ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រកឃើញថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផង កំពុងជួបវិបត្តិក្នុងការជ្រើសរើសនិងរក្សាទុកគ្រូបង្រៀនដែលមានសមត្ថភាព ដើម្បីសម្រេចបានការអប់រំនៅកម្រិតថ្នាក់បឋម និងមធ្យមសិក្សាជាសកលក្នុងឆ្នាំ ២០៣០។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ បង្ហាញថា ប្រទេសកំពុងអភិវឌ្ឍត្រូវពឹងផ្អែកលើធនធានមនុស្សដើម្បីអាចទទួលបានការអប់រំប្រកបដោយភាពទូលំទូលាយ និងគុណភាព ប៉ុន្តែប្រទេសទាំងនោះប្រឈមនឹងកង្វះគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម (STEM)។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងក្នុងន័យដើមថា៖ «ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ីនិងប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិយ៉ាងខ្លាំងក្នុងការជ្រើសរើស និងរក្សាទុកគ្រូបង្រៀន។ ប្រសិនបើតំបន់ចង់បន្តរីកចម្រើនប្រកបដោយវិបុលភាព គុណភាពអប់រំ គឺជាមូលដ្ឋានគ្រឹះដើម្បីជួយប្រទេសក្នុងតំបន់ធ្វើអន្តរកម្មពីទីតាំងផលិតកម្មទៅមជ្ឈមណ្ឌលចំណេះដឹង និងបច្ចេកវិទ្យា។ យើងត្រូវការជ្រើសរើសគ្រូបង្រៀនថ្មីចំនួន ៦៩ លាននាក់ ដើម្បីសម្រេចបានការអប់រំបឋម និងមធ្យមសិក្សាជាសកលនៅឆ្នាំ ២០៣០»។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានប្រាប់វីអូអេកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា គុណភាពគ្រូបង្រៀនជាកត្តាសំខាន់បំផុតដែលអាចជះឥទ្ធិពលលើសមិទ្ធផលសិក្សារបស់សិស្ស។ អ្នកស្រីថា បើតាមការស្រាវជ្រាវ គ្រូបង្រៀននៅកម្ពុជាភាគច្រើនមិនចង់ទៅបង្រៀននៅខេត្ត ដោយសារកង្វះសេវាកម្មសុខាភិបាល សម្ភារៈសិក្សា សុវត្ថិភាព។ កត្តាទាំងអស់នេះបានក្លាយជាមូលហេតុដែលធ្វើឱ្យសាលារៀតននៅតាមបណ្ដាខេត្តដាច់ស្រយាលខ្វះគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តនៅកម្រិតមធ្យមសិក្សារដ្ឋ។
អ្នកស្រីបានបញ្ជាក់តាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «នេះគឺជាបញ្ហាទូទៅដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងជួបប្រទះ។ វិជ្ជាជីវៈក្រៅពីការបង្រៀនផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់គួរសម និងមានអាជីពច្បាស់លាស់ ដែលធ្វើឱ្យមានការលំបាកក្នុងការទាក់ទាញសិស្សដែលបានបញ្ចប់ថ្នាក់អនុវិទ្យាល័យកម្រិតខ្ពស់មកដាក់ពាក្យធ្វើជាគ្រូបង្រៀន។ បញ្ហាលំបាកដូចគ្នាដែរនោះ គឺការរក្សាគ្រូដែលមានសមត្ថភាព និងគុណភាពខ្ពស់ នៅពេលដែលឱកាសការងារផ្សេងទៀតអាចរកបានយ៉ាងងាយស្រួល ជាពិសេសគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)»។
នៅឆ្នាំ ២០២១ កម្ពុជាមានគ្រូបង្រៀនចំនួន ៦៤.៤៦% ដែលមិនមានសញ្ញាបត្របរិញ្ញាបត្រ ហើយប្រហែល ១ភាគ៤ នៃគ្រូបង្រៀនកម្រិតថ្នាក់បឋមសិក្សា និងជិតពាក់កណ្តាលនៃគ្រូបង្រៀនកម្រិតមធ្យមសិក្សាមិនមានគុណវុឌ្ឍិស្របតាមស្តង់ដារគ្រូបង្រៀន។ នេះបើតាមផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡា។
អ្នកស្រី ទ្រី វ៉ិច នាយិការងវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់វីអូអេនៅថ្ងៃពុធថា បច្ចុប្បន្ននេះ មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កំពុងត្រូវបានបញ្ជ្រាបតាមសាលារៀនមួយចំនួន ស្របពេលដែលការសិក្សា និងយល់ដឹងរបស់គ្រូបង្រៀន និងសិស្សលើជំនាញទាំងនេះមានកម្រិតនៅឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ការសិក្សារបស់យើងវាអត់ចាញ់គេទេ គ្រាន់តែថាការអនុវត្តវាមិនទាន់បាន ១០០% អាហ្នឹងទី ១។ ទី ២ វានៅខ្វះការត្រួតពិនិត្យ និងធនធានដើម្បីទៅជួយដល់កន្លែងដែលជួបការលំបាកខ្លះ ឱ្យជាអចិន្ត្រៃយ៍ដោយសារយើងឃើញថា ទោះបីថាមានអ្នកស្រលាញ់គ្រូ ចូល [ធ្វើ] គ្រូហើយ ក៏នៅតែខ្វះធនធានដើម្បីជួយដែរ ពីព្រោះធនធានយើងនៅមានកម្រិត»។
អ្នកស្រី ណាន់ សឿម គ្រូបង្រៀននៅសាលាបឋមសិក្សាតឺន ក្នុងខេត្តរតនគិរី បានប្រាប់វីអូអេថា អ្នកស្រីប្រឡងចូលធ្វើគ្រូបង្រៀននៅអំឡុងឆ្នាំ ២០១៥ ក្រោយបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម។ អ្នកស្រីថា ជំនាន់នោះមិនសូវមានអ្នកចង់ធ្វើគ្រូបង្រៀននោះទេ ដោយសារតែប្រាក់បៀវត្ស៍ទាប។
អ្នកស្រីបញ្ជាក់ថា៖ «នៅពេលដែលខ្ញុំប្រឡងជាប់ត្រឹមឌីប្លូមភ្លាម ល្មមគេជ្រើសរើសដែរទៅ ខ្ញុំក៏ដាក់ពាក្យប្រឡងដោយអត់មានជាបញ្ហាអីដែរ គ្រាន់តែពេលហ្នឹងយើងខ្វះខាតថវិកាតិចតួច ពេលយើងទៅរៀនត។ ប៉ុន្តែបើបញ្ហាប្រឡងប្រឈមអី ដូចអត់មានទេកាលជំនាន់ខ្ញុំ ដោយសារកាលហ្នុង អត់សូវមានគូប្រកួតប្រជែងអីច្រើន អ៊ីចឹងទៅយើងអាចមានឱកាសបានជាប់ទៅ»។
គ្រូបង្រៀនថ្នាក់បឋមរូបនេះបន្ថែមថា អ្នកស្រីចង់ឱ្យក្រសួងអប់រំរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពគ្រូបង្រៀន និងពង្រឹងវិន័យទាំងគ្រូបង្រៀន និងសិស្ស។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា តែមិនមានការឆ្លើយតប។
នៅក្នុងផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០ យុទ្ធសាស្រ្តចំនួនបួនត្រូវបានកំណត់ឡើង ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍគ្រូបង្រៀនដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់លទ្ធភាពដល់គ្រូបង្រៀនទទួលបានសិទ្ធិអំណាច និងការគាំទ្រដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពនៅក្នុងសាលារៀន និងធ្វើឱ្យគ្រូកាន់តែមានទឹកចិត្តខ្ពស់ក្នុងការប្រកបការងារ។ យុទ្ធសាស្រ្តទាំងបួននោះមានដូចជា ការគ្រប់គ្រងគ្រូបង្រៀន បរិវត្តកម្មភាពជាអ្នកដឹកនាំ ការអប់រំគ្រូបង្រៀន និងអត្តសញ្ញាណ និងការអភិវឌ្ឍគ្រូបង្រៀន៕
វេទិកាបញ្ចេញមតិ