លោក Greg Barron អតីតអ្នកសារព័ត៌មាន និងផលិតករវិទ្យុដ៏វ័យក្មេងម្នាក់នៃស្ថានីយ៍វិទ្យុជាតិ Minnesota Public Radio បានឆ្លងកាត់បទពិសោធន៍មួយ ដែលលោកមិនអាចបំភ្លេចបាននៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ លោក Barron បានធ្វើដំណើរទៅកាន់ព្រំដែនប្រទេសថៃ និងកម្ពុជា ដើម្បីរាយការណ៍អំពីស្ថានភាពដ៏លំបាករបស់ជនភៀសខ្លួនខ្មែរនៅទីនោះ ហើយបានផលិតកម្មវិធីវិទ្យុមួយឈ្មោះ “Trampled Grass” ស្តីអំពីជនភៀសខ្លួនខ្មែរ និងអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឲ្យស្ថានីយ៍វិទ្យុ Minnesota Public Radio។ បើទោះបីជាជិត៤០ឆ្នាំបានកន្លងផុតទៅក្តី លោក Barron បានចាប់ផ្តើមកកាយអតីតកាលនេះឡើងវិញ ដោយបានផលិតជាកម្រងឯកសារផ្សាយតាមវិទ្យុមួយឈ្មោះ “Follow the Moon” ក្រោយពីពេលដែលលោកបានជួប និងសម្ភាសន៍អ្នករស់រានមានជីវិតបីនាក់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅរដ្ឋ Minnesota ដែលបានរត់ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក។ កម្រងឯកសារផ្សាយតាមវិទ្យុ Follow the Moon នឹងចាក់ផ្សាយតាមវិទ្យុ Minnesota Public Radio និង American Public Media នៅថ្ងៃទី១៧ ខែមេសាខាងមុខនេះ ហើយនឹងផ្សាយផ្ទាល់តាមគេហទំព័ររបស់លោក Barron ដែលមានអស័យដ្ឋាន (www.sounddawg.net)៕