វៀតណាមបានប្រគល់តំបន់ដីមួយកន្លែងទៅឲ្យសហរដ្ឋអាមេរិក ដែលជាអតីតសត្រូវរបស់ខ្លួនក្នុងសម័យសង្គ្រាម។ នៅពេលនេះ ភាគីទាំងពីរមិនមែនប្រយុទ្ធគ្នានៅលើសមរភូមិចាស់នោះទេ ប៉ុន្តែផ្ទុយទៅវិញ កំពុងតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលនៅក្រោមដីតំបន់នោះ ដែលបន្សល់ពីសម័យសង្គ្រាម។
អ្វីដែលស្ថិតនៅខាងក្រោមដីតំបន់នោះគឺសំណល់សារធាតុគីមី Agent Orange ដែលទាហានអាមេរិកាំងបានបាញ់ពីលើមេឃនៅទូទាំងប្រទេសវៀតណាមដើម្បីបំផ្លាញស្រទាប់ព្រៃឈើក្នុងជំនាន់សង្គ្រាមវៀតណាម។
ឥឡូវនេះ វៀតណាមបានប្រគល់ដីជាង ៣៧ ហិកតានៅខាងក្រៅទីក្រុងហូជីមិញឲ្យសហរដ្ឋអាមេរិកជាបណ្ដោះអាសន្នដើម្បីកម្ចាត់សារធាតុគីមី Agent Orange ដែលជាសារធាតុបណ្ដាលឲ្យកើតជំងឺមហារីក និងជំងឺផ្សេងទៀត ក៏ដូចជាប៉ះពាល់ដល់សរីរាង្គរបស់ទារកនៅក្នុងផ្ទៃ និងការបំផ្លិចបំផ្លាញដល់បរិស្ថានផងដែរ។
មន្ត្រីមកពីប្រទេសទាំងពីរបានចូលរួមក្នុងពិធីប្រគល់តំបន់ដីនោះជាផ្លូវការនៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី ១ ខែវិច្ឆិកាកន្លងទៅនេះ មុនពេលចាប់ផ្ដើមគម្រោងបោសសម្អាតសារធាតុ Agent Orange នេះនៅក្នុងទីក្រុង Bien Hoa នៅភាគខាងត្បូងប្រទេស។
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហាណូយបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «មូលដ្ឋានទ័ពអាកាស Bien Hoa ដែលជាកន្លែងផ្ទុក និងគ្រប់គ្រងសារធាតុគីមី Agent Orange ក្នុងអំឡុងពេលសម័យសង្គ្រាមវៀតណាម គឺជាកន្លែងនៅសេសសល់ធំជាងគេបង្អស់ដែលមានការបំពុលដោយសារធាតុគីមីនេះនៅក្នុងប្រទេសវៀតណាម»។
សេចក្ដីថ្លែងការណ៍នោះបានបន្តថា ចំណុចនេះបង្ហាញអំពីកិច្ចប្រឹងប្រែងថ្មីចុងក្រោយបង្អស់ «ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងបេសកកម្មមនុស្សធម៌ក្នុងការស្វែងរកយុទ្ធជនដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងដោះស្រាយបញ្ហាបន្សល់ទុកពីសម័យសង្គ្រាមដូចជាការលុបបំបាត់គ្រាប់មិនទាន់ផ្ទុះ ជំនួយសម្រាប់ជនពិការ និងការលុបបំបាត់សារធាតុគីមីឌីអុកស៊ីនជាដើម»។
ទោះបីជាសហរដ្ឋអាមេរិកបានព្យាយាមតបស្នងវិញសម្រាប់ការជ្រៀតជ្រែករបស់ខ្លួននៅក្នុងសង្គ្រាមវៀតណាមដែលជាសង្គ្រាមមួយដែលមនុស្សភាគច្រើនជំទាស់ក៏ដោយ ក៏គេឃើញថា សំណងដែលសហរដ្ឋអាមេរិកព្យាយាមធ្វើនេះនៅមានកម្រិតនៅឡើយ។
អង្គការ War Legacies Project ដែលជាអង្គការតស៊ូមតិឲ្យជនរងគ្រោះដោយសារសារធាតុគីមី Agent Orange បានគាំទ្រកិច្ចប្រឹងប្រែងកម្ចាត់សារធាតុគីមីនេះ ប៉ុន្តែបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានធ្វើគ្រប់គ្រាន់នៅឡើយនៅក្នុងការជួយពលរដ្ឋវៀតណាម ដែលនៅរងគ្រោះដោយសារការប៉ះពាល់ទៅនឹងជាតិពុលដែលបណ្ដាលមកពីសារធាតុគីមី Agent Orange។
អង្គការនេះបានបញ្ជាក់នៅលើវិបសាយរបស់ខ្លួនថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែមានការស្ទាក់ស្ទើរនៅក្នុងការផ្ដល់ជំនួយជាពិសេសដល់អ្នកដែលត្រូវបានវៀតណាមជឿថា រងការប៉ះពាល់ដោយសារធាតុ Agent Orange»។
ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្ដល់ប្រាក់ឧបត្ថម្ភដល់ទាហានអាមេរិកាំងចូលនិវត្តន៍ ដែលរងគ្រោះដោយសារសារធាតុ Agent Orange ក៏ដោយ ក៏ខ្លួនបានច្រានចោលការអះអាងរបស់វៀតណាម ដែលថា សារធាតុគីមីនោះបង្កជាជំងឺមហារីក បង្កឲ្យខូចអវយវៈ និងឆ្អឹងកងខ្នង ក៏ដូចជា បង្កការប៉ះពាល់ផ្សេងៗទៀត។
នៅជុំវិញតំបន់ Bien Hoa រដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលហៅកាត់ថា USAID បានកំណត់ថា មានដីទំហំប្រមាណ ៥ សែនម៉ែត្រគូប ដែលបានរងការបំពុលដោយសារសារធាតុគីមីឌីអុកស៊ីន។ ទំហំនេះគឺ ៤ ដងធំជាងតំបន់ដែលរងការបំពុលច្រើនដោយសារសារធាតុគីមីនេះនៅទីក្រុង Da Nang នៅភាគកណ្ដាលប្រទេសវៀតណាម ដែលជាកន្លែងដែលទាហានសហរដ្ឋអាមេរិកបានចូលជាលើកដំបូងក្នុងប្រទេសវៀតណាម ដើម្បីធ្វើអន្តរាគមន៍ក្នុងសង្គ្រាមវៀតណាមកាលពីឆ្នាំ ១៩៦៥។
ការសម្អាតសារធាតុគីមី Agent Orange ចេញពីប្រលានយន្តហោះក្រុង Da Nang ត្រូវចំណាយថវិកាអស់ ១១០ លានដុល្លារ និងពេលវេលា ៦ ឆ្នាំ។ អង្គការ USAID បានយល់ព្រមចំណាយថវិកាចំនួន ១៨៣ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំដំបូងនៃការសម្អាតសារធាតុគីមីនៅតំបន់ Bien Hoa ដែលត្រូវគេប៉ាន់ស្មានថានឹងចំណាយពេលអស់ ១០ ឆ្នាំ។
ទោះបីជាការសម្អាតចុងក្រោយនៃសារធាតុគីមី Agent Orange នេះកំពុងតែបោះជំហានទៅមុខក៏ដោយ រឿងនេះទំនងជាមិនទាន់បញ្ចប់នៅឡើយទេ។
លោក Carly Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលី បាននិយាយថា អ្នកតាមដានស្ថានការណ៍នានាកំពុងតែរងចាំមើលនៅពេលដែលប្រធានាធិបតីវៀតណាមលោក Nguyen Phu Trong ធ្វើទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ហើយបញ្ហាផ្សេងៗអំពីសង្គ្រាមវៀតណាមក៏នឹងត្រូវបានលើកឡើងផងដែរនៅពេលនោះ។
លោក Thayer និយាយថា៖ «វៀតណាមនឹងដាក់សម្ពាធលើសហរដ្ឋអាមេរិកឲ្យបន្តដោះស្រាយបញ្ហាដែលបន្សល់ទុកពីសម័យសង្គ្រាមដូចជាបញ្ហាសារធាតុគីមី Agent Orange ឬក៏ការបំពុលដោយសារធាតុគីមីឌីអុកស៊ីន និងការលុបបំបាត់គ្រាប់មិនទាន់ផ្ទុះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា