ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​អាហ្វហ្គានីស្ថាន​ប្រារព្ធ​ពិធី​កប់​សព​ជន​រងគ្រោះ​ដោយសារ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នៅ​កាប៊ុល


សកម្មជន​សិទ្ធិ​ស្រ្តី​អាហ្វហ្គានីស្ថាន​សែង​ក្តា​មឈូស​របស់ Farkhunda អាយុ​២៧ឆ្នាំ ស្រ្តី​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​បាន​ហ្វូង​មនុស្ស​វាយ​រហូត​ដល់​ស្លាប់​ កំឡុង​ពិធី​បុណ្យ​សព​របស​គាត់​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥។
សកម្មជន​សិទ្ធិ​ស្រ្តី​អាហ្វហ្គានីស្ថាន​សែង​ក្តា​មឈូស​របស់ Farkhunda អាយុ​២៧ឆ្នាំ ស្រ្តី​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​បាន​ហ្វូង​មនុស្ស​វាយ​រហូត​ដល់​ស្លាប់​ កំឡុង​ពិធី​បុណ្យ​សព​របស​គាត់​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥។

អាជ្ញាធរ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ការ​ស៊ើបអង្កេត​បឋម​នៅ​ក្នុង​រឿង​ក្តី​សម្លាប់​យ៉ាង​ឃោរឃៅ​ និង​ការ​ដុត​សម្លាប់​ស្រ្តី​ម្នាក់​ដោយ​ហ្វូង​មនុស្ស​ ដែល​ស្រ្តី​រួប​នោះ​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​ការបំផ្លាញ​គម្ពីរ​សាសនា​មូស្លីម​ បាន​បង្ហាញ​ថា​ជន​រងគ្រោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ខុស​ឆ្គង។​ ហេតុការណ៍នេះបាន​កើត​ឡើង​នៅ​មុខ​ប៉ូលិស​ និង​បាន​ធ្វើ​ឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​អាហ្វហ្គានីស្ថាន​មាន​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ ហើយ​បាន​សន្យា​ថា​នឹង​ធ្វើ​បាតុកម្ម​តវ៉ា​រហូត​ទាល់​តែ​រដ្ឋាភិបាល​ដាក់​ទោសទណ្ឌ​ជន​ដៃដល់តាម​ផ្លូវ​ច្បាប់​។

ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថាន​ និង​សាច់​ញាតិ​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​តាមឈ្មោះ​ថា​ Farkhunda អាយុ​២៧​ឆ្នាំ។ សាក​សព​របស់​នាង​ត្រូវ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ផ្នូរ​ក្រុង​កាប៊ុល​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ​ ដែល​ចូល​រួម​ដោយ​មនុស្ស​រាប់​រយ​នាក់​ដែល​បាន​ស្រែក​ថា «យើង​ត្រូវ​ការ​យុត្តិធម៌»។

សកម្មជន​សិទ្ធិ​ស្រ្តី​បាន​សែង​កា្ត​មឈូស​របស់​ Farkhunda ទៅ​ផ្នូរ​របស់​នាង។ នេះ​ជា​សកម្មភាព​មួយ​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ប្រកប​ដោយ​ភាពអភិរក្ស​និយម​មិន​ធ្លាប់​ដែល​ជួប​ប្រទះ​ពី​មុន​មក។​

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់​ដោយ​មនុស្ស​ប្រុស​មួយ​ក្រុម​នៅ​ក្នុង​រដ្ឋធានីប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន។ សាកសព​របស់ Farkhunda ក្រោយ​មក​ត្រូវ​បាន​គេ​ដុត​មុន​ពេល​បោះ​ចូល​ទៅ​ក្នុង​ទន្លេ​កាប៊ុល។ វីដេអូ​ខ្លី​តាម​រយៈ​ទូរសព្ទ​ ដែល​ត្រូវ​បានផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បង្ហាញ​ថា ​ប៉ូលិស​មិន​បាន​ធ្វើ​អ្វី​ដើម្បី​រារាំង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នោះ​ទេ។​

សមាជិក​សភា​អាហ្វហ្គានីស្ថាន​លោកស្រី​ Farkhunda Zabra Nadari និយាយ​ទៅ​កាន់​អ្នក​ព័ត៌មាន​បន្ទាប់​ពី​ចូល​រួម​ពិធី​បុណ្យ​សព​នោះ។

លោកស្រី​បានរិះ​គន់​មន្រ្តី​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​ ដែល​ពិត​ជា​មិន​មាន​សមត្ថភាព​ មិន​មាន​លក្ខណៈអាជីព​ និង​ប្រកប​ដោយ​ភាព​ឃោរឃៅ។ លោកស្រី​បាន​បន្ត​ថា ​ប្រសិន​បើ​ពួកគេ​មិន​អាច​គ្រប់គ្រង​ក្រុម​មនុស្ស​នោះ​បាន​ ពួកគេ​គួរ​ណាស់​តែ​ស្នើ​សុំ​ឲ្យ​ប៉ូលិស​ផ្សេងៗ​ទៀត​នៅ​ក្នុង​រដ្ឋធានី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។

ប្រធានាធិបតី Ashraf Ghani ភា្លមៗ​នោះ​បាន​ថ្កោល​ទោស​ការ​សម្លាប់​ Furkhunda ជា​ «ការ​វាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​ជា​ទី​បំផុត» ហើយ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ក្នុង​ទ្រង់ទ្រាយ​ធំ។

ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​នោះ។ Sediq Sediqi អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វីអូអេ​ថា ​វិធានការ​នានាក៏​ត្រូវ​បាន​ចាត់​ឡើង​ប្រឆាំង​នឹង​ក្រុមមន្រ្តី​ប៉ូលិស​នៅ​តំបន់​នោះ​ផង​ដែរ​ដើម្បី​ពង្រីក​ការ​ស៊ើបអង្កេត។

«ក្រសួង​មហាផ្ទៃ​បាន​ព្យួរ​ការងារ​របស់​មន្រ្តី​ប៉ូលិស​ចំនួន​១៣នាក់​ ដែល​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ ដើម្បី​ធ្វើ​ឲ្យ​បា្រកដ​ថា​ ពួកគេ​ដឹង​ថា​មានវិធានការ​ស្រាប់​ដើម្បី​ការពារ​ស្រ្តី Furkhunda ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​មនុស្ស​ ហើយ​ពួកគេ​នឹង​ត្រូវ​រង​ការ​ចោទ​សួរ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ»។

ការ​វាយ​ប្រហារ​ទៅ​លើ​នាង​ Farkhunda កើត​ឡើង​ដោយ​សារ​បព្វជិត​ម្នាក់​បាន​ចោទ​ប្រកាន់​ថា​នាង​បាន​ដុត​គម្ពីរ​ Quran មួយ​ក្បាល។

ប៉ុន្តែ​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​ដក​ស្រង់​សម្តី​របស់​គ្រួសារ​របស់​នាង​ដោយ​និយាយ​ថា​នាង​ បាន​ប្រឈម​មុខ​គ្នា​ជាមួយ​នឹង​បព្វជិត​ម្នាក់​នោះ​អំពី​ការ​ដឹកនាំ​មនុស្ស​ឲ្យ​មាន​ជំនឿ​សាសនា​ខុសតាមរយៈ​ ការ​ចែក​ចាយ​នូវ​បន្តោង​ដើម្បី​ការពារពី​បិសាច​ ​និង​នាំ​មក​នូវ​សំណាង​ល្អ។

ពួកគេ​បាន​បន្ត​ថា​ បន្ទាប់​មកបព្វជិត​នោះ​ចោទ​ប្រកាន់​ Furkhunda ថា​បាន​ដុត​គម្ពីរ​ Quran ហើយ​បាន​អំពាវនាវ​ឲ្យ​មនុស្សម្នា​ដាក់​ទណ្ឌកម្ម​លើ​រូប​នាង​ដែល​បាន​ធ្វើ​ឲ្យគម្ពីរ​នោះ​បាត់​តម្លៃ។ ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​ ព្រម​ជាមួយ​នឹងមេដឹកនាំ​សាសនា​ព្យាយាម​ពន្យល់​ពី​ហេតុផល​នៃ​អំពើ​ហិង្សា​នោះ។

ក៏​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ Mohammad Zahir ប្រធាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ក្រុង​កាប៊ុល​និយាយ​ថា​ ការ​ស៊ើបអង្កេត​ជា​បឋមមិន​បាន​រក​ឃើញ​ភស្តុតាង​ដែល​គាំទ្រ​ការ​ចោទប្រកាន់​ទៅ​លើ​ Farkhunda នោះ​ទេ។

គ្រួសារ​របស់​ជន​រងគ្រោះ​បដិសេធ​របាយការណ៍​ដែល​មិន​មាន​មូលដ្ឋាន​ពេញលេញនានា​ ដែល​និយាយ​ថា​នាង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ដោយលើកឡើង​ថា​ នាង​ជិត​នឹង​បញ្ចប់​ការ​សិក្សា​ផ្នែក​សាសនាដើម្បី​ធ្វើ​ជា​គ្រូ​បង្រៀន​សាសនា​អ៊ីស្លាម​មួយ​រូប។

អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្លាប់​នេះ​ ដោយ​និយាយ​ថា​ ការ​កើន​ឡើង​ជា​បន្តបន្ទាប់​នៃ​ការ​វាយ​ប្រហារ​លើ​ស្រ្តី​និង​កុមារី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ក្លាយ​ជា​ប្រភព​នៃ​ក្តី​បារម្ភ​ចម្បង​មួយ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG