ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ ចេញ​ក្រឹត្យ​ថ្មី​រឹតត្បិត​សេរីភាព​ព័ត៌មាន


តូបលក់កាសែតមួយនៅក្នុង​ទីក្រុង​ហាណូយ​។​
តូបលក់កាសែតមួយនៅក្នុង​ទីក្រុង​ហាណូយ​។​

ក្រឹត្យ​ថ្មី​មួយ​បាន​ចូល​ជា​ធរមាន​ដោយ​ផ្តល់​ឱ្យ​អាជ្ញាធរ​វៀតណាម​នូវ​អំណាច​ច្រើន​ជាងមុន​ដើម្បី​រឹតត្បិត​សេរីភាព​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ក្រឹត្យ​ថ្មី​មួយ​ក្នុង​ប្រទេស​វៀតណាម​បាន​ដាក់​កំហិត​បទបញ្ញត្តិ​ថ្មីៗ​មិន​ច្បាស់លាស់​លើ​ពួក​អ្នកកាសែត​និង​ពួក​អ្នកសរសេរ​អត្ថបទ​ចុះផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត (Internet) ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ការពិបាក​ជាងមុន​ក្នុង​ការធ្វើ​កិច្ចការ​របស់​ពួកគេ។

ក្រឹត្យ​នេះ​ដែល​ចូល​ជាធរមាន​កាលពី​ថ្ងៃសុក្រ​ កំណត់​ការបង់ពិន័យ​រហូត​ដល់​១.០០០​ដុល្លារ​សម្រាប់​អ្នកនិពន្ធ​និង​បណ្ណាធិការ​ទាំងទ្បាយ​ណា​ដែល​មិន​ប្រាប់​ឱ្យ​ដឹង​ប្រភព​ព័ត៌មាន​ ហើយ​កំណត់​ការបង់​ពិន័យ​រហូត​ដល់​២.០០០​ដុល្លារ​សម្រាប់​ជនទាំងទ្បាយ​ណា​ដែល​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ការអនុញ្ញាត។

លោក​ Phil​ Robertson​ ជា​នាយករង​ផ្នែកអាស៊ី​នៃ​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស (Human​ Rights​ Watch)។ ​លោក​និយាយ​ថា​ក្រឹត្យ​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ដែល​កំពុង​មាន​ធ្វើ​ដោយ​រដ្ឋាភិបាល​វៀតណាម​ប្រឆាំង​នឹង​សេរីភាព​ខាង​ការនិយាយស្តី​បញ្ចេញ​មតិ​ ពួកជំទាស់​ខាងនយោបាយ​និង​ការប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត។

«វិស័យ​សារព័ត៌មាន​បញ្ចូល​របៀបថ្មីៗ​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម​ ដោយមាន​មនុស្ស​បើកកកាយ​រឿងពុករលួយ​មាន​មនុស្ស​បើកកកាយ​រឿងរំលោភបំពាន​ ក៏ប៉ុន្តែ​ទីបំផុត​ការណ៍​នេះ​ជាច្រើន​នឹង​ថមថយ​ នឹង​រលាយ ​ប្រសិន​បើ​អ្នកផ្តល់​ព័ត៌មាន​ពិតជា​ត្រូវការ​បញ្ចេញ​ឈ្មោះ​ក្នុង​អត្ថបទ»។

លោក​ Robertson​ និយាយថា​ក្រឹត្យ​នេះ​ជា​បញ្ហា​ មួយ​ផ្នែក​ ដោយសារ​វា​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​វៀតណាម​ត្រួតពិនិត្យ​ចាប់ពិរុទ្ធ​ព័ត៌មាន​នៅក្រោម​លេស​នៃ​ការថែរក្សា​សន្តិសុខ​ជាតិ។

“អ្វី​ដែល​យើង​ឃើញ​ច្បាស់លាស់​ខ្លាំង​ណាស់​គឺ​រដ្ឋាភិបាល​វៀតណាម​កំពុង​ឆ្លើយតប​ក្នុង​វិធី​អវិជ្ជមាន​មួយ​ដល់​សេរីភាព​ធំ​ជាងមុន​ខាង​គមនាគមន៍​និង​ការផ្តល់​ព័ត៌មាន​ដែល​បណ្តាញ​អ៊ីនថឺណិត​ផ្តល់​ឱ្យ»។

ដោយ​បាន​ត្រូវ​ទាក់ទង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃសុក្រ​ អ្នកនិពន្ធ​វៀតណាម​ល្បីឈ្មោះ​ម្នាក់​បាន​និយាយ​ថា​ក្រឹត្យ​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​អ្នកកាសែត​ញញើត​មិនហ៊ាន​រាយការណ៍​អំពី​អំពើ​ពុករលួយ​ក្នុង​ប្រទេស​វៀតណាម។

អ្នកនិពន្ធ​រូប​នេះ​ថ្លែង​ថា​ក្រឹត្យ​នេះ​ផ្ទុយ​ពី​ច្បាប់​កាសែត​កាល​ពី​ឆ្នាំ​១៩៩០​នៃ​ប្រទេស​វៀតណាម​ ដែល​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​អនុញ្ញាត​ឱ្យ​ពួក​អ្នកកាសែត​មានសិទ្ធិ​មិនប្រាប់​ឈ្មោះ​ពួកមនុស្ស​ដែល​ផ្តល់​ព័ត៌មាន​ឱ្យ​ពួកគេ។

លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន តាន់ដុង (Nguyen ​Tan​ Dung)​ បានចុះ​ហត្ថលេខា​លើ​ក្រឹត្យ​នេះ​កាលពី​ថ្ងៃទី​៦​ ខែមករា​ តែ​ប៉ុន្មាន​ថ្ងៃ​មុន​គណបក្ស​កុម្មុយនីស្ត​គ្រប់គ្រង​ប្រទេស​បាន​បោះឆ្នោត​ជ្រើសរើស​ពួក​មេដឹកនាំ​នៅ​ក្នុង​សមាជ​៥ឆ្នាំ​ម្តង​របស់​គណបក្ស​នេះ។

នៅមុន​សមាជ​នេះ​ អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​ពួកអ្នកសរសេរ​អត្ថបទ​ចុះផ្សាយ​តាម​បណ្តាញ​អ៊ីនថឺណិត​និង​ពួកសកម្មជន​នៅ​ក្នុង​ការប៉ុនប៉ង​មួយ​ដើម្បី​បិទ​មាត់​ពួក​អ្នកប្រឆាំង។​ គណៈកម្មាធិការ​ការពារ​ក្រុមអ្នកកាសែត​ក្នុង​បូរី​ New ​York ​និយាយ​ថា​យ៉ាងតិចណាស់​មាន​អ្នកកាសែត​៥​នាក់​ដែល​សរសេរ​អត្ថបទ​ចុះផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចោទប្រកាន់​ថា​ «ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​នឹង​រដ្ឋ»​ និង​ «រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ»។

កាលពី​ឆ្នាំ២០០៩​ ក្រុម​នេះ​បាន​ចាត់ទុក​ប្រទេស​វៀតណាម​ថា​ជា​ប្រទេស​អាក្រក់​បំផុត​ទី៦​ក្នុង​ពិភពលោក​សម្រាប់​ពួកអ្នកសរសេរ​អត្ថបទ​ចុះ​ផ្សាយ​តាមបណ្តាញ​អ៊ីនធឺណិត។​ ប្រទេស​ភូមា​ជា​ប្រទេស​អាក្រក់​បំផុត​ហើយ​បន្ទាប់​មក​មាន​ប្រទេស​ អ៊ីរ៉ង់ ស៊ីរី គុយបា និង​ អារ៉ាប៊ី សាអូឌី៕

ប្រែ​សម្រួល​ដោយ ​ឈឹម ​សុមេធ

XS
SM
MD
LG