៃទីភ្នាក់ងារឧទ្យានជាតិ។ ការបរិច្ចាគនេះនឹងជួយអភិរក្សរូបសំណាកទាំងមូល ដែលមានចាប់ពីការចំណាយលើកៅឡាក់ទាញទង់ជាតិ រហូតដល់ផ្នែកខាងក្រោមនៃរូបសំណាក»។
កន្លែងវិញ្ញាណក្ខន្ធ Lee Memorial
លោក Rubenstein ក៏បានជួយស្តារកន្លែងគោរពវិញ្ញាណក្ខន្ធ Robert E. Lee Memorial ជាមួយនឹងការបរិច្ចាគជាង១២លានដុល្លារផងដែរ។
កន្លែងជាប្រវត្តិសាស្ត្រនេះស្ថិតនៅលើដីអតីតចម្ការមួយកន្លែងក្នុងបរិវេណកន្លែងបញ្ចុះសព Arlington National Cemetery តាមបណ្តោយទន្លេ Potomac River ដែលហូរពីរដ្ឋធានីវ៉ាស៊ីនតោនមក។
លោក Lee មេបញ្ជាការនៃកងទ័ព Confederate Army នៃតំបន់ Northern Virginia នៅក្នុងសង្គ្រាមស៊ីវិលរបស់អាមេរិក បានរស់នៅទីនោះជាមួយនឹងគ្រួសាររបស់គាត់អស់រយៈពេល៣០ឆ្នាំ។
លោក LaRocca និយាយថា ក្នុងចំណោមការខិតខំប្រឹងប្រែងស្តារឡើងវិញ ដែលត្រូវបានធ្វើឡើងនៅកន្លែងបញ្ចុះសពនេះ ជាគម្រោងដើម្បីរុះរើឥដ្ឋចាស់ៗ ដែលបែកបាក់ចេញពីគ្រឹះ ហើយយកឥដ្ឋទាំងនោះទៅធ្វើតេស្តមើលថាតើអាចដាក់ឥដ្ឋប្រហាក់ប្រហែលគ្នាជំនួសបានដែរ ឬយ៉ាងណា។
លោក Rubenstein សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនៃការស្រឡាញ់ជាតិរបស់លោកនឹងលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកាំងផ្សេងទៀតសិក្សាបន្ថែមទៀតអំពីប្រទេសរបស់ពួកគេ និងជួយគាំទ្រប្រទេសនេះតាមវិធីដែលពួកគេអាចធ្វើបាន។
លោកបាននិយាយថា៖
«ពាក្យថា Philanthropy ជាពាក្យក្រិកបុរាណ ដែលមានន័យថា «ស្រឡាញ់មនុស្សជាតិ»។ វាមិនមានន័យថា អ្នកមានសរសេរសែកនោះទេ។ ដូច្នេះអ្នកអាចប្រើអ្វីក៏ដោយដែលអ្នកមាន ហើយអ្នកក៏អាចប្រើពេលវេលា កម្លាំងកាយ និងគំនិតរបស់អ្នកដើម្បីជួយដល់សហគមន៍ រដ្ឋ និងប្រទេសរបស់អ្នកផងដែរ។ គោលបំណងចុងក្រោយគឺ ធ្វើឲ្យមនុស្សម្នាក្លាយជាពលរដ្ឋដែលទទួលបានព័ត៌មានច្រើនជាងមុន ដោយសារតែប្រសិនបើអ្នកជាពលរដ្ឋដែលទទួលបានព័ត៌មានច្រើន អ្នកនឹងមានលទ្ធិប្រជាធិបតេយ្យប្រសើរជាងមុន និងប្រទេសល្អជាងមុនមួយ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ