សហភាពអាហ្វ្រិកនិយាយថាខ្លួននឹងមិនសហការជាមួយនឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ឬហៅកាត់ថា ICC ទៅលើមេដឹកនាំប្រទេសលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី (Moammar Gadhafi) ទេ ។មេដឹកនាំអាហ្វ្រិកមួយចំនួនមិនមានជំនឿលើតុលាការអន្តរជាតិនេះ។
សហភាពអាហ្វ្រិកនិយាយថា ដីកាចាប់ខ្លួនមេដឹកនាំប្រទេសលីប៊ី «ធ្វើឲ្យស្មុគស្មាញយ៉ាងខ្លាំង»ដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការរកដំណោះស្រាយចំពោះជម្លោះនេះ។
លោក ហ្សង់ ភិង (Jean Ping) ស្នងការរបស់សហភាពអាហ្វ្រិក មានប្រសាសន៍ថាតុលាការនេះ«មានភាពរើសអើង» ដោយសារតែខ្លួនតាមស្វែងរកតែឧក្រិដ្ឋកម្មទាំងឡាយណាដែលប្រព្រឹត្តធ្វើនៅទ្វីបអាហ្វ្រិក ខណៈដែលតុលាការនេះធ្វើមិនដឹងមិនឮចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយមហាអំណាចលោកខាងលិច នៅប្រទេសអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន។
អ្នកនិតិសាស្រ្តជាតិហ្គាំប៊ៀ (Gambia) លោកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) ជារដ្ឋអាជ្ញារងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោកស្រីថ្លែងថា ទឡ្ហីករណ៍របស់សហភាពអាហ្វ្រិកប្រឆាំងនឹងតុលាការអន្តរជាតិ (ICC) មិនអើពើអំពីថាតើមានជនជាតិអាហ្វ្រិកច្រើនប៉ុណ្ណាដែលបានមករកតុលាការនេះ។
«ពេលណាខ្ញុំឮអំពីរឿងនេះ គឺការចោទថា ICC កំណត់មុខសញ្ញាតែទៅលើទ្វីបអាហ្វ្រិក ICC ស្វែងរកយុត្តិធម៌ដែលមានពីរស្រទាប់ វាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទេ ជាពិសេសក្នុងឋានៈខ្ញុំជាស្ត្រីអាហ្វ្រិកម្នាក់ ហើយដោយដឹងទៀតថាជម្លោះទាំងអស់នេះភាគច្រើនកំពុងកើតឡើងនៅលើទ្វីបអាហ្វ្រិក»។
លោកស្រី បេនស៊ូដា ថ្លែងទៀតថាការកាត់ទោសជនជាតិអាហ្វ្រិកគឺសម្រាប់ជនជាតិអាហ្វ្រិកតែប៉ុណ្ណោះ ដោយសារតែជនរងគ្រោះតាមការចោទប្រកាន់ ជាជនជាតិអាហ្វ្រិក។
«យើងនិយាយថាតុលាការ ICC កំណត់មុខសញ្ញាតែជនជាតិអាហ្វ្រិក ប៉ុន្តែជនរងគ្រោះទាំងអស់នៅក្នុងសំណុំរឿងក្តីរបស់យើងនៅទ្វីបអាហ្វ្រិក សុទ្ធតែជាជនរងគ្រោះអាហ្វ្រិក។ ពួកគេមិនមែនមកពីទ្វីបផ្សេងទេ។ ពួកគេជាជនរងគ្រោះអាហ្វ្រិក ហើយពួកគេជាអ្នកដែលរងផលប៉ះពាល់ដោយសារអំពើឧក្រិដ្ឋកម្មទាំងនេះ»។
តុលាការ ICC បានឲ្យដឹងថាដីកាចាប់ខ្លួនមេដឹកនាំលីប៊ី និងកូនប្រុសរបស់គាត់ គឺសម្រាប់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយសំដៅទៅលើការធានាឲ្យប្រាកដថា ពួកគេត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីធ្វើឲ្យពួកគេ«លែងបន្តរារាំងនិងធ្វើឲ្យមានគ្រោះថ្នាក់ដល់ការស៊ើបអង្កេតរបស់តុលាការតទៅទៀត»។
ក្នុងការអំពាវនាវដល់សមាជិករបស់ខ្លួនមិនឲ្យគោរពដីកានេះ សហភាពអាហ្វ្រិកបានបង្ហាញជាថ្មីទៀតថាតើ មានមេដឹកនាំរបស់ខ្លួនប៉ុន្មាននាក់ ដែលមានការមិនជឿទុកចិត្តទៅលើតុលាការនេះ។ ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីប្រទេសស៊ូដង់ អូម៉ា អាល់-បាស្ហៀរ (Omar al-Bashir) កាលពីជិតមួយឆ្នាំមុនប៉ុន្តែលោកធ្វើដំណើរនៅទ្វីបនោះដោយសេរី។
ទឡ្ហីករណ៍ដែលចោទថាតុលាការត្រូវបានជំរុញដោយហេតុផលនយោបាយ ក្នុងការតាមចាប់មេដឹកនាំអាហ្វ្រិក ត្រូវបានលើកឡើងដោយលោក ឃតនៃយ៍ ហ្គ្រីវហ្វីត (Courtenay Griffiths) មេធាវីការពារក្តីនៅក្នុងការកាត់សេចក្តីឧក្រិដ្ឋកម្មសង្គ្រាម លើអតីតប្រធានាធិបតីប្រទេសលីបេរី (Liberia) លោកឆាលស៍ ថេលលើ (Charles Taylor) កាលពីដើមឆ្នាំនេះ។
«យើងស្នើឡើងថា វាជាភាពអាម៉ាស់ចំពោះការកាត់សេចក្តីនេះ ដែលបានធ្វើឲ្យអាប់អោនដល់ឧត្តមគតិដ៏ខ្ពង់ខ្ពស់នៃច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ ដោយបានប្រែក្លាយរឿងក្តីនេះទៅជាទម្រង់អាណានិគមនិយមបែបថ្មីនៃសតវត្សរ៍ទី២១។ ហើយខ្ញុំមិនសុំអភ័យទោសចំពោះការនិយាយយ៉ាងដូច្នេះទេ»។
លោក ហ្គ្រីហ្វីត ថ្លែងថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបង្ហាញពីភាពលម្អៀងនៅក្នុងការកាត់សេចក្តីលោក ថេលលើ។
«ការកាត់សេចក្តីលើរូបគាត់ត្រូវបានប្រកាសឲ្យដឹងដោយក្រុមរដ្ឋអាជ្ញា ថាជាការបង្ហាញអំពីការបញ្ចប់និទណ្ឌភាព។ យើងយល់ស្រប។ ជាការពិត ការកាត់ទោសនេះមានសារ:សំខាន់ណាស់សម្រាប់ទ្វីបអាហ្វ្រិក និងសម្រាប់ដំណើរវិវត្តន៍នៃយុត្តិធម៌អន្តរជាតិ ដែលក្នុងនាមជាមេធាវីការពារក្តីម្នាក់ យើងត្រូវតែតាំងចិត្តដោយឥតងាករេ។ ប៉ុន្តែទោះជាយ៉ងណាក៏ដោយ យើងកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ មនុស្សដែលត្រូវកាត់ទោស ឬរង់ចាំការកាត់ទោសនៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺមានមកពីណា? សូមទស្សទាយ៍មើលថាមកពីណា -- គឺមកពីទ្វីបអាហ្វ្រិក។ យើងមានអារម្មណ៍រំខានដោយសាររឿងនេះ»។
លោកស្រី ប្រេនដា ហូលីស (Brenda Hollis) ប្រធានរដ្ឋអាជ្ញាបានរំឭកលោកហ្គ្រីហ្វីតថា គឺរដ្ឋាភិបាលនៅទីក្រុងហ្វ្រីថោន (Freetown) ទេ ដែលជាអ្នកស្នើសុំឲ្យមានតុលាការពិសេសសម្រាប់ប្រទេសសេរ៉ាឡេអូន (Sierra Leone)។ លោកស្រីហូលីស មានប្រសាសន៍ថា មាន«ភាពសមហេតុផលខុសប្រក្រតី»មួយនៅក្នុងទឡ្ហីករណ៍របស់សហភាពអាហ្វ្រិក ប្រឆាំងនឹងតុលាការ ICC។
«ហើយ ភាពសមហេតុផលនេះហាក់ដូចជាថា ប្រសិនណាបើប្រមុខរដ្ឋអាហ្វ្រិកនឹងបង្កើតតុលាការ ឬអាចបង្កើតតុលាការបាន ដើម្បីដាក់ទោសបទឧក្រិដ្ឋកម្មនៅក្នុងប្រទេសរបស់ពួកគេ និងសូម្បីតែបទឧក្រិដ្ឋកម្មដែលប្រពឹត្តមកលើយើង ដែលជាសមាជិកនៃសហគមន៍សាកលលោកនោះក៏ដោយ ប្រសិនណាបើពួកគេអាចធ្វើកិច្ចការនេះបាន នោះអ្នកដទៃទៀតក្នុងពិភពលោកមិនគួរចូលធ្វើអន្តរាគមន៍ទេ។ ពីព្រោះថា ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះជនរងគ្រោះទាំងនេះពិតជាមិនអាចរកយុត្តិធម៌បានទេ។ ពួកគេនឹងមិនទទួលបាននូវយុត្តិធម៌ដ៏សមរម្យទេ។ យើងសូមស្នើទៅកាន់អ្នកថា នោះមិនមែនជាករណីដែលកើតឡើងទេ»។
លោក ថេលលើ គឺជាប្រមុខរដ្ឋអាហ្វ្រិកដំបូងបង្អស់ ដែលត្រូវបានកាត់ទោសដោយផ្ទាល់ខ្លួន។ សាលក្រមមួយនៅក្នុងរឿងក្តីរបស់លោកត្រូវបានរំពឹងថានឹងចេញនៅចុងឆ្នាំនេះ។
ប្រទេសចំនួន៣១ក្នុងចំណោមប្រទេសចំនួន៥៣នៅទ្វីបអាហ្វ្រិក គឺជាហត្ថលេខីរបស់លក្ខន្តិកៈទីក្រុងរ៉ូម ដែលបង្កើតឲ្យមានអំណាចរបស់តុលាការ។ នោះជាចំនួនប្រទេសជិតមួយភាគបី ដែលតុលាការ ICC មានយុត្តាធិការគ្រប់គ្រង។ ដូច្នេះ ប្រសិនបើពួកគេទាំងអស់គ្នាមិនគោរពតាមដីកាចាប់ខ្លួនលោក ហ្គាដាហ្វី ទេ ប្រការនោះនឹងដាក់កម្រិតបន្ថែមទៀតទៅលើអំណាចរបស់តុលាការ។
លោកស្រី បេនស៊ូដា រដ្ឋអាជ្ញារង ថ្លែងថា ការរារាំងតុលាការនឹងការពារដល់ការរំលោភបំពានអំណាច។
«ហេតុអ្វីក៏យើងមិនពិនិត្យមើលទៅលើចំណុចវិជ្ជមានវិញ?។ ហេតុអ្វីក៏យើងមិនពិនិត្យមើលទៅលើការពិតដែលថាមេដឹកនាំអាហ្វ្រិក កំពុងប្រកាន់យកនូវភាពជាអ្នកដឹកនាំនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ? ។ ហេតុអ្វីក៏យើងមិនព្រមនិយាយថា ICC កំពុងកំណត់មុខសញ្ញាលើអ្នកដែលកំណត់មុខសញ្ញាមកលើជនជាតិអាហ្វ្រិក? ពីព្រោះថា គឺនេះហើយជាកិច្ចការដែលយើងកំពុងតែធ្វើ»។
លោក លូវីស ម៉ូរ៉េណូ-អូខាមផូ (Luis Moreno-Ocampo) ប្រធានរដ្ឋអាជ្ញារបស់ ICC មានប្រសាសន៍ថា មិនមែនតុលាការទេ ដែលសម្រេចស៊ើបអង្កេតលោក ម៉ូអាម៉ា ហ្គាដាហ្វី។ ការសម្រេចនោះផុសចេញពីសេចក្តីសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះក៏មានប្រទេសនីហ្សីរីយ៉ា(Nigeria) ហ្គាប៊ុន (Gabon) និងអាហ្វ្រិកខាងត្បូង (South Africa) នៅក្នុងក្រុមប្រឹក្សានោះដែរ៕
ប្រែសម្រួលដោយ លី សុខឃាង