នៅឯសន្និសីទអំពីជំងឺអេដស៍នៅទីក្រុងហ្សឺណែវក្នុងពេលខាងមុខ អ្នកជំនាញនឹងពិនិត្យមើលស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ និងមេរោគអេដស៍។ អសបនិយាយថា ប្រទេសអាស៊ីភាគច្រើនមានអត្រាឆ្លងជំងឺអេដស៍ក្រោម១% ប៉ុន្តែដោយសារចំនួនពលរដ្ឋច្រើន ដូច្នេះអ្នកមានមេរោគអេដស៍មានចំនួនដល់ទៅជិត៥លាននាក់។ អ្នកជំនាញខាងសុខាភិបាលនិយាយថា គន្លឹះក្នុងការទប់ស្កាត់ការរាលដាលជំងឺនេះនៅអាស៊ី គឺអប់រំប្រជាជនដែលប្រឈមមុខនឹងសកម្មភាពដ៏គ្រោះថ្នាក់ឆ្លងមេរោគអេដស៍ និងជំងឺអេដស៍។
Rasta មានអារម្មណ៍តប់ប្រម៉ល់ដូចអ្នកជំងឺអេដស៍ដំបូងៗផ្សេងទៀត ក្នុងគ្លីនិកថែទាំអ្នកជំងឺអេដស៍ក្នុងទីក្រុងហ្សាការតានេះដែរ។
Rasta និយាយថា នាងភ័យខ្លាចលទ្ធផលនៃការពិនិត្យឈាមរបស់នាងចេញមកមានផ្ទុកមេរោគអេដស៍។
នេះជាគ្លីនិកមួយក្នុងចំណោមគ្លីនិកជាង៧០០ ដែលធ្វើការដើម្បីសិក្សាអំពីអត្រាឆ្លងមេរោគអេដស៍កើនឡើងនៅប្រទេសឥណ្ឌូនេស៊ី។ នៅទីនេះក៏ដូចតំបន់ជាច្រើនទៀតនៅអាស៊ីដែរ ជំងឺអេដស៍មានច្រើនក្នុងចំណោមក្រុមប្រជាពលរដ្ឋមានសកម្មភាពប្រឈមមុខនឹងគ្រោះថ្នាក់នៃការឆ្លងមេរោគនេះ ដូចជាអ្នករកស៊ីផ្លូវភេទ អ្នករួមភេទដូចគ្នា និងអ្នកចាក់ថ្នាំញៀន។
លោកស្រី Lisa Baldwin ទីប្រឹក្សាអំពីមេរោគអេដស៍/ជំងឺអេដស៍ធ្វើការឲ្យទីភ្នាក់ងារសរអសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID និយាយថា ថ្វីបើប្រទេសឥណ្ឌូនេស៊ីមានអត្រាឆ្លងមេរោគអេដស៍ទូទាំងប្រទេសតែ ០,១ភាគរយក៏ដោយ ក៏អត្រាអ្នកចាក់ថ្នាំញៀនឆ្លងមេរោគអេដស៍ក្នុងក្រុងហ្សាការតាគឺមាន ៥៦% រីឯអ្នករកស៊ីផ្លូវភេទគឺមាន១៦%។
Baldwin និយាយថា ធ្វើការជាមួយក្រុមប្រឈមមុខគ្រោះថ្នាក់ខ្លាំងទាំងនេះ អាចទប់ស្កាត់ការរាលដាលមេរោគអេដស៍ខ្លាំងឡើងនៅប្រទេសឥណ្ឌូនេស៊ីនិងតំបន់ផ្សេងទៀតនៅអាស៊ី។
«ពួកគេជាអ្នកដែលពិតជាអាចចម្លងជំងឺនេះទៅសហគមន៍ទូទៅកាន់តែច្រើនឡើងៗ។ ដូច្នេះខ្ញុំគិតថា មានឱកាសដែលពិតជាអាចទប់ស្កាត់មិនឲ្យរាលដាលលើសពីនេះ ប៉ុន្តែក៏មានចំណុចខ្សោយច្រើនដែរ ដែលជំងឺនេះអាចរាលដាលលើសពីនេះ»។
ក្រៅពីពិនិត្យឈាមមើលមេរោគអេដស៍ បុគ្គលិកនៅគ្លីនិកនេះក៏ផ្តល់ការប្រឹក្សាឲ្យអតិថិជនប្រើស្រោមអានាម័យក្នុងការរួមភេទនិងប្រើម្ជុលដែលបានស្ងោររម្ងាស់សម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងមេរោគនេះ។
សមាជិកខ្លះក្នុងសហគមន៍សាសនាអ៊ិស្លាមដែលចូលរួមក្នុងកម្មវិធីនេះនិយាយថា ប្រើស្រោមអនាម័យគឺមិនមានសីលធម៌។ ក៏ប៉ុន្តែ Nafsia Mboi អគ្គលេខាធិការនៃគណៈកម្មការជាតិឥណ្ឌូនេស៊ីទប់ស្កាត់មេរោគអេដស៍ និយាយថា តួនាទីរបស់គណៈកម្មការនេះមិនមែនដើម្បីវាយតម្លៃអំពីអ្នកជំងឺអេដស៍ទេ គឺដើម្បីជួយព្យាបាល និងទប់ស្កាត់ជំងឺនេះ។
«ខណៈដែលមានមតិនិយាយថា នេះជាជំងឺរបស់អ្នកមានបាបនោះ ខ្ញុំតែងតែឆ្លើយថា ទោះបីជាគេមានបាប ឬគ្មានបាបក៏ដោយ ក៏ពួកគេនៅតែជាជនជាតិឥណ្ឌូនេស៊ី។ ពួកគេនៅតែជាជនជាតិឥណ្ឌូនេស៊ី ហើយពួកគេមានសិទ្ធិសេរីភាពរស់នៅ និងមានសិទ្ធិទទួលបានការថែទាំសុខភាព ការសិក្សាអប់រំ ហើយទាំងនេះជាការទទួលខុសត្រូវរបស់យើង»។
អសបនិយាយថា ក្នុងប្រទេសចិនមានមនុស្ស ៧០ម៉ឺននាក់មានផ្ទុកមេរោគអេដស៍ ឬជំងឺអេដស៍។ មន្ត្រីសុខាភិបាលចិននិយាយថា កាលពីមុន ព័ត៌មានដែលផ្សព្វផ្សាយខុសអំពីការរាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ និងកង្វះការព្យាបាល បានធ្វើឲ្យប្រជាពលរដ្ឋស្ទាក់ស្ទើរមិនចង់មកស្វែងរកជំនួយទេ។
ប៉ុន្តែគេនិយាយថា ការប្រឹងប្រែងអប់រំនាពេលបច្ចុប្បន្ន ដូចជាការប្រកាសអំពីសេវាសាធារណៈ ដោយការបង្ហាញអំពីតារាបាល់បោះ Yao Ming នោះ បានជួយបង្កើនការយល់ដឹងច្រើន។
ដោយមានការគាំទ្រពីអង្គការអន្តរជាតិ ដូចជាមូលនិធិពិភពលោក Global Fund ជាដើម ថ្នាំពន្យារជីវិតទប់ស្កាត់ជំងឺអេដស៍មានផ្តល់ច្រើនឡើងៗក្នុងប្រទេសចិន និងនៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
ការអភិវឌ្ឍន៍ទាំងនេះបានជំរុញទឹកចិត្តមនុស្សច្រើនឡើងៗនៅប្រទេសចិនឲ្យទៅពិនិត្យឈាម។ ក៏ប៉ុន្តែលោក Jiang រស់នៅក្រុងប៉េកាំង ដែលមានផ្ទុកមេរោគអេដស៍ ហើយដែលសុំមិនប្រាប់ឈ្មោះពេញបាននិយាយថា ស្លាកស្នាមទុរយសអំពីជំងឺអេដស៍នៅតែដិតដាមនៅឡើយ។
លោកនិយាយថា ដោយសារតែគំនាបក្នុងសង្គមមានច្រើនពេក លោកចង់និយាយអំពីស្ថានភាពសុខភាពរបស់លោកប្រាប់តែគ្រូពេទ្យនិងអ្នកជំងឺផ្សេងទៀតប៉ុណ្ណោះ។
ថៃជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងតំបន់អាស៊ី ដែលបានកាត់បន្ថយច្រើនគួរសមនូវការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។
អង្គការសុខភាពពិភពលោក World Health Organization និយាយថា រវាងឆ្នាំ១៩៨៩ និងឆ្នាំ១៩៩៤ ចំនួនករណីថ្មីនៃអ្នកឆ្លងមេរោគនេះតាមរយៈការរួមភេទ ហើយដែលបានមកទទួលការថែទាំសុខភាពនៅតាមគ្លីនិករដ្ឋាភិបាលគឺបានធ្លាក់ចុះជាង៩០%។ លោក Mechai Viravaidya អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកម្មវិធីផ្សព្វផ្សាយអំពីការប្រើស្រោមអនាម័យ។ ការប្រឹងប្រែងរបស់លោករួមមានការបើកភោជនីយដ្ឋានមួយឈ្មោះថា Cabbages and Condoms ដែលផ្តល់ស្រោមអនាម័យឲ្យភ្ញៀវដែលបានមកទទួលទានអាហារពេលល្ងាច។ ក៏ប៉ុន្តែសកម្មជនប្រឆាំងនឹងជំងឺអេដស៍ និយាយថា ការតាំងចិត្តរបស់រដ្ឋាភិបាលថៃគឺជាគន្លឹះទប់ស្កាត់ជំងឺនេះ។
«មុនដំបូង មានការតាំងចិត្តផ្នែកនយោបាយ និងហិរញ្ញវត្ថុ។ ៩០%នៃលុយទាំងអស់សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់មេរោគអេដស៍និងជំងឺអេដស៍ក្នុងប្រទេសថៃ គឺបានមកពីរដ្ឋាភិបាល និងសប្បុរសជនក្នុងប្រទេស។ លុយ១០%ទៀតបានពីក្រៅប្រទេស។មានប្រទេសច្រើនណាស់មិនមានការតាំងចិត្តខាងនយោបាយនិងហិរញ្ញវត្ថុដោយខ្លួនឯងទេ គឺពឹងផ្អែកលើពិភពលោកជួយសង្គ្រោះខ្លួន»។
ហើយដោយសារតំបន់ភាគច្រើនមានស្ថានភាពសេដ្ឋកិច្ចល្អនោះ Baldwinដែលធ្វើការឲ្យ USAIDនិយាយថា ប្រទេសផ្តល់ជំនួយរំពឹងថា ប្រទេសអាស៊ីច្រើនឡើងនឹងទទួលខុសត្រូវជាបន្តក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីទប់ស្កាត់ជំងឺអេដស៍។
«ដូច្នេះអ្នកដឹងហើយ ខ្ញុំគិតថា ប្រទេសផ្តល់ជំនួយកំពុងផ្តល់អាទិភាពលើបញ្ហានេះហើយកត្តាមួយនៃកត្តាជាច្រើនដែលតែងតែត្រូវពិចារណានោះគឺថា តើក្នុងសហគមន៍មានលុយកម្រិតណា ហើយតើត្រូវចូលរួមវិភាគទាន ឬមិនគួរ»។
ក្នុងប្រទេសខ្លះ ដូចជាប្រទេសឥណ្ឌូនេស៊ីជាដើម ប្រទេសផ្តល់ជំនួយអន្តរជាតិផ្តល់លុយ៨០% ឬផ្តល់មូលនិធិបន្ថែមសម្រាប់កម្មវិធីទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍។ Baldwin និយាយថា ការផ្តល់មូលនិធិមិនអាចបន្តរហូតបានទេ៕
ប្រែសម្រួល ដោយ ពិន ស៊ីសុវណ្ណ