ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt បានថ្លែងថា អាមេរិកបានដាក់បញ្ហាបោសសម្អាតមីននៅកម្ពុជាជាអាទិភាពចម្បង បើទោះជាគម្រោងថវិកាជួយដោះមីននៅកម្ពុជាមិនទាន់ច្បាស់នៅឡើយ ខណៈប្រទេសមហាអំណាចមួយនេះទើបតែមានការផ្លាស់ប្តូររដ្ឋបាលថ្មី។
លោកឯកអគ្គរដ្ឋទូតបានថ្លែងបែបនេះ ខណៈលោកបានទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រនេះ។
នៅក្នុងសន្និសីទកាសែតមួយ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីនោះ លោក William A. Heidt បានថ្លែងថា ការរាវរកមីន និងការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអាមេរិក។ លោកបន្តថា សហរដ្ឋអាមេរិកក៏គាំទ្រគោលដៅរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងមុតមាំ ដើម្បីសម្អាតមីនប្រឆាំងនឹងមនុស្សឲ្យអស់ ឲ្យបានមុនឆ្នាំ២០២៥។
លោកមានប្រសាសន៍ជាភាសាខ្មែរថា៖ «ខ្ញុំមានមោទនភាពដែលសហរដ្ឋអាមេរិកជាដៃគូដ៏ធំរបស់កម្ពុជាជាយូរឆ្នាំមកហើយ ក្នុងការសម្អាតគ្រាប់មីន និងគ្រាប់មីនមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។ ដើម្បីសម្រេចគោលដៅនោះ ទាមទារឲ្យយើងមានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋាភិបាល និងដៃគូទាំងអស់។ អីចឹងហើយជាមូលហេតុចម្បងដែលខ្ញុំបានមកទីនេះ ថ្ងៃនេះ»។
លោកបញ្ជាក់បន្ថែមថា៖ «តាមយោបល់ខ្ញុំ ប្រជាពលរដ្ឋខ្មែរគួរតែមានមោទនភាព ដែលត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ កម្ពុជាបានក្លាយទៅជាអ្នកនាំមុខក្នុងការខិតខំប្រឹងប្រែងរាវមីនអន្តរជាតិ»។
ទោះជាយ៉ាងណា លោកឯកអគ្គរដ្ឋទូតបានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនទាន់ដឹងថា ថវិកាជំនួយឧបត្ថម្ភសម្រាប់ការដោះមីននៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំខាងមុខនេះមានចំនួនប៉ុន្មាននោះទេ ដោយសារមានការផ្លាស់ប្តូររដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖ «ដូចអ្នកទាំងអស់ដែលកំពុងតែតាមដានព័ត៌មាននៅពេលនេះ យើងមានរដ្ឋការថ្មីនៅទីក្រុងវ៉ាស៊ីនតោន ហើយពួកគេកំពុងតែរៀបចំគម្រោងថវិការបស់យើងនៅពេលនេះ។ យើងមិនមានទិន្នន័យពីថវិការបស់យើងនៅឡើយទេ។ យើងមិនដឹងថា មានរឿងអ្វីកើតឡើងទេនៅក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត»។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំដឹងថា តែងតែមានតម្រូវការថវិកាបន្ថែមទៀត។ ខ្ញុំយល់អំពីបញ្ហានេះ។ សាររបស់ខ្ញុំទៅទីក្រុងវ៉ាស៊ីនតោនគឺថា ការគាំទ្រជាមនុស្សធម៌នៃការដោះមីនគួរតែជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់របស់យើងនៅក្នុងប្រទេសកម្ពុជា»។
លោក William A. Heidt បានលើកឡើងហេតុផលបីយ៉ាងដែលធ្វើឲ្យសហរដ្ឋអាមេរិកផ្តល់ថវិកាជួយដោះមីននៅកម្ពុជា។ ហេតុផលទីមួយគឺទាក់ទងនឹងការងារមនុស្សធម៌ និងការចូលរួមចំណែកនាំឲ្យការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។ ហេតុផលទីពីរគឺដោយសារកម្ពុជាជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍លើកិច្ចការដោះមីន និងទីបី គឺតួនាទីប្រវត្តិសាស្រ្តរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ដូចដែលខ្ញុំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំថា ខ្ញុំបានដឹងយ៉ាងច្បាស់ពីប្រវត្តិសាស្រ្តរបស់យើង អំឡុងពេលសង្រ្គាមវៀតណាម ការទម្លាក់គ្រាប់បែករបស់អាមេរិក និងកេរដំណែលនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីនេះ។ អីចឹងហើយបានជាច្រើនឆ្នាំមកនេះ យើងគាំទ្រការសម្អាតមីន»។
ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាជាង១២០លានដុល្លារអាមេរិកសម្រាប់កម្មវិធីកម្ចាត់ជាតិផ្ទុះនៅកម្ពុជា ហើយបានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់បណ្តាលមកពីគ្រាប់មីន និងជួយពង្រឹងសមត្ថភាពថ្នាក់ជាតិ។ ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានចំណាយថវិកាប្រមាណ៦លានដុល្លារអាមេរិក តាមរយៈអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដើម្បីកម្ចាត់គ្រាប់មីននៅកម្ពុជា។
លោកហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ មានប្រសាសន៍ថា ជាគោលដៅសាកល រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថា នឹងបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឲ្យចប់សព្វគ្រប់ឲ្យបានមុនឆ្នាំ២០២៥។ លោកបន្តថាគ្រាប់មីនប្រឆាំងមនុស្សមាននៅក្នុងដីប្រមាណ១ពាន់គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវការថវិកាប្រមាណ៤០៦លានដុល្លារ ដើម្បីចំណាយទៅលើការបោសសម្អាតឲ្យបានមុនឆ្នាំ២០២៥។
បើតាមលោកហេង រតនា ក្នុងមួយឆ្នាំកម្ពុជាត្រូវការថវិកាជាង៤០លានដុល្លារអាមេរិក ប៉ុន្តែជំនួយបច្ចុប្បន្ននេះ នៅខ្វះចន្លោះពី៤ទៅ៦លានដុល្លារក្នុងមួយឆ្នាំ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាក៏បានដាក់គោលដៅបោសសម្អាតមីនឲ្យបានពី១២០ទៅ១៥០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំៗ។ តែឆ្នាំកន្លងទៅ ការបោសសម្អាតមីនបានធ្វើចន្លោះពី១០៦ទៅ១១០គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានទៅដល់គោលដៅនៅឡើយទេ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាបន្ថែមទៀតដើម្បីបោសសម្អាតគ្រាប់មីនដែលនៅសេសសល់។
លោកមានប្រសាសន៍ថា៖ «អីចឹងបើយើងប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ យើងនៅខ្វះពី៤ទៅ៦លានដុល្លារក្នុងមួយឆ្នាំៗ។ យើងមិនដែលធ្វើការរៃអង្គាសមូលនិធិ (Fundraising) ដែលអាចឆ្លើយតបនឹងផែនការរបស់យើងទាំងស្រុងនោះទេ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់ដៃគូទាំងអស់ ដែលមានវត្តមាននៅទីនេះ ជាពិសេសអង្គការក្រៅរដ្ឋាភិបាល ហើយនឹងដៃគូអភិវឌ្ឍន៍ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក បន្តពិចារណាក្នុងការផ្តល់ការគាំទ្រ ព្រោះមានតែកិច្ចសហប្រតិបត្តិការល្អទេ ទើបយើងអាចធានាបាននូវការរីកចម្រើនជាមួយគ្នា»។
ទោះជាយ៉ាងណា លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិកដែលបានចូលរួមចំណែកក្នុងការបោសសម្អាតគ្រាប់មីននៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ហើយពិតជាសប្បាយរីករាយដែរ ដែលបានមើលឃើញរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមក ទោះបីជំនួយនេះ នៅក្នុងកម្រិតមិនទាន់ឆ្លើយតបរបស់យើង ដែលយើងត្រូវការក៏ដោយ ប៉ុន្តែបានជួយសម្រាលនូវការលំបាកជាយ៉ាងច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងមួយចំនួនដែរ»។
បើតាមលោកហេង រតនា ប្រទេសដែលផ្តល់ជំនួយដល់កម្ពុជាក្នុងការបោសសម្អាតមីន រួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កាណាដា ន័រវ៉េ និងហូឡង់ជាដើម។
បើតាមស៊ីម៉ាក់ ក្នុងរយៈពេលជាង២០ឆ្នាំនេះ កម្ពុជាបានរុករកនិងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗបានជិត៤លានគ្រាប់ ហើយរំដោះផ្ទៃដីបានជាង១៥០០គីឡូម៉ែត្រក្រឡា។
ជាមួយការបោសសម្អាតគ្រាប់មីននេះ អត្រាគ្រោះថ្នាក់រងរបួស និងស្លាប់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានធ្លាក់ចុះពីជាង៤ពាន់ករណីក្នុងឆ្នាំ១៩៩៦ មកត្រឹមតែ៨៣ករណីប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៦៕