ក្រុមសកម្មជន និងមន្រ្តីរដ្ឋាភិបាលបានប្រមូលផ្តុំនៅទីក្រុងហាណូយកាលពីថ្ងៃសុក្រ ទី១០ ខែមេសា ដើម្បីពិភាក្សាលើជំហានបន្ទាប់ក្នុងការដោះស្រាយបញ្ហាប្រមាញ់ស្នែងរមាស នៅស្របពេលការប្រមាញ់មិនបានបង្ហាញនូវភាពស្រាកស្រាន្ត។
ឆ្នាំ ២០១៤ គឺជាឆ្នាំសំខាន់មួយសម្រាប់សត្វរមាសដែលនៅសេសសល់នៅតំបន់អាហ្វ្រិក។ ចំនួនសត្វរមាសជាកំណត់ត្រាដ៏ខ្ពស់បំផុតគឺ ១.២១៥ក្បាល ត្រូវបានសម្លាប់ដើម្បីយកស្នែង ដែលនេះស្មើនិង១០ដងនៃចំនួនរមាសដែលត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០០៩។ កាលពីឆ្នាំមុន គេបានឃើញការបណ្តាក់ទុនយ៉ាងធំបំផុតចំនួន ៤០លានដុល្លារទៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងការប្រមាញ់ខុសច្បាប់ ហើយថវិកានោះត្រូវបានប្រើសម្រាប់ទិញឧទ្ធម្ភាគចក្របច្ចេកវិទ្យាខ្ពស់ និងគ្រឿងប្រដាប់សម្រាប់មើលពេលយប់។
នេះក៏ជាឆ្នាំដំបូងនៃយុទ្ធនាការរយៈពេលបីឆ្នាំ ដឹកនាំដោយអង្គការអភិរក្ស WildAid ដើម្បីកាត់បន្ថយតម្រូវការស្នែងរមាសនៅប្រទេសវៀតណាម ដែលជាប្រទេសមួយដូចទៅនឹងប្រទេសចិន ដែលកំពុងជំរុញការវិនាសដល់ពូជសត្វរមាសទាំងនោះ ដោយសារជំនឿថា ស្នែងដែលត្រូវបានផ្សំឡើងពីប្រូតេអ៊ីនកេរ៉ាទីន (Keratin) មានសរសៃ អាចព្យាបាលជំងឺបានច្រើនមុខ ដែលមានចាប់ពីភាពធីងធោងក្រោយសេពគ្រឿងស្រវឹង រហូតដល់ជំងឺមហារីក។
នៅក្នុងពិធីមួយ ដែលមានប្រកបទៅដោយតារាល្បីៗ និងតំណាងពីរដ្ឋាភិបាលនៅក្នុងរដ្ឋធានី ក្រុមសកម្មជនបានធ្វើការពិភាក្សាអំពីរបៀបនៅក្នុងការបង្វែរនិន្នាការនោះមកវិញ។ លោកស្រី Hong Hoang នាយិកាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយហៅថា «Change» បាននិយាយថា លោកស្រីមានក្តីសង្ឃឹមថា ការប្រើតារាចម្រៀង និងតារាសម្តែងល្បីៗ អាចមានប្រសិទ្ធភាពនៅក្នុងការផ្សព្វផ្សាយសារ «បញ្ឈប់ការទិញ បញ្ឈប់ការសម្លាប់» ទៅដល់ក្រុមអ្នកប្រើប្រាស់។
លោកស្រីបានបន្តថា វាមានសារៈសំខាន់នៅក្នុងការផ្លាស់ប្តូរឈ្មោះប្រទេសវៀតណាម ក្នុងឋានៈជាប្រទេសទិសដៅនៃស្នែងសត្វរមាស។
ទីផ្សារទិសដៅសម្រាប់ស្នែងរមាស គឺក្រុមអ្នកជំនួញដែលរកប្រាក់ចំណួលបានច្រើនជាងប្រាំម៉ឺនដុល្លារក្នុងមួយឆ្នាំ ក្រុមមន្រ្តីរដ្ឋាភិបាល និងអ្នកដែលផឹកម្សៅស្នែងរមាសជាថ្នាំព្យាបាលភាពធីងធោងដោយសុរា។
លោកស្រី Hoang បានលើកឡើងថា សេចក្តីត្រូវការមានលើសការផ្គត់ផ្គង់ ជាមួយនឹង ៧៥ភាគរយទៅ៩០ភាគរយនៃស្នែងរមាសនៅក្នុងទីផ្សារត្រូវបានជឿថា ជាវត្ថុក្លែងក្លាយ។
ជាមួយគ្នានេះ នៅក្នុងចំណោមមនុស្ស៤០០នាក់ដែលត្រូវបានសម្ភាសន៍នៅក្នុងការស្ទង់មតិ ដែលត្រូវបានដឹកនាំដោយអង្គការ WildAid នៅចុងឆ្នាំ ២០១៤ គ្មាននរណាម្នាក់បានសារភាពថា គេបានទិញស្នែងរមាសពីមុនមកទេ។
នាយកគ្រប់គ្រងអង្គការ WildAid លោក John Baker និយាយថា វាអាចថាពួកគេមិនសារភាព ឬមួយចំនួនមនុស្សដែលត្រូវបានស្ទង់មតិនោះមិនបានជ្រើសចំលើអ្នកដែលបានទិញ។
«គេមិនត្រូវការមនុស្សច្រើនទេដើម្បីទិញស្នែងរមាស១.០០០ នៅក្នុងប្រទេសមួយដែលមានប្រជាជន៩០លាននាក់។ ដូច្នេះរឿងមួយទៀត គឺយើងគិតថា មានមនុស្សច្រើនជាងនេះដែលទិញស្នែងរមាសលើសពីចំនួនដែលការស្ទង់មតិបានបង្ហាញ។ ចំនួននេះប្រហែលមិនច្រើនទេនៅក្នុងបរិបទភាគរយ ប៉ុន្តែសូម្បីតែមួយភាគរយនៃ៩០លាន ក៏ជាចំនួនដ៏ច្រើនដែរ»។
៧៥ភាគរយនៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិ ជឿថាស្នែងរមាសមានអត្ថប្រយោជន៍សម្រាប់ផ្នែកសុខភាព និងផ្នែកថ្នាំសង្កូវ ហើយ៣៧,៥ភាគរយគិតថា ស្នែងរមាសអាចព្យាបាលជំងឺមហារីក។ នៅពេលត្រូវបានប្រាប់ថា សត្វរមាសទាំងនោះត្រូវសម្លាប់ដើម្បីយកស្នែង ហើយថាសត្វទាំងនោះនឹងត្រូវផុតពួជនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ជិតពាក់កណ្តាលនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេនឹងមិនទិញស្នែងរមាសឡើយ។
ទោះបីយ៉ាងណាក៏ដោយ បញ្ហានោះ គឺមិនត្រឹមតែអំពីអ្នកដែលទិញស្នែងនោះទេ ប៉ុន្តែអំពីអ្នកដែលលក់ស្នែងទាំងនោះដែរ។ ស្នែងរមាសទម្ងន់មួយផោន ស្មើនិង ០,៤៥គីឡូក្រាម អាចមានតម្លៃរហូតដល់ជិត ៣ ម៉ឺនដុល្លារ។ ពាណិជ្ជកម្មខុសច្បាប់មួយនេះ គឺជាអាជីវកម្មដ៏ធំមួយ។
លោក Le Duc Vinh ពីក្រសួងគយវៀតណាមបាននិយាយថា ឥវិយាបថរបស់រដ្ឋាភិបាលវៀតណាម គឺច្បាស់លាស់។
លោកបានបន្តថា មន្រ្តីគយបានចាប់ខ្លួនអ្នកជួញដូរមួយចំនួនធំ។ លោកនាយករដ្ឋមន្រ្តី Ngyuen Tan Dung បានចេញច្បាប់បញ្ជាមួយនៅក្នុងឆ្នាំ២០១៤ ដើម្បីការពារសត្វព្រៃ និងកំពុងបង្វឹក សុនខហិតក្លិនចំនួនពីរក្បាល ដើម្បីអាចកំណត់បាននូវផលិតផលសត្វព្រៃនៅកំពង់ផែ Hai Phong នៅក្នុងខែកញ្ញា។
លោក Baker នៃអង្គការ WildAid បាននិយាយថា លោកសង្ឃឹមថា ច្បាប់នោះនឹងត្រូវពន្យារបន្ថែមនៅក្នុងពេលឆាប់ៗនេះ។
«យើងសង្ឃឹមថា ប្រសិនបើពួកគេមានភាពប្រាកដប្រជាមែន នោះពួកគេនឹងអនុញ្ញាតឲ្យយើងចាត់វិធានការនៅក្នុងចំណតយន្តហោះធំៗចំនួនពីរ។ មកទល់ពេលនេះ ពួកគេចង់ឲ្យធ្វើគម្រោងសាកល្បងនៅកំពង់ផែ Hai Phong។ ខ្ញុំគិតថា យើងត្រូវការធ្វើដូចនេះនៅក្នុងចំណតយន្តហោះចំនួនពីរ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ បន្ទាប់មកគោលដៅមួយផ្សេងទៀតគឺ ការចែករំលែកព័ត៌មាន ការបង្ហាញរូបថតផ្សេងៗនៅក្នុងសារព័ត៌មានឲ្យឃើញថា មានការចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងការជួញដូរស្នែងរមាស»។
លោកបានបន្តថា មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីបញ្ឈប់ការជួញដូរ។
«អ្នកនឹងឃើញមានការប្រែប្រួល ប្រសិនបើមានការកាត់ទោស ប្រសិនបើមានការចាប់ខ្លួនកាន់តែច្រើន ក៏ដូចជាការរឹបអូសយកស្នែងរមាសដែលត្រូវជួញដូរកាន់តែច្រើនឡើង ប៉ុន្តែយើងមិនឃើញមានរបាយការណ៍អំពីរឿងនេះច្រើនទេ។ ដូចនេះ ខ្ញុំគិតថា គេអាចធ្វើកិច្ចប្រឹងប្រែងអនុវត្តច្បាប់ឲ្យបានខ្លាំងជាងនេះទៀត»។
លោកក៏បានលើកឡើងផងដែរថា ឥឡូវនេះវាអាស្រ័យទៅលើការដែលរដ្ឋាភិបាលនឹងអនុវត្តនូវច្បាប់នោះ ហើយលើកកម្ពស់ប្រវត្តិរបស់ខ្លួននៅក្នុងការអនុម័តច្បាប់»៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា