ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ដឹកនាំ​សហភាព​​អាហ្រ្វិក​​ជា​​លើក​​ដំបូង


Nkosazana Dlamini-Zuma
Nkosazana Dlamini-Zuma
ប្រែសម្រួល​ដោយ៖ ឌី ខាំបូលី
លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) បាន​បង្កើត​ប្រវត្តិសាស្រ្ត​មួយ​នៅថ្ងៃទី​១៥ ខែកក្កដា ដោយ​បាន​ក្លាយទៅជា​ស្រ្តី​ទីមួយ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស ឱ្យ​ដឹកនាំ​គណៈកម្មការ​សហភាព​អាហ្រ្វិក (African Union Commission)។
ប្រធាន​ថ្មីរបស់សហភាព​អាហ្រ្វិក បានជំនួស​ដំណែងរបស់លោក ជីន ពីង (Jean Ping) ​ប្រធានបច្ចុប្បន្ន​ដែល​ជា​ជនជាតិ ហ្គាបូន (Gabonese) និង​ដែល​បានដឹកនាំ​អង្គការ​ដែល​មាន​សមាជិក​៥៤​រូប​នេះ​តាំង​ពី​ឆ្នាំ​២០០៨មក។ លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) វ័យ​៦៣ឆ្នាំ​ គឺជា​អតីត​ភរិយារបស់​លោក ចាកូប ហ្សូម៉ា (Jacob Zuma)​ ប្រធានាធិបតីនៃប្រទេសអាហ្រ្វិក​ខាងត្បូង ហើយ​នាពេល​ថ្មីៗនេះ បាន​បម្រើការ​ជា​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការក្នុង​ប្រទេសរបស់​លោក។
«វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែលមាន​មនុស្ស​ម្នាក់​ដឹកនាំសហភាពអាហ្រ្វិក ដែលមនុស្ស​ម្នាក់ធ្លាប់​ជា​វេជ្ជបណ្ឌិត​មួយរូប ប៉ុន្តែ លោក​ស្រី​ក៏ជា​សកម្មជន​មួយរូប​ផងដែរ»។
លោក​ស្រី​ អ៊ីមីរ៉ា វូដស៍ (Emira Woods) ធ្វើ​ការ​ជាមួយវិទ្យាស្ថាន​សម្រាប់​ការសិក្សា​អំពី​គោល​នយោបាយ (Institute for Policy Studies) នៅក្នុង​ទីក្រុង វ៉ាស៊ីនតោន (Washington)។ លោកស្រីនិយាយ​ថា ការជឿជាក់​យ៉ាងមុតមាំ​របស់​លោកស្រី ដ្លាមីនី ហ្សូម៉ា នៅក្នុង​មហាសន្និបាត​ជាតិ​អាហ្រ្វិក (ANC) និង​ដំណែង​ផ្សេងៗជាច្រើន​ដែល​លោកស្រីធ្លាប់បាន​ទទួល​ ចាប់​តាំង​ពី​ការដួលរលំ​នៃ​របប អាផាថេត (apartheid) បាន​បង្ហាញ​ថា លោក​ស្រី​មាន​សមត្ថភាព​ ប៉ុន្តែ​បញ្ហា​ប្រឈម​យ៉ាង​ធំធេង​ កំពុង​រង់ចាំ​លោកស្រី។
«រឿងរ៉ាវ​គ្រប់យ៉ាង ដែល​កំពុង​កើតឡើង​ដោយសារវិបត្តិ​នៅក្នុង​ប្រទេស ម៉ាលី (Mali) គឺជា​បញ្ហា​ប្រឈម​សំខាន់​បំផុត​មួយ​នៅក្នុង​ពេល​នេះ។ នេះ​បើយោងតាម​ការរក​ឃើញ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ឥឡូវនេះ អ្នក​ក៏មាន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ផងដែរ ដែលរដ្ឋ​ជិតខាង​មួយនេះ ត្រូវបាន​រកឃើញ​ថា​មាន​ការទទួល​ខុសត្រូវចំពោះអំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ឆ្លងកាត់ព្រំដែន ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោ។ តើ​អ្នក​នឹង​បញ្ចប់​វិបត្តិ​ទាំងនេះយ៉ាង​ដូចម្តេច​?»
ជាង​នេះ​ទៅទៀត លោក ស្ទីវវែន ហ្រ្វិដមែន (Steven Friedman) ​អ្នក​វិភាគ​នយោបាយនៃ​សាកល​វិទ្យាល័យ ចូហាននែសប័ក (University of Johannesburg) និយាយ​ថា មានការ​ព្រួយបារម្ភ​អំពី​សិទ្ធិ​ជាមូលដ្ឋាន។
ប្រជាពលរដ្ឋ​នៅ​ក្នុង​ទ្វីប​នេះ នៅតែ​ទទួល​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដោយ​សារ​សង្រ្គាម។ នៅតាមផ្នែក​ជាច្រើន ពួកគេ​នៅតែមិន​ត្រូវ​បានស្តាប់ឭ​ពីសំណាក់​មនុស្ស​ដែល​គ្រប់គ្រង​ពួកគេទេ​ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ»។
លោកស្រី ដ្លាមីនី ហ្សូម៉ា ​មកពី​ខេត្ត ខ្វាហ្សូលូ ណាតាល (KwaZulu Natal) នៃ​ប្រទេស អាហ្រ្វិក​ខាងត្បូង។
ប្រតិកម្មនៅក្នុង​ទ្វីបនេះ​គឺមាន​ភាព​ចម្រុះ។
«យើង​ត្រូវតែ​រង់ចាំ​មើលសិន។ ប៉ុន្តែ ប្រទេស​អាហ្រ្វិក​ខាងត្បូង មាន​ឧទាហរណ៍​ដ៏ល្អ​សម្រាប់​ទ្វីប​អាហ្រ្វិក ទាក់ទងនឹង​រដ្ឋាភិបាល​និង​លទិ្ធ​ប្រជាធិបតេយ្យ»។
«នៅប្រទេស​លីប៊ីរីយ៉ា (Liberia) យើង​មាន​ស្រ្តី​មួយរូប​នៅក្នុង​លំដាប់​កំពូល ហើយ​ដូចគ្នា​ផងដែរ​នៅប្រទេស ម៉ាឡាវី (Malawi)។ ហើយ​ឥឡូវនេះ យើង​មាន​ស្ត្រី​ជាតិ​អាហ្រ្វិក​ខាងត្បូង​មួយ​រូប​នៅក្នុង​លំដាប់​កំពូល​នៃ​សហភាពអាហ្រ្វិក។ ខ្ញុំ​គិតថា វា​អាច​ដំណើរការបាន»​៕​
XS
SM
MD
LG