អ្នកជំនាញសិទ្ធិពលករ និងតំណាងពលករធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវិធី ដើម្បីជួយសម្រួលឱ្យពលករដែលបានចុះឈ្មោះ ហើយបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។
អ្នកជំនាញយល់ថា ក្នុងចំណោមពលករជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ គឺអាចនឹងបាត់បង់ឱកាសបោះឆ្នោតស្ទើតែទាំងអស់ ដោយមានតែពលករចំនួនតិចតួចទេ នឹងអាចមកបោះឆ្នោតបានបើសិនជាមិនមានអន្តរាគមន៍ទាន់ពេល។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការងារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានបញ្ជាក់ប្រាប់កម្មវិធី Hello VOA ថាលោកមិនទាន់មានឃើញមានការសម្របសម្រួលឱ្យពលករខ្មែរ បានមកបោះឆ្នោតនៅឡើយទេ។
លោកបន្ថែមថា៖ «អ្នកដែលបានចុះឈ្មោះហើយក៏មិនប្រាកដជាបានមកបោះឆ្នោតដែរ ដោយសារតែមានហេតុផលពេលវេលាគាត់ធ្វើការបើគាត់មកគេកាត់ប្រាក់ខែ។ គេបញ្ឈប់គាត់។ ហើយមួយទៀត គាត់មានបទពិសោធន៍កាលពីគាត់មកចុះឈ្មោះបោះឆ្នោតម្តង គឺមានការគំរាមកំហែងពីអាជ្ញាធរតាមបណ្តាជាយដែនកន្លងមក ដូចជាមានការចាប់គាត់ជាដើម។ អ្នកមួយចំនួនគាត់មានការភ័យ»។
លោក ហូយ៉ា ស្នើថា គួរតែមានការស្នើសុំឱ្យនិយោជកថៃយល់ព្រមឱ្យពលករឈប់សម្រាកបីថ្ងៃ ដោយមិនកាត់ប្រាក់ មានការលើកលែងទិដ្ឋាការចេញចូល សម្របសម្រួលច្រកចេញចូលឱ្យបានឆាប់រហ័ស និងណែនាំកុំឱ្យដំឡើងតម្លៃក្នុងការធ្វើដំណើរ។
លោក អោ សម្បត្តិ មេការមួយរូបនៅក្នុងរោងចក្រសាច់មាន់នៅក្នុងខេត្តឈុន បូរីប្រទេសថៃ បញ្ជាក់ថា ក្នុងចំណោមកម្មករខ្មែរចំនួន៣.៧០០នាក់ដែលធ្វើការនៅទីនោះ គឺមានតែ៥០០នាក់ទេ ដែលបានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែចំនួនអ្នកទៅបោះឆ្នោតអាចនឹងតិចជាងនេះ។
លោក សម្បត្តិ អំពាវនាវសុំឱ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមការស្នើសុំរបស់អង្គការសង់ត្រាល់។
លោកបន្ថែមទៀតថា៖ «នៅពេលដែលពលករទៅដល់ជាយដែនគ្រប់ច្រកណាក៏ដោយ សូមឱ្យសមត្ថកិច្ច ឬក៏ប៉ូលិស ឬក៏អ្នកដែលមានតួនាទីទាំងឡាយ កុំធ្វើឱ្យគ្នាខ្លាចថា ទៅបោះឆ្នោតគេស្គាល់ឈ្មោះ ហើយធ្វើយ៉ាងនេះ ឬយ៉ាងនោះហើយទៅបោះឆ្នោត គឺអត់ឃើញមានឈ្មោះ ហើយកាលពីទៅចុះឈ្មោះគេសួរថា មកពីណាពីណី គឺគេនិយាយដាក់យើងមិនសមរម្យ»។
មានពលករខ្មែរជាងមួយលាននាក់កំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកជំនាញវាយតម្លៃថា ចំនួនអ្នកដែលបានមកចុះឈ្មោះបោះឆ្នោតគឺមិនដល់២ភាគរយផង៕