វិធានការណ៍ថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដាក់ការគ្រប់គ្រងដែនអាកាសនៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បណ្តាប្រទេសនានាដែលបានយល់ព្រមកាលពីខែមុនថា នឹងរួមគ្នាដោះស្រាយតាមរយៈវីធីសាស្ត្រការទូតផ្សេងៗ។ ស្ថានីយ៍ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋក្នុងប្រទេសចិន និងសារពត៌មានជាភាសាអង់គ្លេសមួយ កាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្រុមយោធាចិនបានដាក់ពង្រាយយន្តហោះចម្បាំងផលិតក្នុងស្រុក J-11B នៅលើកោះ Woody នៃប្រជុំកោះប៉ារ៉ាសែល។
ការសង់ទីតាំងផ្ទុកយន្តហោះនៅលើប្រជុំកោះនេះ អាចបង្កើនការគ្រប់គ្រងរបស់ចិនកាន់តែខ្លាំងនៅលើដែនសមុទ្រនេះ នេះបើយោងតាមការផ្សព្វផ្សាយដោយបណ្តាញទូរទស្សន៍ដែលបានដកស្រង់សម្តីរបស់អ្នកជំនាញយោធាចិនម្នាក់។ អ្នកជំនាញរូបនោះបានថ្លែងនៅពេលនោះចិនអាចស្ទាក់ចាប់យន្តហោះចម្បាំងរបស់បរទេសបាន។រដ្ឋាភិបាលប្រទេស៥ផ្សេងទៀត ដែលសុទ្ធតែមានកម្លាំងយោធាខ្សោយជាងចិន បានប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េងកាំង ដែលបានទាមទារ៩០ភាគរយនៃផ្ទៃសមុទ្រទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ ដែលជាកន្លែងសម្បូរត្រី អំណោយផលសម្រាប់ការដឹកជញ្ចូន និងសម្បូរទៅដោយឥន្ធនៈផូស៊ីលនៅបាតសមុទ្រ។
ក្រុមអ្នកវិភាគជឿជាក់ថាការដាក់ពង្រាយយន្តហោះចម្បាំងរបស់ចិន នឹងបង្កើនការប្រុងប្រយ័ត្នទៅដល់ភាគីទាមទារផ្សេងទៀត ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ដែលជាប្រទេសមានអំណាចសព្វាវុធខ្លាំងជាងចិន ហើយដែលបានស្នើឲ្យរក្សាសមុទ្រនេះសម្រាប់គ្រប់ភាគីទាំងអស់។ ប៉ុន្តែចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស៊ាំនឹងការធ្វើសមយុទ្ធដែនសមុទ្ររបស់ចិន និងប្រទេសដែលទទួលបានជំនួយសេដ្ឋកិច្ចពីចិន ត្រូវគេរំពឹងថានៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងចិនដដែល៕