អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីនិយាយថា ក្រុមអ្នកមុជទឹកបានទាញយកប្រដាប់ថតទិន្នន័យពីជើងហោះហើរលេខ៨៥០១ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលលិចក្នុងបាតសមុទ្រ ហើយបានរកឃើញទីតាំងនៃប្រដាប់ថតសំឡេងនៅក្នុងបន្ទប់អ្នកបើកបរយន្តហោះ។
លោកBambang Soelistyo ប្រធានទីភ្នាក់ងាររុករកនិងជួយសង្គ្រោះជាតិនិយាយថា៖ នៅម៉ោង៧ និង១១នាទីព្រឹក ម៉ោងនៅក្នុងស្រុក យើងបានទទួលជោគជ័យនៅក្នុងការស្រង់ផ្នែកនៃប្រអប់ខ្មៅ ដែលជាប្រដាប់ថតទិន្នន័យជើងហោះហើរ។
ប៉ុន្មានម៉ោងក្រោយមក ក្រុមអ្នកមុជទឹកបានរកឃើញប្រដាប់ថតសំឡេងនៅក្នុងបន្ទប់បើកបរយន្តហោះ ក៏ប៉ុន្តែគេមិនអាចទាញយកវាបានភ្លាមៗទេ ពីព្រោះតែវាបានសៀតនៅកន្លែងដែលមានការបាក់បែកយ៉ាងខ្លាំង។
ការរកឃើញប្រដាប់ថតជើងហោះហើរ ជាការសំខាន់ដើម្បីដឹងថា តើហេតុអ្វីបានជាយន្តហោះបានធ្លាក់នៅថ្ងៃទី២៨ ខែធ្នូ ហើយបានសម្លាប់មនុស្សទាំងអស់១៦២នាក់នៅលើយន្តហោះនោះ។
យន្តហោះធុន Airbus 320 បានបាត់ពីកញ្ចក់រ៉ាដានៅភាគខាងជើងនៃសមុទ្រជ្វានៅពាក់កណ្តាលផ្លូវនៃការហោះហើររយៈពេល២ម៉ោងពីទីក្រុងSurabaya ដែលជាទីក្រុងធំទី២នៃប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសសឹង្ហបុរី។
សាកសពមនុស្ស៤៨នាក់ ត្រូវបានគេរកឃើញរហូតមកទល់ពេលនេះ។
ក្រុមអាជ្ញាធរសង្ឃឹមថា ជនរងគ្រោះផ្សេងទៀត អាចនឹងត្រូវរកឃើញពីបំណែកយ៉ាងធំៗជាច្រើនដែលត្រូវបានគេរកឃើញនៅបាតសមុទ្រ៕