ក្រុមមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមជីវពលមួយក្រុមត្រួតត្រាដោយសមាជិកសំខាន់ម្នាក់នៃសភាអាហ្វហ្គានីស្ថានបានកាត់ក្បាលជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបួននាក់នៅក្នុងខេត្ត Nangarhar នាប៉ែកខាងកើតប្រទេស។
សមាជិកនៃក្រុមជីវពលនេះដែលមានស្វាមីភក្តិជាមួយលោក Zahir Qadir អនុប្រធានសភា បានប្រយុទ្ធប្រឆាំងនឹងក្រុមជនប្រដាប់អាវុធមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់នោះជាច្រើនសប្តាហ៍មកហើយ។
កាលពីពេលថ្មីៗនេះ ក្រុមយុទ្ធជនរដ្ឋឥស្លាមចាប់បានសមាជិកក្រុមជីវពលនេះបួននាក់ហើយបានកាត់ក្បាលពួកគេ ហើយការណ៍នេះបានបណ្តាលឱ្យក្រុមជីវពលទាំងនេះតបតវិញដោយសម្លាប់យុទ្ធជនរដ្ឋឥស្លាមនៅក្នុងស្រុក Achin នេះបើតាមការប្រាប់ឱ្យដឹងដោយក្រុមមន្ត្រីក្នុងមូលដ្ឋាន។
កាលពីពេលថ្មីៗនេះគេបានឃើញកំណើនវត្តមាននៃក្រុមយុទ្ធជនរដ្ឋឥស្លាមនៅក្នុងស្រុក Achin។
កាលពីពេលថ្មីៗនេះក្រុមរដ្ឋឥស្លាមបានបើកការផ្សាយវិទ្យុ FM មួយនៅក្នុងខេត្ត Nangarhar ដោយផ្សាយយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃដើម្បីទាក់ទាញទឹកចិត្តក្រុមយុវជនអាហ្វហ្គានីស្ថានដែលគ្មានការងារធ្វើ។
ក៏ប៉ុន្តែកាលពីសប្តាហ៍មុនអាជ្ញាធរក្នុងមូលដ្ឋានបានអះអាងថាពួកគេបានរាំងខ្ទប់ការផ្សាយរបស់ «វិទ្យុ Sadai Khilafat» ដែលប្រែថាវិទ្យុសំឡេង Caliphate ដែលបានផ្សព្វផ្សាយការឃោសនារបស់ក្រុមរដ្ឋឥស្លាម។
ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកួតប្រជែងជាមួយក្រុមបះបោរតាលីបង់ហើយមានការប៉ះទង្គិចគ្នាដ៏ប្រល័យរវាងក្រុមទាំងពីរនោះកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕