ភ្នាក់ងារប៉ូលិសក្រុង បាល់ទីមរម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ ដែលត្រូវជាប់ចោទក្នុងមរណភាពរបស់យុវជន Freddie Gray បានតវ៉ាថា កាំបិតដែល Gray បានកាន់ជាប់ខ្លួនជាកាំបិតខុសច្បាប់ ដូច្នេះហើយសកម្មភាពដែលភ្នាក់ងារប៉ូលិសបានធ្វើជាការស្របច្បាប់ក្នុងការចាប់ខ្លួន Freddie Gray។
មេធាវីរបស់ភ្នាក់ងារប៉ូលិសដែលត្រូវជាប់ចោទឈ្មោះ Edward Nero បានដាក់ពាក្យប្តឹងការពារក្តីទីមួយ នៅក្នុងតុលាការក្រុង បាល់ទីមរ កាលពីថ្ងៃអង្គារ ដើម្បីសុំមើលកាំបិត ដោយចង់បញ្ជាក់អំពីលក្ខណៈនៃកាំបិតនេះ។
នៅក្នុងការប្រកាសពាក្យចោទអំពីបទឧក្រិដ្ឋប្រឆាំងនឹងភ្នាក់ងារ Nero និងភ្នាក់ងារប៉ូលិស ៥ នាក់ទៀតកាលពីថ្ងៃសុក្រមុន រដ្ឋអាជ្ញាក្រុង បាល់ទីមរ បាននិយាយថា កាំបិតដែល Gray បានដាក់ក្នុងហោប៉ៅអាវ អាចអនុញ្ញាតឲ្យកាន់បាន ហើយគ្រាន់តែជាកាំបិតតូចមួយប៉ុណ្ណោះ។
ភ្នាក់ងារប៉ូលិស Nero ដែលកំពុងជិះកង់យាមល្បាតតាមផ្លូវពេលដែល Gray ត្រូវចាប់ខ្លួន ត្រូវជាប់ចោទក្នុងបទបំពារបំពានកម្រិតទីពីរ ការប្រព្រឹត្តមិនត្រឹមត្រូវ និងការឃុំមនុស្សដោយភ័ន្តច្រឡំ៕