កាលពីពីរសតវត្សរ៍មុន កម្រមានពេលណាមួយដែលសង្គ្រាម មិនរីករាលដាលទៅកាន់កន្លែងផ្សេងទៀតនៃពិភពលោកណាស់។ សហរដ្ឋអាមេរិក ត្រូវជាប់ពាក់ព័ន្ធក្នុងជម្លោះជាច្រើន ហើយមិនមែនតែងតែមានសមត្ថភាពទទួលលទ្ធផលគួរជាទីពេញចិត្តរាល់លើកនោះដែរ។ ប្រវត្តិវិទូសំខាន់ៗខាងយោធាមួយក្រុម ស្វែងរកមូលហេតុនេះ នៅក្នុងសៀវភៅថ្មីមួយ។
លោកវរៈសេនីយ៍ឯក ម៉ាធ្យូ ម៉ូទេន (Matthew Moten) ប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្រ្តនៅសាលាវ៉េសភញ (West Point) នៃបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក (U.S. military academy) មានប្រសាសន៍ថា សង្គ្រាមមិនដែលបញ្ចប់ដោយឯកឯងនោះទេ។ សង្គ្រាម ត្រូវបានធ្វើឡើងដើម្បីទទួលលទ្ធផលណាមួយដែលមេដឹកនាំនយោបាយបានសម្រេចចិត្ត មិនអាចទទួលបានតាមរយៈការបញ្ចុះបញ្ចូល ការចរចា ឬការគំរាមកំហែងឡើយ។ បើទោះជាគ្រឿងសព្វាវុធនិងយុទ្ធសាស្រ្ត បានផ្លាស់ប្តូរអស់ជាច្រើនសតវត្សក៏ដោយ លោកវរៈសេនីយ៍ឯក ម៉ូទេន បញ្ជាក់ថា សារជាតិនៃសង្គ្រាម គ្មានការផ្លាស់ប្តូរទាល់តែសោះ។
«សង្គ្រាម បន្តក្លាយជាបញ្ហាជម្លោះរវាងក្រុមមនុស្សដែលមានផលប្រយោជន៍ផ្ទុយគ្នា។ សង្គ្រាម អាចត្រូវបានប្រដួចទៅនឹងប្រកួតកាច់ដៃគ្នា។ ប៉ុន្តែនៅទីបំផុត គោលបំណងនៃសង្រ្គាម ត្រូវដាក់បង្ខំឆន្ទះរបស់ក្រុមមួយទៅលើសត្រូវរបស់ខ្លួន»។
លោកវរៈសេនីយ៍ឯក ម៉ូទេន បានដឹកនាំអ្នកសិក្សាស្រាវជ្រាវល្បីៗមួយក្រុម ដើម្បីពិនិត្យមើលប្រវត្តិសាស្រ្តយោធាសហរដ្ឋអាមេរិក។ លទ្ធផល បង្ហាញនៅក្នុងសៀវភៅថ្មីមួយ ក្រោមចំណងជើងថា៖ «រវាងសង្គ្រាមនិងសន្តិភាព៖ តើអាមេរិកបញ្ចប់សង្គ្រាមដោយរបៀបណា?»
«យើងបានបង្កើតបញ្ជីនៃជំពូកអត្ថបទ ដែលរាប់បញ្ចូលនូវអ្វីដែលយើងគិតថាជាសង្គ្រាមធំៗជាច្រើន ដោយចាប់ផ្តើមពី បដិវត្តន៍អាមេរិក (American Revolution) និងការបញ្ចប់ សង្គ្រាមឈូងសមុទ្រ(Gulf war) កាលពីឆ្នាំ1991 ដែលជាសង្រ្គាមចុងក្រោយ ដែលយើងចាត់ទុកថាបានបញ្ចប់រួចហើយ។ អាស្រ័យហេតុនេះ យើងបានគិតថា យើងអាចពិភាក្សាពីការបព្ចាប់សង្គ្រាមបានហើយ។»
ក្នុងចំណោមសង្គ្រាមចំនួន ១៤ នៅក្នុងសៀវភៅ មានតែសង្គ្រាមនៅម៉ិចសិកូ (Mexican War) ចាប់ពីឆ្នាំ១៨៤៦ ដល់១៨៤៨ មួយគត់ បានបញ្ចប់ទៅដោយសហរដ្ឋអាមេរិកសម្រេចបានគ្រប់គោលបំណងរបស់ខ្លួនទាំងអស់ ដោយរាប់បញ្ចូលទាំង ការកាន់កាប់ទៅលើអ្វីដែល ជាទឹកដីនៅភាគនិរតីរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។ គ្មានជម្លោះផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានទទួលលទ្ធផល ដែលឆ្លើយតបទាំងស្រុង តាមការរំពឹងទុកមុនសង្គ្រាមនោះទេ។
លោកវរៈសេនីយ៍ឯក ម៉ូទេន កត់សម្គាល់ថា ខណៈដែលសង្គ្រាមមួយចំនួន បានបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាព ការបញ្ចប់សង្គ្រាមដទៃទៀត គ្មានភាពច្បាស់លាស់ទាល់តែសោះ។
«សង្គ្រាមដែលពិបាកបញ្ចប់បំផុត គឺសង្គ្រាមមួយដែលយើងទទួលបរាជ័យ។ នោះជាសង្គ្រាមវៀតណាម។ សង្គ្រាមនោះ ជាករណីមួយ ដែលមានគោលនយោបាយនិងយុទ្ធសាស្រ្តដ៏ច្របូកច្របល់ និងត្រូវការពេលវេលាយូរ ដើម្បីស្វែងយល់ថា យើងនឹងគ្មានលទ្ធភាពឈ្នះ ស្របទៅតាមសោហ៊ុយ ដែលយើងត្រូវចំណាយនោះឡើយ។»
ជារឿយៗ ការកំណត់និយមន័យពាក្យ ជ័យជម្នះនិងបរាជ័យ អាចមានការលំបាកយ៉ាងខ្លាំង។
ប្រវត្តិវិទូ ចូសិហ្វ គ្លាថា (Joseph Glatthaar) និយាយថា ការបញ្ចប់សង្គ្រាម អាចមានឥទ្ធិពលទៅលើសន្តិភាព ដែលកើតឡើងនៅពេលក្រោយមក។
មានភាពកម្រិតចំពោះអ្វីដែលសង្គ្រាម អាចសម្រេចបាន ហើយប្រវត្តិវិទួ រូជឹរ ស្ពីលឹរ (Roger Spiller) បានពន្យល់ទៀតថា ភាពកម្រិត ត្រូវបានកំណត់ដោយ ក្រុមទាហានខ្លួនឯងតែម្តង។
«មនុស្ស អាចចាប់ផ្តើមធ្វើសង្គ្រាម ដោយមានការរំពឹងទុកប្រកបដោយភាពមិនប្រាកដនិយមជាច្រើន ទៅលើអ្វីដែលពួកគេអាចធ្វើបាន ប៉ុន្តែអ្វីដែលពួកគេពិតជាអាចធ្វើបាន គឺត្រូវគ្រប់គ្រងកាន់តែខ្លាំងជាងមុន ដោយសារភាពមានកម្រិត ដែលអំណាច និងសមត្ថភាពរបស់ពួកគេ បានដាក់បង្ខំលើពួកគេ ដែលមិនទាន់រាប់បញ្ចូលភាពមានកម្រិតនៃអន្តរសកម្មភាពជាមួយសត្រូវផង។»
លោក ស្ពីលឹរ និយាយថា នៅពេលខ្លះ បើទោះជាអ្នកចម្បាំងបានប្រឆាំងគ្នា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមយ៉ាងណាក៏ដោយ ភាគីទាំងអស់ នឹងរួបរួមគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បើទោះជាជម្លោះនោះ បន្តនៅក្នុងឆាកនយោបាយក៏ដោយ។
ឥឡូវនេះ សៀវភៅមានចំណងជើងថា «រវាងសង្គ្រាមនិងសន្តិភាព» ត្រូវបានអនុម័តឲ្យក្លាយទៅជាសៀវភៅសិក្សា នៅតាមសាលារៀនមួយចំនួន នៅសហរដ្ឋអាមេរិក។ លោក ម៉ាធីវ ម៉ូទេន អ្នកកែសម្រួលសៀវភៅនេះ និយាយថា លោក សង្ឃឹមថា សៀវភៅនេះ នឹងជួយសាធារណជននិងអ្នកធ្វើគោលនយោបាយទាំងឡាយ ឲ្យយល់ដឹងអំពីសង្គ្រាមរបស់សហរដ្ឋអាមេរិក ហើយរៀនសូត្រអំពីសង្គ្រាមទាំងនោះទៀតផង៕
ប្រែសម្រួលដោយ៖ គឹង ភិរុណ